ខេត្តព្រៃវែង៖ ស្ត្រីម្នាក់បានស្លា.ប់យ៉ាងអាណោចអធ័មបំផុត ដោយត្រូវរថយន្តស៊ីទែនដឹកហ្គាសមួយគ្រឿងបុកពីក្រោយ ហើយកិនអូសជាច្រើនម៉ែត្រ បណ្តាលអោយដាច់ខ្ទិចមួយកំណាត់ខ្លួនខាងលើខណៈពេលដែលគាត់កំពុងជិះម៉ូតូជាមួយប្តីលើដងផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៦ និង១៣នាទីព្រឹក ថ្ងៃទី១៩ កក្កដា ស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ 69- 70 លើផ្លូវជាតិលេខ8A ក្នុងភូមិ ព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក DAEWOOD ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 3B-9878 ប្រភេទស៊ីទែនដឹកហ្គាស់ បើកបរដោយឈ្មោះ ឡេង សុខុម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ។ចំណែកស្ត្រីរងគ្រោះឈ្មោះ រិន ស្រីមាន អាយុ២៦ឆ្នាំ ជិះម៉ូតូជាមួយប្តីឈ្មោះ ភាព ភណ្ឌ័ អាយុ២៨ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងភូមិ ឬស្សីធ្លោក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
យោងតាមសាក្សីពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានជែងរថយន្តមួយគ្រឿងផ្សេងទៀត មិនស្គាល់អត្តសញ្ញាណ រួចក៏ជ្រុលទៅបុក ម៉ូតូជនរងគ្រោះម៉ាក ហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-8970 ដែលកំពុងជិះនៅខាងមុខ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យបុរសជាប្តី ជាអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែកស្ត្រីជាប្រពន្ធ ត្រូវរថយន្តកិនអូសពីលើជាច្រើនម៉ែត្រ បណ្តាលអោយដាច់ខ្ទេចមួយកំណាត់ខ្លួនខាងលើ នៅសល់តែមួយកំណាត់ត្រឹមចង្កេះទៅក្រោម ហើយរថយន្តក៏បានក្រឡាប់ បះជើងដេកនៅចិញ្ចើមថ្នល់ គាំងមួយកន្លែង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់ភ្លាម និងបានវាស់វែងកន្លែងកើតហេតុ ព្រមទាំងហៅរថយន្តសាមុយ ដឹកយកជនរងគ្រោះជាប្តី ទៅព្យាបាលនៅ គ្លីនិកឯកជនខេត្តព្រៃវែង ចំពោះសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ វត្ថុតាងទាំងពីរគ្រឿង ព្រមទាំងអ្នកបើកបររថយន្ត សមត្ថកិច្ចបានឃាត់ខ្លួននាំ យកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីកសាងនីតិវិធីតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ