ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​19​បាន​ចាប់ផ្ដើម​ហើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១៩​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧ ធ្នូ ដែល​ការ​ប្រកួត​នេះ​មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១៩​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧ ធ្នូ ដែល​ការ​ប្រកួត​នេះ​មាន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​១៩ ធ្នូ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។

លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា បានឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ ដែល​កាលពី​លើក​ទី​១​នៅ​ក្នុង​ឆ្នាំ​២០០១​ធ្វើ​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ ចំណែក​លើក​ទី​២​នេះ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​ប្រទេស​ចំនួន​១២ចូលរួម​គឺ​កម្ពុជា​ជា​ម្ចាស់ផ្ទះ ឡាវ វៀតណាម ថៃ ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី ចិនតៃវ៉ាន់ សិង្ហ​បុរី ព្រុយ​ណេ ជប៉ុន ​ឥណ្ឌា និងប្រទេសម៉ុងហ្គោលី ។ ការ​ប្រកួត​ចែក​ចេញ​ជា​២​វិញ្ញាសា គឺ​ប្រកួត​វាយ​យក​ពិន្ទុ និង​ប្រកួត​៣​នាក់​ទល់​នឹង​៣​នាក់ ។ ក្នុង​នោះ​មានការ​ប្រកួត​ផ្នែក​យុវជន ផ្នែក​នារី​ពេញវ័យ​និង​ផ្នែក​បុរស​ពេញវ័យ​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​និង​វិញ្ញាសា​ប្រកួត​៣​នាក់​ទល់​នឹង​៣​នាក់ ។

 លោក​បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួត​លើក​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា​រៀបចំ​បាន​ល្អ​ខ្លាំង​ណាស់ ដូច​ជា​មានការ​ទទួលភ្ញៀវ​យ៉ាង​ត្រឹមត្រូវ​បំផុត​សូ​ម្បី​តែ​កន្លែង​ហ្វឹក​ហាត់​សម​ដៃ នៅ​មុន​ពេល​ប្រកួត ក៏​យើង​ពុំ​មានការ​ហាមឃាត់​ទេ គេ​ចង់​ហាត់​កន្លែង​ណា​ក៏​បាន​ដែរ​។ មិនតែប៉ុណ្ណោះ​យើង​បាន​ផ្ដល់​នូវ​កន្លែង​ស្នាក់​នៅ ហូប​ចុក សុទ្ធសឹងតែ​ជា​សណ្ឋាគារ​ល្អ​ៗ មិន​ឱ្យ​ភ្ញៀវ​ខកចិត្ត​ឡើយ ។ ការ​ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា​ធ្វើ​បែប​នេះ គឹ​ដើម្បី​អូស​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​គេ​មក​លេង​នៅ​ស្រុក​ខ្មែរ​ឱ្យ​បាន​ច្រើន ។ ចំណែក​នៅ​ប្រទេស​គេ​វិញ​នោះ​ធ្វើ​មិន​បាន​ល្អ​ដូច​យើង​នោះ​ទេ ។ ជាក់ស្ដែង​នៅ​ប្រទេស​ថៃ កន្លែង​ស្នាក់​នៅ​មិនសូវ​ល្អ ហើយ​កន្លែង​ហ្វឹកហាត់​សម​ដៃ​ក៏​គេ​មិនសូវ​គិតគូ​ទៀត​។ ដូច្នេះ​ហើយ​បានជា​លោក​សរសើរ​ក្រសួង​អប់រំ​យុ​ជន និង​កីឡា​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​យ៉ាង ខ្លាំង ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​ប្រកួត​លក្ខណៈ​អាស៊ី​លើក​នេះ​ប្រព្រឹត្ត​ទៅ​បាន​ល្អ ។

គួរ​រំលឹក​ថា ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១៨​កាលពី​ឆ្នាំទៅ​គឺ ប្រទេស​ឡាវ​ជា​អ្នក​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​កាល​ណោះ កម្ពុជា​បាន​ក្លាយជា​ម្ចាស់​ជើងឯក ព្រោះថា​ក្នុង​ចំណោម​មេដាយមាស​ចំនួន​៦​គ្រឿង​ដែល​ដាក់​ឱ្យ​ប្រកួត​ដណ្ដើម​នោះ កម្ពុជា​យក​បាន​៤​គ្រឿង​ទៅ​ហើយ នៅ​សល់​២​គ្រឿង​ទៀត​បាន​ទៅ​លើ​ប្រទេស​ថៃ ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​លើក​នេះ​លោក​មាន​សង្ឃឹម​ច្រើន​ថា នឹង​អាច​ដណ្ដើម​បាន​មេដាយ​មិន​ចាញ់​ការ​ប្រកួត​នៅ​ប្រទេស​ឡាវ នោះ​ទេ ។ ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​មួយ​នេះ​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ​ដែល​កាល​ណោះ​ប្រទេស​ថៃ​ជា​អ្នក​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​មុនគេ ហើយ​ព្រឹត្តិការណ៍​មួយ​នេះ​ធ្វើ​ឡើង​រយៈពេល​មួយ​ឆ្នាំ​ម្ដង​៕