ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ក្លែង​ជា​សង្ឃ ដើរ​រៃ​អង្គាសប្រាក់​ជា​យូរ​មក​ហើយ សមត្ថកិច្ច​ចាប់ខ្លួន​១៨​នាក់ បញ្ជូន​ទៅ​តុលាការ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា​ ២០២១នេះ ជនសង្ស័យ​ចំនួន ១៨​នាក់ ដែល​ស្លៀក​ស្បង់​ជីវរ​ក្លែងបន្លំ​ជា​សង្ឃ ត្រូវ​បាន​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា​ ២០២១នេះ ជនសង្ស័យ​ចំនួន ១៨​នាក់ ដែល​ស្លៀក​ស្បង់​ជីវរ​ក្លែងបន្លំ​ជា​សង្ឃ ត្រូវ​បាន​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​នោះ ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​លោកគ្រូ​អនុ​គុណ​ខណ្ឌ​កំ​បូល និង​មានការ​ប្តឹង​រាយការណ៍​ពី​ប្រជាពលរដ្ឋ លោក​វរសេនីយ៍ឯក ហង្ស មុនី អធិការ​នគរបាល​ខណ្ឌ​កំ​បូល បាន​ឲ្យ​លោក​វរសេនីយ៍ទោ ឈឹ​ម សា​វុ​ទ្ធ អធិការរង ទទួល​ការងារ​ព្រហ្មទណ្ឌ ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១៨​នាក់ (​ម្នាក់​ជា​អ្នក​បើកឡាន​) ដោយនៅ​ពេល​ព្រឹក​បាន​ស្លៀកពាក់​គ្រង​ស្បង់​ជីវរ ក្លែងបន្លំ​ជា​សង្ឃ ដើរ​បិណ្ឌ​បាត្រ រៃ​អង្គាសប្រាក់​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​កំ​បូល រយៈពេល​ជា​យូរ​មក​ហើយ ។

ជនសង្ស័យ​ទាំងនោះ​រួម​មាន ៖ ១, ឈ្មោះ ឈុ​ន ថា​ត ២,​ខ្លូត សុខា ៣, ន ឆូ​យ ៤,​ឈួ​ន សាវ​រី ៥,​ផេង ភី ៦,​ច្រាន់ ប៉ាវ ៧,​ជន មី ៨,​ម៉ៅ រី​ន ៩,​យាន រត់ ១០,​ហ៊ុន ព្រឿ​ន ១១, រស់ ហឿ​ន ១២, ស្មៀន កក្កដា ១៣, ញិ​ន គឹ​ម ១៤, ឈុ​ន ថា​ត ១៥, រស់ ហឿ​ន និង​២​នាក់​ទៀត មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ដែល​ក្នុង​នោះ​មាន​ម្នាក់ ជា​អ្នកបើកបរ​រថយន្ត​ជូន​ជន​ក្លែងខ្លួន​ជា​ព្រះសង្ឃ​ទាំងនេះ​ចេញ​ដើរ​បិណ្ឌ​បាត្រ មិនតែប៉ុណ្ណោះ​ក្រោយ​ឃាត់ខ្លួន​ពិនិត្យ​ទឹកនោម​បាន​រក​ឃើញ​៧​នាក់​មាន​ផ្ទុក​សារធាតុ​ញៀន ក្នុង​ខ្លួន​ថែម​ទៀត​ផង ។

នគរបាល​ខណ្ឌ​កំ​បូល​ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​នាំ​គ្នា​ជួល​ផ្ទះ​មួយ​កន្លែង​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ស្នាក់​នៅ​ជុំ​គ្នា ហើយ​នៅ​ពេល​ថ្ងៃ​មាន​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង បើក​ដឹក​ចេញពីផ្ទះ​ជួល​ខាងលើ ដាក់​នៅ​កន្លែង​ស្ងាត់ រួច​គ្រង​ស្បង់​ចីវរ និង​ប្រដាប់​ដោយ​បាត្រ រួច​ដើរ​ចូល​តាម​ភូមិឋាន និង​ទីប្រជុំជន​នានា​បិណ្ឌ​បាត្រ​បាយ​ទឹក​ចំណីអាហារ និង​ប្រាក់​ពី​អ្នក​ភូមិ ។

លុះ​បិណ្ឌ​បាន​ទើប​ទៅ​រក​កន្លែង​ស្ងាត់​ផ្លាស់​ប្ដូរ​ស្បង់​ចីវរ​ចេញ​ហើយ​ស្លៀកពាក់​ខោអាវ និង​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល​វិញ នាំ​គ្នា​ហូប​បាយ និង​មួយ​ចំនួន​ទិញ​ស្រា​ផឹក និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​មិន​ខ្លាចរអារ​អ្វី​ទាំងអស់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា សកម្មភាព​របស់​ជន​១​ក្រុម​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ ហើយ​ក៏​មិន​អាច​លាក់បាំង​ជិត​ឡើយ ត្រូវ​ប្រជាពលរដ្ឋ​ដឹង និង​បាន​រាយការណ៍​ជូន​កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល ទើប​នគរបាល​ខាងលើ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ហើយ​ជំ​ហ៊ាន​ដំបូង​ឃាត់ខ្លួន​បាន​ចំនួន​១០​នាក់ ក្នុង​នោះ​ជន​ក្លែង​ជា​ព្រះសង្ឃ​០៩​នាក់ និង​០១​នាក់​ទៀត ជា​អ្នកបើកបរ​រថយន្ត​ដឹក​សង្ឃ​ក្លែងក្លាយ​ខាងលើ​ដើរ​បិណ្ឌ​បាត្រ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​ព្រមទាំង​ឈាន​ន​បន្ត​ទៅ​ចាប់ខ្លួន​ជន​ក្លែង​ជា​ព្រះសង្ឃ​០៨​នាក់​ទៀត​បន្ថែម​ទៀត ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​សួរនាំ​ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​សារភាព​ថា ពួក​ខ្លួន​បាន​ក្លែងខ្លួន​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ​បែប​នេះ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ជា​យូរ​មក​ហើយ ដោយ​មាន​មេខ្យល់​ម្នាក់​ឈ្មោះ ម៉េ​ង ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ ជា​មេខ្លោង​ចាត់​រៀបចំ​ចាត់​ផែនការ​តាម​មុខព្រួញ​នីមួយ​ៗ​ឲ្យ ។

ហើយ​ក្នុង​០១​ថ្ងៃ ពួក​ខ្លួន​បិណ្ឌ​បាត្រ​បាន​ចំណីអាហារ​បាយ​ទឹក និង​ប្រាក់​ក្នុង​ម្នាក់​ចាប់ពី​៨​ម៉ឺន ទៅ​១០​ម៉ឺន​រៀល​លុះ​បាន​ហើយ​មេខ្យល់​ឈ្មោះ ម៉េ​ង បាន​ដក​យក​ក្នុង​ម្នាក់​ៗ​ចាប់ពី​ពី​៣​ម៉ឺន​រៀល​ទៅ​៣៥,០០០​រៀល​ក្នុង​០១​ថ្ងៃ ចំណែកឯ​ប្រាក់​ដែល​នៅ​សល់​ពី​នេះ គឺ​ពួក​ខ្លួន​ទុក​សម្រាប់​ចាយវាយ​ខ្លួនឯង ។

ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំងនេះ​ហើយ កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល ក៏​បាន​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ