ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុស្ដិ៍​លេខ​5 និង​អាស៊ី​អាគ្នេយ៍​ឡើង​កំ​ដៅ​ដាក់​អ្នកទិញ​ដូរ​កីឡាករ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ៖ នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​គេ​កត់​សម្គាល់ថា ក្រុម​អ្នកលេង​ភ្នាល់​កីឡាប្រដាល់​បាន​បញ្ចេញ​សកម្មភាព​ទិញ​ដូរ​កីឡាករ​នាំ​ឱ្យ​មាន​បាតុភាព​មិន​ប្រក្រតី​ជា​ច្រើន​កើតឡើង​នៅ​លើ​សង្វៀន​ប្រដាល់ ។

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​គេ​កត់​សម្គាល់ថា ក្រុម​អ្នកលេង​ភ្នាល់​កីឡាប្រដាល់​បាន​បញ្ចេញ​សកម្មភាព​ទិញ​ដូរ​កីឡាករ​នាំ​ឱ្យ​មាន​បាតុភាព​មិន​ប្រក្រតី​ជា​ច្រើន​កើតឡើង​នៅ​លើ​សង្វៀន​ប្រដាល់ ។ តប​នឹង​ភាព​អសកម្ម​ដែល​កើតឡើង​នោះ មន្ត្រី​ទទួល​បន្ទុក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ និង​អាស៊ី​អាគ្នេយ៍ ក៏​ត្រូវ​គេ​ឃើញ​បើក​យុទ្ធនាការ​កាច់​បំបាក់​ធ្មុង​អ្នកលេង​ភ្នាល់​ប្រាក់​ទាំងនោះ​ដោយ​ប្រយោល​ព្រម​គ្នា​ដែល​មិន​ខុស​ពី​ការ​ទប់ស្កាត់​ពួក​គេ​កុំឱ្យ​ទិញ​ដូរ​កីឡាករ​នោះ​ឡើយ ។

ការ​រីក​ចម្រើន​នៃ​វិស័យ​ប្រដាល់ មិន​ត្រឹមតែ​បណ្ដាល​ឱ្យ​អ្នកគាំទ្រ​កើនឡើង​ប៉ុណ្ណោះ​ទេ អ្នក​បើក​អាជីព​ចាក់​ភ្នាល់​ប្រាក់​កាស​ក៏​បាន​ពង្រីក​ខ្លួន​កាន់តែ​ធំ​ស្របគ្នា​ដែរ ។ នៅ​តាម​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ និង​ប៉ុស្ដិ៍​អាស៊ី​អាគ្នេយ៍ គេ​ឃើញ​អ្នក​ទទួល​ភ្នាល់​ប្រាក់​លេចឡើង​គគ្រឹកគគ្រេង​ដែល​ជំរុញ​ទឹកចិត្ត​ឱ្យ​អ្នកគាំទ្រ​កីឡា​ផុលផុស​នឹង​ការ​ចាក់​ភ្នាល់​បន្ថែម​ពីលើ​ការ​ទស្សនាការ​ប្រដាល់​កាន់តែ​ច្រើន​ខុស​ប្លែក ។ អ្នក​ទទួល​ភ្នាល់​ប្រាក់​ទាំងនោះ គេ​អាច​សម្គាល់​បាន​តាម​រយៈ​សកម្មភាព​ប្រមូលផ្ដុំ​នៅ​តាម​សង្វៀន​ហើយ​កាន់​ក្ដារ​មាន​ដាក់​ទូរស័ព្ទ​តម្រៀប​គ្នា​ដើម្បី​ទទួល​ចាក់​ភ្នាល់ និង​បន្ត​ផ្ទាល់​ពី​ស្ថានភាព​ប្រកួត​ដែល​បាន​កើតឡើង ។ មានការ​អះអាង​ថា មេ​អ្នក​ស៊ីសង​ធំ​អាច​មិន​ស្ថិត​នៅ​ក្នុង​ចង្កោម​អ្នក​ប្រមូលផ្ដុំ​គ្នា​នៅ​តាម​សង្វៀន​នោះ​ទេ គឺ​គេ​អាច​រង់ចាំ​ស៊ីសង​នៅ​ក្រោយ​ការ​ប្រកួត​ត្រូវ​បញ្ចប់ ។

អ្នក​ចាក់​ភ្នាល់​ទាំងនេះ មិន​ត្រឹមតែ​ភ្នាល់​គ្នា​ធ្វើ​ជា​អាជីព​ដើម្បី​ស៊ីសង​ប្រាក់​កាស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​ហ៊ាន​ជះ​លុយ​ទិញ​កីឡាករ​ឱ្យធ្វើ​ចាញ់​ឬ​ធ្វើ​ឈ្នះ​ក្នុង​កម្រិត​ចរចា​ជា​សម្ងាត់​ជាមួយ​កីឡាករ​នោះ​ផង ។ គាប់​ជួន​តម្លៃ និង​ស្ថានភាព​របស់​កីឡាករ​ហាក់​មិនសូវ​ល្អ​ប្រសើរ​ចំពោះ​តម្រូវការ​នោះ​ផង ទើប​គេ​កម្រ​ឃើញ​ពេល​ក្រុម​អ្នក​ភ្នាល់​ជះ​ប្រាក់​ទិញ​ហើយ​កីឡាករ​មិន​អាច​គេច​រួច​ពី​អំណាច​ប្រាក់​នេះ​ណាស់ ។ ជាក់ស្ដែង​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ នៅ​ប៉ុស្ដិ៍​លេខ​៥ និង​ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍​មុន​នេះ មានការ​ចាប់​បាន​ពី​ករណី​ទិញ​ដូរ​កីឡាករ​ព្រម​គ្នា ដែល​មិន​ខុស​ពី​ការ​កាច់ធ្មុង​អ្នក​ភ្នាល់​កីឡា​កុំឱ្យ​ទិញ​កីឡាករ​នាំ​ឱ្យ​ខូច​ឈ្មោះ​កីឡាករ ហើយ​មិន​បាន​ផល​ពី​ការ​ចំណាយពេល​នោះ​ឡើយ ។

នៅ​ប៉ុស្ដិ៍​លេខ​៥ កាលពី​ថ្ងៃ​សៅរ៍​ទី​១២ ខែធ្នូ កីឡាករ​ចៅ ផល​ឌឿ មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង និង​កីឡាក​រហ៊ឹម សា​រ៉ា​ន់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​បាន​គណៈកម្មការ​សម្រេច​ដេញ​ចុះ​តែ​ម្ដង​ក្នុង​ទឹក​ទី​៥ បន្ទាប់​ពី​មានការ​ចាប់​បាន​ថា​ពួក​គេ​ទាំង​ពីរ​ជាប់​សម្ពាធ​លក់ខ្លួន ដែល​មិន​ខុស​ពី​ការ​រៀបចំ​ទុក​ដោយ​អ្នក​ភ្នាល់​កីឡា ។ លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥ បាន​អះអាង​ថា តាំងពី​ទឹក​ទី​១​រហូត​ដល់​ទឹក​ទី​៥ កីឡាករ​ចៅ ផល​ឌឿ និង​ហ៊ឹ​ម សា​រ៉ា​ន់ មិន​បាន​ប្រកួត​គ្នា​ដោយ​អស់​សមត្ថភាព​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​អ្នក​ទាំង​ពីរ​ហាក់​បណ្ដាក់​គ្នា​វាយ​ឱ្យ​បាន​តែ​ល្អមើល​ម្ដងម្នាក់ ដើម្បី​កុំ​ឲ្យ​មានការ​ចាប់អារម្មណ៍​ថា​ពួក​គេ​មានការ​ប្រកួត​មិន​ប្រក្រតី​។ លោក​ថា ក្នុង​នាម​ជា​អ្នក​រៀបចំ​ការ​ប្រកួត និង​ក្រុម​មន្ត្រី​សហព័ន្ធ​ប្រដាល់ គឺ​អាច​មើល​ដឹង​រវាង​អ្នក​ប្រកួត​ដែល​មាន​បញ្ហា និង​មិន​មាន​បញ្ហា ។ជាក់ស្ដែង​សម្រាប់​សមត្ថភាព​របស់​កីឡាករ​ចៅ ផល​ឌឿ និង​ហ៊ឹ​ម សា​រ៉ា​ន់ ទោះជា​មើល​យ៉ាងម៉េច​ក៏​អាច​ដឹង​ថា​គេ​វាយ​អស់​សមត្ថភាព និង​មិន​អស់​សមត្ថភាព​នោះ​ដែរ ។

យ៉ាងណា​ក៏​ដោយ លោក​ថា​មិន​អាច​ចុះ​ទៅ​ចាប់​ក្រុម​អ្នក​ភ្នាល់​លុយ​ដែល​ធ្វើ​សកម្មភាព​ទិញ​ដូរ​បាន​ទេ ប៉ុន្តែ​លោក​មាន​ផែនការ​បញ្ឈប់​សកម្មភាព​នោះ​បាន តាម​រយៈ​ការ​ចាប់​ឲ្យ​ជាប់ ហើយ​ធ្វើការ​ព្រមាន​ចំពោះ​កីឡាករ​ដោយ​លទ្ធផល​ដែល​បាន​កំណត់​វិញ ។ លោក​និយាយ​ថា «​អ្នក​ណា​លក់​ឬ​មិន​លក់ យើង​ក្រឡេក​តែ​មួយ​ភ្លែត​គឺ​ដឹង ប៉ុន្តែ​កីឡាករ​ខ្លះ​គាត់​ក៏​ឆ្លាត​ដែរ​ពិបាក​ចាប់​ទើប​ពេល​ខ្លះ​នាំ​ឱ្យ​យើង​ចន្លោះ​ប្រហោង​។ ប៉ុន្តែ​សម្រាប់​ចៅ ផល​ឌឿ និង ហ៊ឹ​ម សា​រ៉ា​ន់ គឺ​គ្រាន់តែ​យើង​ឮដំណឹង​ថា​មាន​គេ​រៀបចំ​ទុក ហើយ​ការ​ប្រកួត​របស់​ពីរ​នាក់​ហ្នឹង គឺ​ខុស​ប្រក្រតី​ភ្លាម យើង​សម្រេច​បណ្ដេញ​ចុះ​ភ្លាម ដោយ​អត់​មាន​បើក​លុយ​ឲ្យ​ទេ យើង​ធ្វើ​អ​ញ្ចឹ​ង​ដើម្បី​ព្រមាន​ចំពោះ​កីឡាករ​ផង ចំពោះ​អ្នកទិញ​ដូរ​កីឡាករ​ផង គឺ​កុំ​ឲ្យ​បាន​លុយ​ទាំងអស់​គ្នា​!» ។ លោក​ថា ប៉ុស្ដិ៍​លេខ​៥ នឹង​ចាត់វិធានការ​កាន់តែ​ក្ដៅ​ជាង​នេះ​ឃ្លាំមើល​សកម្មភាព​មិន​ប្រក្រតី​ពី​ការ​ទិញ​ដូរ​កីឡាករ​បែប​នេះ​ឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត ហើយ​ឱ្យ​តែ​មានការ​សង្ស័យ​គឺ​កីឡាករ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ត្រូវ​ដេញ​ចុះ​ភ្លាម ដោយ​មិន​ចាំបាច់​ទៅ​រករឿង​អ្នក​ចាក់​ភ្នាល់​ដែល​នៅ​ពីក្រោយ​នោះ​ទេ ។

មិន​ខុស​គ្នា​ដែរ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ​ទី​១៣ ធ្នូ​ឯណោះ​វិញ ក៏​មាន​សកម្មភាព​មិន​ប្រក្រតី​បែប​នេះ​ដែរ ។ កីឡាករ​ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ​ជុន សា​វុ​ធ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា ត្រូវ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​ឱ្យ​ស្មើ​ពិន្ទុ​គ្នា បើ​ទោះជា​ការ​ប្រកួត​ជាក់ស្ដែង​របស់​ពួក​គេ គឺ​មាន​កម្រិត​មើលឃើញ​ចាញ់​ឈ្នះ​ដែល​ត្រូវ​គេ​អះអាង ជា​ការ​សម្ដែង​ឡើង​ដើម្បី​កុំឱ្យ​មាន​អ្នក​ចាប់​ថ្នាក់​បាន ។ លោក​រាជ សូ​ផែន ប្រធាន​គណៈកម្មការ​វិន័យ​ប្រចាំ​សហព័ន្ធ​កីឡាប្រដាល់​បាន​ស្រែក​ប្រកាស​នៅ​ថ្ងៃ​នោះ​ថា «​គូ​នេះ​ខ្ញុំ​ដឹង​ថា​អស់លោក​(​អ្នក​ភ្នាល់​)​បាន​រៀបចំ​ទុក អ​ញ្ចឹ​ង​គណៈកម្មការ​របស់ខ្ញុំ​អត់ឱ្យ​ឈ្នះ​ចាញ់​ទេ គឺ​ត្រូវ​តែ​ឲ្យ​ស្មើ ចង់​អស់លោក​យល់​ថា​យ៉ាងម៉េច​ក៏​ថា​ទៅ ប៉ុន្តែ​លទ្ធផល​នេះ​បងប្អូន​យើង​ដែល​ជា​អ្នក​មើល​គាត់​ពេញចិត្ត​!»​។

ការ​ប្រកាស​របស់​លោក គឺ​បាន​កើតឡើង​បន្ទាប់​ពី​ក្រុម​ចាក់​ភ្នាល់​មួយ​ក្រុម​ធំ​បាន​ស្រែក​គំហក​ខ្ទរ​ពេញ​សង្វៀន​ថា លទ្ធផល​ដែល​ឱ្យ​ស្មើគ្នា​នោះ មិន​យុត្តិធម៌ ឬ​ជា​ការ​កាត់សេចក្ដី​ដោយ​មិន​មើល​ពី​ការ​ប្រកួត​របស់​កីឡាករ ។ លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា គណៈកម្មការ​របស់​លោក​ចាប់​បាន​ភាព​មិន​ប្រក្រតី​របស់​គូ​នេះ តាំងពី​ទឹក​ទី​៣​មក​ម្ល៉េះ​ប៉ុន្តែ​មក​ពី​ក្រុមការងារ​ទាំងអស់​មិន​ចង់​ឲ្យ​កីឡាករ​ដឹងខ្លួន​មុន ម្យ៉ាង​ចង់ឱ្យ​អ្នកទិញ​ដូរ​កីឡាករ​ក្អួត​ឈាម​នៅ​ពេល​ប្រកាស​លទ្ធផល​នោះ​ផង ទើប​សម្រេច​មិន​ឱ្យ​មានការ​ព្រមាន​ណាមួយ​នាំ​ឱ្យ​មានការ​ដឹងខ្លួន​ជា​មុន ។ ប៉ុន្តែ​ដល់​ពេល​ប្រកាស​លទ្ធផល​ក៏​ឱ្យ​កីឡាករ​ទាំង​ពីរ​ស្មើ​ពិន្ទុ​តែ​ម្ដង​ដើម្បី​កុំឱ្យ​អ្នក​ភ្នាល់ និង​កីឡាករ​ខ្លួនឯង​ដែល​ត្រូវ​បាន​គេ​ទិញ​ដូរ​បាន​លុយកាក់​នៅ​ពេល​លទ្ធផល​មិន​ដូច​អ្វី​ដែល​អ្នក​ភ្នាល់​គ្រោងទុក​។ លោក​ថា នេះ​គ្រាន់តែ​ជា​ការ​បើក​ឆាក​ប៉ុណ្ណោះ ដ្បិត​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​ចាត់វិធានការ​ក្ដៅ​ៗ​បន្ថែម​ទៀត រហូត​ទាល់តែ​ការ​ទិញ​ដូរ​កីឡាករ​នៅ​លើ​សង្វៀន​បាត់បង់​សកម្មភាព ។ ពេល​បន្ទាប់ លោក​គ្រោង​បណ្ដេញ​ចុះ និង​មិន​ឱ្យ​តម្លៃ​ខ្លួន​ចំពោះ​កីឡាករ​ដែល​ចាប់​បាន​ថា បាន​លក់ខ្លួន ខណៈ​ដែល​វិធានការ​ឈប់​ឱ្យ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក៏​នឹង​ត្រូវធ្វើ​ឡើង​។ លោក​ថា កីឡាករ​លក់ខ្លួន​កាន់តែ​មាន​បច្ចេកទេស​វាយ​ប្រកួត​ពិបាក​ឲ្យ​មើល​ដឹង ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ក៏​មាន​បច្ចេកទេស​ក្នុង​ការ​ចាប់​ឱ្យ​ជាប់​ចំពោះ​បញ្ហា​មិន​ប្រក្រតី​នោះ​ដែរ​។

ប្រភព​ពី​កីឡាករ​បាន​អះអាង​ថា សកម្មភាព​ទិញ​ដូរ​កីឡាករ ពួក​គេ​ទទួល​បាន​ប្រាក់​ក្នុង​រង្វង់​៥០០​ដុល្លារ ឬ​តិច​ច្រើន​ជាង​នេះ​អាស្រ័យ​លើ​ការ​ចរចា ។ ប្រភព​ដដែល​បញ្ជាក់​ថា របៀប​ទិញ​ដូរ​កីឡាករ​នា​ពេល​បច្ចុប្បន្ន គឺ​គេ​ទិញ​ទាំង​ពីរ​សម្រាប់​គូ​នីមួយ​ៗ គឺ​អ្នក​ខ្លាំង​គេ​ទិញ​ឱ្យធ្វើ​ចាញ់ ហើយ​ម្ខាង​ទៀត​គេ​ទិញ​ឱ្យ​វាយ​ឈ្នះ ដើម្បី​ឲ្យ​ពួក​គេ​សហការ​គ្នា​វាយ​ប្រយុទ្ធ​ឱ្យ​សម កុំឱ្យ​មានការ​ចាប់​ថ្នាក់​នៅ​ពេល​កីឡាករ​ល្អ​ម្នាក់​ទៅ​ជា​ភ្លាត់​ហើយ​សន្លប់​ក្រោម​ដៃ​កីឡាករ​ម្ខាង​ទៀត​នោះ ។

លោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​បាន​អះអាង​ថា សហព័ន្ធ​មិន​មាន​ចំណាត់ការ​ទៅ​លើ​អ្នកទិញ​ដូរ​កីឡាករ​នោះ​ទេ ប៉ុន្តែ​គឺ​មាន​វិធានការ​ទៅ​លើ​កីឡាករ​នៅ​ពេល​ចាប់​បាន ។ លោក​ថា សហព័ន្ធ​នឹង​ចាត់​ឱ្យ​មានការ​រឹត​បន្តឹង​សា​ឡើង​វិញ​ទៅ​លើ​ករណី​នេះ ក្នុង​ពេល​សកម្មភាព​ចាក់​ភ្នាល់​ប្រដាល់​កាន់តែ​មាន​សភាព​ផុសផុល​នា​មួយ​រយៈ​ចុង​ក្រោយ ៕