ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ជូនពរ​កីឡាការិនី​ស្នូកឃ័រ​ឆ្នើម ស្រួ​ង ភា​វី ឈ្នះ​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ពេល​នេះ កីឡាការិនី​ស្នូកឃ័រ​ឆ្នើម​កម្ពុជា អ្នកស្រី ស្រួ​ង ភា​វី កំពុង​បន្តដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​ពេល​នេះ កីឡាការិនី​ស្នូកឃ័រ​ឆ្នើម​កម្ពុជា អ្នកស្រី ស្រួ​ង ភា​វី កំពុង​បន្តដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​ស្នូកឃ័រ​កា​រ៉ុ​ម​ជ្រើសរើស​ជើងឯក PBA Team League 2021-2022 ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ថ្មី​មួយទៀត នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ក្នុង​ពេល​ខាង​មុខ​។ នេះ​គឺជា​បេសកកម្ម​មួយ​បន្ថែម បន្ទាប់​ពី​លោកស្រី​ដណ្ដើម​បាន​ជើងឯក​ពានរង្វាន់​កម្រិត​ពិភពលោក Blue One Resort LPBA Championship 2021 (​ផ្នែក​នារី​) កាលពី​ចុងខែ​មិថុនា​កន្លង​ទៅ​។

លោកស្រី ស្រួ​ង ភា​វី បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ពានរង្វាន់ PBA Team League 2021-2022 គឺជា​ការ​ប្រកួត​ជា​ក្រុម ដែល​មាន​កម្រិត​ប្រកួតប្រជែង​ខ្លាំង បើ​ធៀប​នឹង​ការ​ប្រកួត Blue One Resort LPBA Championship កាលពី​ពេល​ថ្មី​ៗ ដែល​ជា​ការ​ប្រកួត​លក្ខណៈ​ឯកត្តជន​។ អ្វី​ដែល​ពិសេស​សម្រាប់​ការ​ប្រកួត​ជា​ក្រុម​នេះ គឺថា​ក្រុម​ជើងឯក នឹង​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់​១០​ម៉ឺន​ដុល្លារ​ឯណោះ​។

កីឡាការិនី​ដ៏​ល្បី​របស់​កម្ពុជា​រូប​នេះ​បន្ដ​ថា ព្រឹត្តិការណ៍​នេះ មាន​ក្រុម​ខ្លាំង​ៗ តំណាង​ក្រុមហ៊ុន​យក្ស​នៅ​កូរ៉េ​ចំនួន​៨​ចូលរួម ដែល​ចម្រាញ់​សុទ្ធតែ​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​លំដាប់​ពិភពលោក មក​ប្រកួត ជាក់ស្ដែង​លោកស្រី​លេង​ឲ្យ​ក្រុមហ៊ុន Blue One Resort ជាមួយ​មិត្ត​រួម​ក្រុម ៥​នាក់​ទៀត ដែល​មាន​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់ និង​កូរ៉េ ៤​នាក់​។ ចំពោះ​ការ​ប្រកួត​គ្រោង​ធ្វើ​ឡើង​រយៈពេល ១​ខែ ចាប់ពី​ថ្ងៃ​ទី​៦-​កក្កដា រហូត​ដល់​ដំណាច់ខែ​នេះ ដើម្បី​ចម្រាញ់​រក​ក្រុម​ជើងឯក​។

កីឡាការិនី​មាន​ប្រភព​ពី​ខេត្ត​ត្បូងឃ្មុំ លោកស្រី ស្រួ​ង ភា​វី បាន​បង្ហាញ​នូវ​មោទនភាព ដែល​ទទួល​បានការ​គាំទ្រ និង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ការ​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗ​ជា​បន្ដបន្ទាប់ ហើយ​លោកស្រី​បាន​ប្ដេជ្ញា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្ដើម​លទ្ធផល​ល្អ ជូន​អ្នកគាំទ្រ​របស់​ខ្លួន ទាំង​នៅ​សា​ធា​ណ​រដ្ឋ​កូរ៉េ និង​នៅ​កម្ពុជា ពិសេស​នាំ​មក​នូវ​កិត្តិយស​ជូន​ប្រទេស​កំណើត​របស់​ខ្លួន​ផ្ទាល់​តែ​ម្ដង​។

លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) ធ្លាប់​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ជា​រឿយ​ៗ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាការិនី ស្រួ​ង ភា​វី ហើយ​លោក​​បាន​ជំរុញ​អោយ​លោកស្រី​ខិតខំ​ហ្វឹកហាត់​បន្ថែម​ទៀត ពិសេស​លើ​ប្រភេទ​វិញ្ញាសា​ស្នូកឃ័រ ដែល​មាន​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ដើម្បី​មាន​លទ្ធភាព​ដណ្ដើម​មេដាយ​ជូន​ជាតិ​កាន់តែ​ច្រើន ពិសេស​រួម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា ដ្បិត​វិញ្ញាសា​ដែល​លោកស្រី​កំពុង​ប្រកប​អាជីព​បច្ចុប្បន្ន គឺ​ប្រភេទ​កីឡា​ស្នូកឃ័រ​កា​រ៉ុ​ម ឬ​ស្នូកឃ័រ​អាជីព​នេះ មិន​មាន​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នោះ​ទេ​។

គួរ​បញ្ជាក់​ថា នេះ​គឺជា​លើក​ដំបូង​ហើយ ដែល​លោកស្រី ស្រួ​ង ភា​វី បាន​ចុះ​កុងត្រា​ប្រកួត​តំណាង​ក្រុមហ៊ុន​នៅ​សាធារណរដ្ឋ​កូរ៉េ ដ្បិត​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក ដែល​លោកស្រី​ទៅ​រស់នៅ និង​ប្រកប​អាជីព​កីឡា​ស្នូកឃ័រ​កា​រ៉ុ​ម​នៅ​ទីនោះ លោកស្រី​បាន​ប្រកួត​លក្ខណៈ​ក្លឹ​ប ដោយ​ធ្លាប់​ដណ្ដើម​បាន​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ជា​ច្រើន​មក​ហើយ​។ មិនតែប៉ុណ្ណោះ លោកស្រី​ក៏​ធ្លាប់​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក ដោយ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ជូន​ប្រទេស​កម្ពុជា​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ