រាជធានីភ្នំពេញ ៖ រថយន្តម៉ាកវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-7101 មួយគ្រឿង ដែលគេអះអាងថា ម្ចាស់ស្រវឹងទើបចេញពីជប់លៀងមង្គលការ បានបើកបោះពួយក្នុងល្បឿនលឿនទៅបុករថយន្តម៉ាកកូរ៉ឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2B-6198 ខ្ទាតប្រមាណជាង៣០ម៉ែត្រ ហើយរថយន្តវីហ្គោ បានជ្រុលចង្កូតបុកចូលហាងកាហ្វេទួលគោក បណ្តាលឱ្យបាក់ទ្វារ កៅអី រងការខូចខាត និងបុកជញ្ជាំងថ្ម បាក់១ផ្ទាំង ទើបសម្ងំដេកក្នុងហាងកាហ្វេនោះតែម្តង ។
ទោះបីជាយ៉ាងណា ពុំបង្កឱ្យមនុស្សណាម្នាក់នៅក្នុងហាងកាហ្វេស្លាប់ និងរងរបួសធ្ងន់ធ្ងរឡើយ គឺមានតែអ្នកបើកបររថយន្តវីហ្គោ និងរថយន្តកូរ៉ូឡា បានរងរបួសបែកក្បាលប៉ុណ្ណោះ ។ គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះត្រូវសមត្ថកិច្ចឱ្យដឹងថា កើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៤ មីនា ២០១១ នៅចំណុចភ្លើងស្តុបផ្សារមាន់អាំង ផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកវីហ្គោ ពណ៌ខ្មៅ ខាងលើជិះម្នាក់ឯង ធ្វើដំណើរតាមផ្លូវលេខ៣១៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ។ ពេលមកដល់ចំណុចភ្លើងស្តុបផ្សារមាន់អាំង ដែលជាផ្លូវកែង ស្រាប់តែបុករថយន្តម៉ាកកូរ៉ូឡា ពណ៌ស្ករ មួយគ្រឿង ជិះម្នាក់ឯងដូចគ្នា ធ្វើដំណើរតាមផ្លូវលេខ៥៩២ ក្នុងទិសដៅពីលិចទៅកើតពេញទំហឹង បណ្តាលឱ្យកូរ៉ូឡាខ្ទាតជាង៣០ម៉ែត្រ ហើយរថយន្តម៉ាកវីហ្គោ ជ្រុលចង្កូត ទៅខាងឆ្វេងដៃបុកចូលហាងកាហ្វេទួលគោកលេខ៥៨ បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ ៕
ចែករំលែកព័តមាននេះ