ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា​ជ្រើសរើស​ភូមិ​គំរូ​ចំនួន ៣ ដើម្បី​ចូលរួម​ប្រឡងប្រណាំង «​ភូមិ​ទេសចរណ៍​ឆ្នើម​» ជាមួយ​ភូមិ​ដទៃ​​​ទៀត ជុំវិញ​ពិភពលោក​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឱ្យ​ក្រសួងទេសចរណ៍ ប្រកាស​ជ្រើសរើស​ភូមិ​គំរូ​ចំនួន ៣ ដើម្បី​ដាក់​ជា​បេក្ខភាព​ចូលរួម​ប្រកួតប្រជែង «​ភូមិ​ទេសចរណ៍​ឆ្នើម (Best Tourism Village)»…

រាជធានី​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឱ្យ​ក្រសួងទេសចរណ៍ ប្រកាស​ជ្រើសរើស​ភូមិ​គំរូ​ចំនួន ៣ ដើម្បី​ដាក់​ជា​បេក្ខភាព​ចូលរួម​ប្រកួតប្រជែង «​ភូមិ​ទេសចរណ៍​ឆ្នើម (Best Tourism Village)» ជាមួយ​ភូមិ​គំរូ​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក ក្រោម​ការរៀបចំ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO)​។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​ជំនាញ​នៃ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ នេះ​។​

​លោក ទ្រី ឈី​វ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួងទេសចរណ៍ បាន​ថ្លែងឱ្យដឹងថា នៅ​ជំហាន​ដំបូង​នេះ រាជរដ្ឋាភិបាល បា​នស​ម្រ​ច​ឱ្យ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ប្រកាស​ជ្រើសរើស​ភូមិ​គំរូ​ចំនួន ៣ នៅ​ទូទាំងប្រទេស ដោយ «​យើង​នឹង​ពិនិត្យ​លើ​លទ្ធភាព​នៅតាម​ភូមិ​តេ​ជោ​ទាំង ១០០ ភូមិ​»​។​

​លោក ទ្រី ឈី​វ បាន​បញ្ជាក់ថា ចលនា​ចូលរួម​ប្រឡងប្រណាំង​នេះ នឹង​រៀបចំឡើង ឱ្យបាន​មុន​ដំណាច់​ខែសីហា ឆ្នាំ​២០២១ ខាងមុខនេះ ដើម្បី​ដាក់ជូន​គណៈកម្មការ​វាយតម្លៃ​នៃ​អង្គការ​ទេសចរណ៍​ពិភពលោក​។ អ្វីដែល​សំខាន់​ក្នុង​ការរៀប​ចំនេះ គឺ​ផ្ដោតទៅលើ​សូចនាករ​សំខាន់​មួយចំនួន​៖ តើ​ភូមិ​ទាំងនោះ​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​ខ្លាំង​ប៉ុណ្ណា​, តើ​ប្រជាជនមាន​ការចូលរួម​ក្នុង​សកម្មភាព​ទេសចរណ៍ ការថែរក្សា​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ ប្រពៃណី វប្បធម៌​បាន​កម្រិតណា ហើយ​នៅក្នុង​ភូមិ​ទាំងនេះ​មាន​អ្វីដែល​គួរឱ្យ​ទាក់ទាញ​ពិសេស​ខ្លាំង​ប៉ុណ្ណា​? ព្រមទាំង​មាន​សូចនាករ​លម្អិត​ផ្សេងទៀត​ផងដែរ​។​

​លោក​បាន​សង្កត់ធ្ងន់​ផងដែរ​ថា ក្នុង​បរិបទ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ទេសចរណ៍​ជនបទ​កាន់​តែមាន​និន្នាការ​កើនឡើង ស្រប​នឹង​កំណើន​ទេសចរណ៍​សហគមន៍ ទេសចរណ៍ធម្មជាតិ ទេសចរណ៍​សមុទ្រ ឬ​កោះ​ជាដើម​។ ការជ្រើសរើស​ភូមិ​ទេសចរណ៍​ឆ្នើម​នេះ ក៏​ជា​ផ្នែក​មួយ​នៃ «​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩» ដើម្បី​ជំរុញ​បរិ​យាប​ន្ន​សង្គម​-​សេដ្ឋកិច្ច និង​អាច​ចូលរួម​ដល់​ការសម្រេច​គោលការណ៍​សកល «​មិន​ទុក​នរណាម្នាក់​ចោល​» ព្រមទាំង​គាំទ្រ​ដល់​សកម្មភាព​រស់​ឡើងវិញ​នៃ​សហគមន៍​ជនបទ ជួយ​សហគមន៍​មូលដ្ឋាន​ឱ្យ​ងើប​ចេញពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ជំរុញ​កំណើន​ប្រកបដោយ​បរិ​យាប​ន្ន និង​ចីរភាព​។​

​លោក ទ្រី ឈី​វ បាន​បញ្ជាក់ថា គោលបំណង​នៃ​ការប្រឡងប្រណាំង​ភូមិ​ទេសចរណ៍​ឆ្នើម​នេះ គឺ​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជនបទ​ឲ្យ​កាន់តែ​ប្រសើរឡើង សំដៅ​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​អភិវឌ្ឍ​ភូមិ​ដែលមាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ ឱ្យទទួល​បម្រើសេវា​កម្ម​ជូន​ទេសចរ​ប្រកបដោយ​គុណភាព​ល្អប្រសើរ ស្របតាម​ស្តង់ដា​ពិភពលោក​។​

​មន្ត្រី​ជំនាញ​នៃ​ក្រសួងទេសចរណ៍​រូបនេះ បាន​បន្តថា ការចូលរួម​ប្រកួតប្រជែង​នឹង​ផ្ដល់នូវ​ឱកាស​ដល់​ភូមិ​បេក្ខភាព ក៏ដូចជា​ភូមិ​ដែលមាន​សក្ដានុពល​ទេសចរណ៍​នេះ អាច​អភិវឌ្ឍ​ភូមិដ្ឋាន​ឱ្យក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​រវាង​ភូមិ​នៃ​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។​

​លោក​បាន​បញ្ជាក់ទៀតថា «​ភូមិ​ជ័យលាភី ក៏​នឹង​អាច​ក្លាយជា​សមាជិក​បណ្ដាញ​ភូមិ​ឆ្នើម​របស់​ពិភពលោក ហើយ​អាច​នាំយក​ចំណេះដឹង និង​បទពិសោធន៍​អភិវឌ្ឍ​នានា​មក​អភិវឌ្ឍ​ភូមិ​ផ្សេងៗ​ទៀត​នៅ​ប្រទេស​កម្ពុជា​»​។​

​គួរ​ជម្រាប​ថា ក្រសួងទេសចរណ៍ ក៏បាន​ទទួល​ការអនុញ្ញាតឱ្យ​បញ្ចូល​កម្មវិធី​ប្រកួតប្រជែង​ភូមិ​ឆ្នើម​នេះ ទៅក្នុង​យន្តការ​ដែលមាន​ស្រាប់​នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត ក្រោម​សមត្ថកិច្ច​របស់​គណៈកម្មាធិកា​រ​វាយតម្លៃ​ទីក្រុង​ស្អាត ដែលមាន​ក្រសួងទេសចរណ៍ ជា​ប្រធាន​៕ សុខ សា​រ៉ា​យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ