ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ១២៤នាក់ថែមទៀត ជាសះស្បើយ ២៦១នាក់ និងស្លា.ប់ថ្មី ៤នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសនូវ​អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ១២៤នាក់ (ស្រ្តី ៦២នាក់)។…

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសនូវ​អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ១២៤នាក់ (ស្រ្តី ៦២នាក់)។ ក្នុងនោះ មានកម្មករ-កម្មការិនីរោងចក្រ ចំនួន ៣២នាក់ ករណីឆ្លងលើអ្នកប៉ះពាល់​ផ្ទាល់ជាមួយអ្នកកូវីដ១៩ ចំនួន ៥០នាក់  និងឆ្លងលើ​អ្នកមានការសង្ស័យ ៣៩នាក់។

ចំពោះអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១២៤នាក់នេះ ត្រូវ​បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ​ពេទ្យស្រុកស្វាយជ្រំ ចំនួន ៤៣នាក់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ២៩នាក់ និងបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលកូវីដ១៩ ក្រុងបាវិត ចំនួន ៥០នាក់។

រដ្ឋបាល​ខេត្តស្វាយរៀង ក៏បានប្រកាសថា កាលពីថ្ងៃទី១៥ ខែកក្កដា មានករណីស្លាប់ថ្មី ៤នាក់​រួមមាន៖ ស្ត្រីឈ្មោះ សរ សារិ អាយុ ៥៧ឆ្នាំ បានទទួលមរណភាព នៅគេហដ្ឋាន​នៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប។ ស្ត្រីនេះ មានជំងឺ ព្យាបាលនៅផ្ទះ​អស់រយៈ ១០ថ្ងៃ ដោយមានជំងឺ​ក្អក ពិបាកដកដង្ហើម ក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ នៅថ្ងៃទី១០កក្កដា ហើយបានស្លាប់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០​យប់។ ក្រុមការងារ​ចុះទៅយកសំណាកពិនិត្យ ធ្វើតេស្តរហ័ស ឃើញវិជ្ជមាន​កូវីដ១៩។ ស្ត្រីម្នាក់ទៀត ឈ្មោះ នុត សាឌី អាយុ ៣៤ឆ្នាំ ជាកម្មការិនីរោងចក្រ អេលីត មានទីលំនៅភូមិឬស្សីលៀប ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ មានជំងឺ​ក្អកខ្លាំង  បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីព្រឹកថ្ងៃទី១៤កក្កដា ហើយបានស្លាប់ នៅថ្ងៃទី១៤​កក្កដា ឆ្នាំ​២០២១ វេលាម៉ោង ៣ និង១០នាទីរសៀល។ ក្រុមការងារ បានចុះទៅយកសំណាកធ្វើតេស្តរហ័ស ឃើញវិជ្ជមានកូវីដ​១៩។ រីឯស្រ្តី ឈ្មោះ ម៉ៅ លាង អាយុ ៧៤ឆ្នាំ បានទទួល​មរណភាពនៅគេហដ្ឋាន ក្នុង​ភូមិព្រៃតាញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ។ ស្ត្រីរូបនេះ មានជំងឺ​ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដោយជំងឺ​រ៉ាំរ៉ៃ ហើយ​បានស្លាប់ នៅថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង ៤ និង ១០នាទី​ទៀបភ្លឺ។​ ក្រុមការងារ យកសំណាក ធ្វើតេស្តរហ័ស វិជ្ជមាន​កូវីដ១៩។ ស្រ្តីឈ្មោះ ចាន់ សាមុត អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ យកសំណាកធ្វើតេស្តរហ័ស វិជ្ជមានកូវីដ១៩ បញ្ជូន​ទៅព្យាបាលនៅមន្ទីរពេទ្យស្រុកស្វាយជ្រំ។​ នៅថ្ងៃទី១៣ ខែ​កក្កដា ឆ្លងទន្លេ តាមធម្មជាតិ សម្រាលបានទារកម្នាក់ ដោយ​សុខភាពខ្សោយខ្លាំង នៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ហើយបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២ និង២០នាទីរសៀល។

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តស្វាយរៀង មានអ្នក​សះស្បើយថ្មី ចំនួន ២៦១នាក់ (ស្រ្តី​ ១៣៥នាក់)។

គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មានអ្នកវិជ្ជមានកូវីដ១៩ សរុប ៣​៧៣៧នាក់ (ស្ត្រី ២០៦៧នាក់) ជាសះស្បើយសរុប ២៨៦៧នាក់ (ស្ត្រី ១៦២២នាក់) កំពុងសម្រាកព្យាបាល ចំនួន ៨៧០នាក់ (ស្ត្រី ៤៣៦នាក់)។ ករណីស្លាប់កើនឡើងដល់​ ៥៧នាក់ (ស្ត្រី ៣៥នាក់)។

រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ​កម្មការិនី ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ចូរមានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ ទៅសហគមន៍។ បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ សូមបងប្អូន ដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័ក តាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញា ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគ​សំណាកនៅប៉ុស្ដិ៍យកសំណាក ដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត។

សម្រាប់អ្នក ដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃ ដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ