រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លា.ប់នៅកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់បាក់ជើងឆ្វេង ខណៈពេលដែលជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើដំណើរមកពីស្រុកកំណើតមកធ្វើការនៅភ្នំពេញ បានជួបគ្រោះអកុសលត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយស្តារិចមួយគ្រឿងបត់ឆ្លងផ្លូវបុកពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះដែលបានស្លា.ប់ឈ្មោះ គង់ រដ្ឋនា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិល្បើក ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ អ្នករងរបួសមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ។
ចំណែករថយន្តបង្កម៉ាកម៉ាកហ៊ីយ៉ាន់ដាយ Starex ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AL-7188 បើកបរ ដោយឈ្មោះ ឡន នូចអាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវនគរបាលឃាត់ខ្លួន ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខស្ទឹងត្រែង 1B-3159 ជិះគ្នា២នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ ៦ក្នុងល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង ចូលរាជធានីភ្នំពេញ ក្នុងគោលបំណងមកធ្វើការ ។
នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Starex មួយគ្រឿងខាងលើធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ហើយឆ្វេងឆ្លងផ្លូវក៏បានទៅបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់បោកក្បាលស្លា.ប់នៅកន្លែង និងយុវជនម្នាក់ទៀតបានរងរបួសបាក់ជើង ។ បន្ទាប់ពីគ្រោះថ្នាក់ អ្នកបើកបរត្រូវបាននគរបាលឃាត់ខ្លួន ។
តាមអ្នកបើកបររថយន្តបានអះអាងថា គ្រោះថ្នាក់នេះ បណ្តាលមកពីជនរងគ្រោះបើកបរក្នុងល្បឿនលឿនមកបុករថយន្តចំពីមុខផ្នែកខាងស្តាំ ។ បន្ទាប់ពីគ្រោះថ្នាក់អ្នករងរបួសត្រូវបាននគរបាលបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។ រថយន្ត និងអ្នកបើកបរព្រមទាំងម៉ូតូ ត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ ដើម្បីចាត់ការតាមច្បាប់ ។ សពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ