ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា លើកទឹកចិត្ត​អាមេរិក ឱ្យ​រួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក តាម​ប្រព័ន្ធ​វិ​ដេ​អូ នា​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន…

​ភ្នំពេញ​៖ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក តាម​ប្រព័ន្ធ​វិ​ដេ​អូ នា​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​លើកទឹកចិត្ត ចំពោះ​សហរដ្ឋអាមេរិក ឱ្យ​រួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ងើប​ចេញពី​ផលប៉ះពាល់​នៃ​ជំងឺ​នេះ ដោយ​ភាពរឹងមាំ​។ លោក​ប្រមុខ​ការទូត ក៏បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​វ៉ាក់សាំង​ពហុភាគី​និយម និង​ការទទួលបាន​ដោយ​ស្មើភាព​នូវ​វ៉ាក់សាំង ដែលមាន​តម្លៃ​សមរម្យ និង​មាន​ប្រសិទ្ធភាព​។

​ក្រសួងការបរទេស ប្រកាសថា លោក​ប្រមុខ​ការទូត​កម្ពុជា បានបង្ហាញ​នូវ​ការ​ជឿជាក់ថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ស​.​រ​.​អា ដែល​ត្រូវបាន​លើកកម្ពស់ គឺ​នឹង​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាង​ពិសេស​ដល់​ការកសាង​សហគមន៍​អាស៊ាន​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​-​នយោបាយ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ចែករំលែក​ការព្រួយបារម្ភ​ជាមួយ​រដ្ឋមន្ត្រី​ផ្សេងៗ​ទៀត ជុំវិញ​ការកើនឡើង​នូវ​ភាពស្មុគស្មាញ​នៃ​បញ្ហា​ប្រឈម​នានា ដែល​កំពុង​កើតចេញពី​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ការប្រែប្រួល​អាកាសធាតុ និង​ការគំរាមកំហែង​ផ្សេងៗ​ទៀត​។

​លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ស្របពេល​លោក​រដ្ឋមន្ត្រី គូសបញ្ជាក់​អំពី​ភាពចាំបាច់​ក្នុងការ​ទទួលស្គាល់ថា គ្មាន​បទដ្ឋាន​ណាមួយ ដែល​អនុវត្តបាន​គ្រប់​កាលៈទេសៈ​នោះទេ​។

​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ប្រកាន់ខ្ជាប់​ភាព​អត់ធ្មត់​ជា​អតិបរិមា ដើម្បី​ចៀសវាង​ការ​បន្តឹង​ស្ថានការណ៍​បន្ថែមទៀត និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ រួមទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ផងដែរ​។

​លោក​រដ្ឋមន្ត្រី បន្ថែមថា កិច្ចខិតខំ​ប្រឹងប្រែង​នានា គួរ​ត្រូវបាន​ផ្តោត​ការយកចិត្តទុកដាក់ លើ​កា​រព​ន្លឿ​ន​ការបញ្ចប់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រកបដោយ​ខ្លឹមសារ និង​មាន​ប្រសិទ្ធភាព ព្រមទាំង​ការអនុវត្ត​យ៉ាង​ពេញលេញ​នូវ​វិធានការណ៍​ដែល​បាន​ឯកភាពគ្នា​រួច ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​។

​លោក​ក៏បាន​លើកឡើង​ពី​វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ដោយ​លោក​បានបញ្ជាក់​អំពី​គោលការណ៍ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​តួនាទី ដែល​មិនអាច​ខ្វះ​បាន​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព សម្រាប់​ស្ថិរភាព​ក្នុង​តំបន់ និង​ការកសាង​សហគមន៍​អាស៊ាន​។

​លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​អំពី​ការឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​លើ​ប្រាំ​ចំណុច​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ដែល​បានសម្រេច កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ និង​ឆន្ទៈ​នយោបាយ​របស់​អាស៊ាន ក្នុងការ​គាំទ្រ​ដំណោះស្រាយ​សន្តិភាព តាមរយៈ​ការសន្ទនា​៕​