ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត បន្ត​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ទូទៅ ប្រមាណ​ជាង ១៣៥ ០០០​ដូ​ស​បន្ថែមទៀត​

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​៖ ការផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩ ដោយ​ស្ម័គ្រចិត្ត​ជូន​ពលរដ្ឋ​ទូទៅ នៅ​ខេត្តកំពត គិត​មកដល់ពេលនេះ មាន​ចំនួន ៣​លើក​ហើយ​។ លើក​ទី​៣​នេះ បន្ត​ចាក់​ជូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ទូទៅ​ប្រមាណ​ជាង ១៣៥…

ខេត្តកំពត​៖ ការផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩ ដោយ​ស្ម័គ្រចិត្ត​ជូន​ពលរដ្ឋ​ទូទៅ នៅ​ខេត្តកំពត គិត​មកដល់ពេលនេះ មាន​ចំនួន ៣​លើក​ហើយ​។ លើក​ទី​៣​នេះ បន្ត​ចាក់​ជូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ទូទៅ​ប្រមាណ​ជាង ១៣៥ ០០០​ដូ​ស​បន្ថែមទៀត ដោយ​ចាប់​ផ្ដើមដំបូង នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ទៅលើ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត ក្រុង​បូកគោ និង​ពលរដ្ឋ​រស់នៅ​ទីប្រជុំជន​នៃ​ស្រុក​ទឹកឈូ​ស្រុក​ជុំ​គិរី និង​ស្រុក​កំពង់ត្រាច​។

​ក្នុង​ដំណើរការ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង កាលពី​ថ្ងៃទី​១៣ ខែកក្កដា លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព និង​កងកម្លាំង​ជុំវិញ​ខេត្ត បាន​ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្តកំពត ដើម្បី​ជំរុញ​ការលើកទឹកចិត្ត​ដល់​គ្រូពេទ្យ និង​ប្រជាពលរដ្ឋ​ផងដែរ​។

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ និង​ប្រជាពលរដ្ឋ លោក ជាវ តា​យ អភិបាលខេត្ត លើក​បញ្ជាក់ថា ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ គឺជា​បញ្ហា​សកល​ទូទាំង​ពិភពលោក ដែល​បាន​ផ្ដោត​ការយកចិត្តទុកដាក់ ចំពោះ​បញ្ហា​ជំងឺ​ដ៏​កាច​សាហាវ​នេះ ទាំងអស់គ្នា​។ ដោយឡែក សម្រាប់​កម្ពុជា​យើង ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ខិតខំ​យកចិត្តទុកដាក់​គិតគូរ​យ៉ាងខ្លាំង អំពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ជានិច្ច​។ ក្នុងនោះ​សម្ដេច​តេ​ជោ ហ៊ុន សែន មិន​ត្រឹមតែ​បានដាក់​ចេញ​នូវ​ចំណាត់ការ និង​វិធាន​ការសំខាន់ៗ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​ប៉ុណ្ណោះ​ទេ សម្តេច ថែមទាំង​បាន​ខិតខំ​ស្វះ​ស្វែងរក​ជំនួយ​និង​ការទិញ​វ៉ាក់សាំង ដើម្បី​ចាក់​ការពារ​សុខភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ឲ្យ​បាន​យ៉ាងតិច​ចំនួន ១០​លាន​នាក់​។ មកដល់ពេលនេះ​កម្ពុជា សម្រេចបាន​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ជាង ៥​លាន​នាក់ ស្មើនឹង​ប្រមាណ​ជាង ៥០% ហើយ​ដែរ​។​

​ដោយឡែក សម្រាប់​ខេត្តកំពត សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន សម្រេច​ផ្ដល់ជូន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នេះ ជា​បន្តបន្ទាប់ ចំនួន ៣​លើក គិត​មកដល់ពេលនេះ ដែលមាន​ចំនួន​សរុប ១៧៦ ៨៥៦​ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់ ក្នុង​ការផ្ដល់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ និង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ឲ្យ​ចូលរួម​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅពេល​វ៉ាក់សាំង​មកដល់​ជា​បន្តបន្ទាប់ និង​ត្រូវ​អនុវត្តតាម​វិធានការ​ខា​ភិ​បាល ពិសេស​តាម​ការ​អំពាវ និង​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យបាន​ត្រឹមត្រូវ បើទោះបី​បាន​ចាក់​វ៉ាក់សាំង​ហើយ​ក្ដី ក៏​ត្រូវតែ​ប្រកាន់ខ្ជាប់ នូវ​ការអនុវត្ត​វិធានការ​សុខាភិបាល ៣​កុំ ៣​ការពារ ឱ្យបាន​ជាប់​ជាប្រចាំ​ទាំងអស់គ្នា​ផងដែរ​។

​សូមបញ្ជាក់ថា ក្នុង​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ​ក្នុង​ពេលនេះ មាន​មណ្ឌល​ផ្តល់​វ៉ាក់សាំង​ចំនួន ៦​ទីតាំង គឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត សាលាបឋមសិក្សា ហ៊ុន សែន ១​មករា មន្ទីរពេទ្យ​អនុស្សាវរីយ៍ ស៊ុន យ៉ា​ឃៀ​ល មណ្ឌល​សុខភាព​ត្រពាំងរ​ពៅ មណ្ឌល​សុខភាព​ត្រពាំង​សង្កែ មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច មណ្ឌល​សុខភាព​ត្រពាំង​រាំង​ស្រុក​ជុំ​គិរី​។

​ចំណែក​វ៉ាក់សាំង​កូ​វីដ​១៩ ដែល​ត្រូវ​ចាក់ មាន​ពីរ​ប្រភេទ គឺ​ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម សរុប​ចំនួន ១៣៥ ៨៥២​ដូ​ស​៕ ប្រាក់ សារិទ្ធ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ