ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អតីត​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ម្នាក់ ក្រោយ​បន្លំ​ជា​នគរបាល​បោក​ប្រាក់​រាប់​ពាន់​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល បាន​ធ្វើការ​ឃាត់ខ្លួន​អតីត​អ្នកបើកបរ​រថយន្ត​សណ្តាប់ធ្នាប់​សាលា​ខណ្ឌដង្កោ​ម្នាក់ តាម​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល បាន​ធ្វើការ​ឃាត់ខ្លួន​អតីត​អ្នកបើកបរ​រថយន្ត​សណ្តាប់ធ្នាប់​សាលា​ខណ្ឌដង្កោ​ម្នាក់ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ដែល​បាន​ចោទប្រកាន់​ពី​បទ ក្លែងបន្លំ​ឯកសារ​សាធា​រណៈ​, ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សម្លៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ (​បន្លំ​ខ្លួន​ធ្វើ​ជា​នគរបាល​ជាតិ​)​ព្រមទាំង​រំ​លោ​.​ភលើ​ទំនុកចិត្ត ដោយ​បាន​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​អ្នក​ដទៃ​រាប់​ពាន់​ដុល្លារ​។

ការ​ឃាត់ខ្លួន​ខាងលើ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​វិហារ​សួរ ឃុំ​វិហារ​សួរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ នាង ណុ​យ ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ដោយឡែក​ជន​រង​គ្រោះ​ដែល​ត្រូវ​ចាញ់បោក​ជនសង្ស័យ​រូប​នេះ​មាន​២​នាក់ គឺ​ទី​១- ឈ្មោះ អៀ សៅ​រី ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាកាន ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ចាញ់បោក​អស់ប្រាក់​ចំនួន​៤,០០០,០០០​រៀល (​បួន​លាន​រៀល​) ជា​ថ្នូរ​នឹង​ការ​រត់ការ​ដោះ​លែង​ប្ដី ។ ទី​២- ឈ្មោះ សំ សម្បត្តិ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៧P ផ្លូវ​លេខ​៤ បុរី​លឹ​ម​ឈាង​ហាក់ ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ចាញ់បោក​ជនសង្ស័យ​រឿង​រត់ការ​ផ្ទេរកម្មសិទ្ធិ​ដី និង​ផ្ទះសម្បែង​អស់​ចំនួន​២,៤០០​ដុល្លារ​។

បើ​តាម​នគរបាល​ខណ្ឌ​ដ​ដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ជឿជាក់ រហូត​លង់ខ្លួន​ចាញ់បោក​ជនសង្ស័យ​បែប​នេះ ក៏​ព្រោះតែ​ជន​នេះ​បាន​បន្លំ​ខ្លួន​ជា​មន្ត្រី​នគរបាល ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល​ជាតិ និង​ពាក់​ស័ក្ដិ​៣​ថែម​ទៀត​ផង​។ ហើយ​កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​និង​៤០​នាទី ស្ត្រី​រង​គ្រោះ​ឈ្មោះ អៀ សៅ​រី បាន​ជិះ​រថយន្តឈ្នួល​ពី​ផ្ទះ​នៅ​ឯ​ខេត្តពោធិ៍សាត់ មក​សួរសុខទុក្ខ​ឈ្មោះ សុង វិច្ឆិកា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវជា​ប្តី​ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ឃាត់ខ្លួន​ពី​បទ​លួច ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ពេល​មក​ដល់​ភ្នំពេញ ក្រោយ​ពី​ចុះ​ពី​រថយន្ត នាង​បាន​ហៅ​កង់​បី​១​គ្រឿង​ធ្វើ​ដំណើរ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ខណៈ​ពេល​នោះ​ត្រូវ​បាន​បុរស​ដែល​ជា​អ្នក​រត់​កង់​បី​មិន​ស្គាល់ឈ្មោះ​ដែល​មាន​លេខ​ទូរស័ព្ទ​០៩៦ ៩៩ ៩៦ ២៥៥ បាន​សួរនាំ​នាង​ដឹង​រឿង ហើយ​បុរស​រូប​នោះ​ក៏​បាន​និយាយ​ប្រាប់​ជន​រង​គ្រោះ​ថា «​បើ​ចង់​ជួយ​ប្តី​ឲ្យ​ចេញ​មាន​សេរីភាព​វិញ ខ្ញុំ​ស្គាល់​នគរបាល​ម្នាក់​អាច​ជួយ​ឲ្យ​រួច​បាន គាត់​នោះ​ឈ្មោះ នាង ណុ​យ ហៅ​ម៉ា​ប់​» ។ បន្ទាប់​មក​បុរស​អ្នក​រត់​កង់​បី​ខាងលើ ក៏​បាន​ឲ្យ​លេខ​ទូរស័ព្ទ ០៩៧ ៧៧ ៥១ ៦៦៩​របស់​ជនសង្ស័យ​ទៅ​ស្ត្រី​រង​គ្រោះ​ដើម្បី​ទាក់ទង​គ្នា​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយមក​ស្ត្រី​រង​គ្រោះ​ក៏​បាន​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​ដែល​អ្នក​រត់​កង់​បី​ឲ្យ​នោះ ហើយ​ក៏​បាន​ជួប​ជនសង្ស័យ​ឈ្មោះ នាង ណុ​យ ហៅ​ម៉ា​ប់ នៅ​តាម​ផ្លូវ​លេខ​២១៧ មុខ​សាលា​ខណ្ឌដង្កោ ជាប់​នឹង​របង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​នោះ​តែ​ម្ដង​។ ក្រោយ​ពី​បាន​ជួប​គ្នា​ហើយ ជនសង្ស័យ​បាន​ប្រាប់​ស្ត្រី​រង​គ្រោះ​ថា ខ្លួន​គឺជា​មន្ត្រី​នគរបាល​នៅ​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ មាន​ឋានន្តរសក្តិ អនុសេនីយ៍ឯក រួច​បាន​បង្ហាញ​កាត​សម្គាល់​ខ្លួន ជា​នគរបាល​ជាតិ​ឲ្យ​ជន​រង​គ្រោះ​មើល​ទៀត​ផង​។ បន្ទាប់​មក​ទៀត​ក៏​បាន​និយាយ​គ្នា​ពី​តម្លៃ​រត់ការ​ដោះ​លែង​ប្ដី ដោយ​ជនសង្ស័យ​ទាមទារ​សេវា​រត់ការ​ចំនួន​៣,០០០​ដុល្លារ ព្រមទាំង​ធានា​ថា រត់ការ​បាន ប៉ុន្តែ​ជន​រង​គ្រោះ​បាន​សុំ​ចុះថ្លៃ ទើប​ក្រោយមក​ត្រូវរ៉ូវ​គ្នា​ត្រឹម​១,៧០០​ដុល្លារ​វិញ​។

ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយ​ពេល​ឯកភាព​គ្នា​ហើយ ជន​រង​គ្រោះ​ក៏​បាន​ប្រគល់​លុយ​ចំនួន​២,៤០០,០០០​រៀល​ឲ្យ​ទៅ​ជនសង្ស័យ​សិន លុះ​ជាង​១​ខែ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២១ ជន​រង​គ្រោះ​ឈ្មោះ អៀ សៅ​រី ក៏​បាន​ផ្ញើ​លុយ​តាម​វី​ង​ចំនួន​១,២០០,០០០​រៀល (​មួយ​លាន​ពីរ​សែន​រៀល​)​ទៀត ទៅ​ឲ្យ​ទៅ​ជនសង្ស័យ​ជា​លើក​ទី​២​ទៀត​។ ប៉ុន្តែ​ខណៈ​ពេល​នោះ ប្ដី​ជន​រង​គ្រោះ​ត្រូវ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​.​ស​ទៅ​ហើយ ដោយសារ​តែ​ចង់​ឲ្យ​ប្ដី​បាន​រួច​ពី​ទោសទណ្ឌ ទោះជា​អត់​លុយ ក៏​ស្ត្រី​ខាងលើ​បាន​ដើរ​ខ្ចីបុល​គេ​រក​លុយ​ដែរ ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ នាង​រក​លុយ​បាន​ចំនួន​៤០០,០០០​រៀល​(​បួន​សែន​រៀន​) និង​បាន​ផ្ញើ​លុយ​តាម​វី​ង​ទៅ​ឲ្យ​ជនសង្ស័យ​ទៀត ហើយ​ជន​នេះ​បាន​ធានា​ថា​នឹង​ជួយ​ដោះ​លែង​ប្ដី​នាង​ឲ្យ​បាន​។

ប្រភព​ដដែល​នេះ​បាន​ប្រាប់​បន្ត​ទៀត​ថា ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ពិត គឺ​ខុស​ពី​ការ​រំពឹង​ទុក​ទាំងស្រុង ដោយ​រហូត​ដល់​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១ ទាក់ទង​គ្នា​លែង​បាន ដោយសារ​ជនសង្ស័យ​បិទ​ទូរស័ព្ទ និង​គេចខ្លួន​បាត់​ស្រមោល ទើប​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​រាយការណ៍​ប្រាប់​កម្លាំង​នគរបាល​ខណ្ឌដង្កោ ព្រមទាំង​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍​។

ពេល​នោះ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ក៏​បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ ប៉ុន្តែ​ពុំ​ទាន់​ចាប់ខ្លួន​ជន​នេះ​បាន​នៅឡើយ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១ មាន​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ សំ សម្បត្តិ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ​នាង ណុ​យ ហៅ​ម៉ា​ប់ នេះ​ថា បាន​រំ​លោ​.​ភលើ​ទំនុកចិត្ត បោក​យក​លុយ​ចំនួន​២,៤០០​ដុល្លារ​អា​មេ​រិ​ក រឿង​រត់ការ​ផ្ទេរកម្មសិទ្ធិ​ដី និង​ផ្ទះសម្បែង​មិន​បាន​សម្រេច ហើយ​បិទ​ទូរស័ព្ទ​ទាក់ទង​លែង​បាន ព្រមទាំង​យក​ទាំង​ឯកសារ​ដីធ្លី​បាត់ ឈប់​បម្រើ​ការងារ​ជា​សណ្ដាប់​សាលា​ខណ្ឌដង្កោ​ទៀត​ផង​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​មក​នគរបាល​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​លោកស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជ​ធ​នី​ភ្នំពេញ ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​១៨៥ អ​.​យ​.​ថ ចុះ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២១ ឲ្យ​ជនសង្ស័យ​ឈ្មោះ នាង ណុ​យ ហៅ​ម៉ា​ប់ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១​។

ប៉ុន្តែ​ជនសង្ស័យ​រូប​នេះ មិន​ព្រម​ចូលខ្លួន រហូត​ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​តាម​រក​ចាប់ខ្លួន​ជន​នោះ ដោយ​សហការ​ជាមួយ​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ខ្សាច់កណ្ដាល ហើយ​រហូត​ដល់​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់​ថ្ងៃ​ដដែល ទើប​រក​ឃើញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នាង ណុ​យ ហៅ​ម៉ា​ប់ បាន​នៅ​ត្រង់​ចំណុច​ភូមិ​វិហារ​សួគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បន្ទាប់​មក​ក៏​បាន​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ