ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ការពារ​ទឹកជំនន់​ក្នុង​ខណ្ឌដូនពេញជាជំនួយជប៉ុនសម្រេច​បាន​៩៨%​ និង​ឱ្យ​ដំណើរការ​ពី​ថ្ងៃ​ទី​១៦​ ខែកក្កដា​នេះ​តទៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លំអ​ប្រឡាយ​លូ​ជំហាន​ទី​៤ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ក្រោម​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ដែល​គម្រោង​សម្រេច​លទ្ធផល​បាន​៩៨​ភាគរយ ហើយនឹង​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​១៦​ខែកក្កដា​ឆ្នាំ​២០២១​នេះ​តទៅ ។…

រាជធានី​ភ្នំពេញ ៖ គម្រោង​ការពារ​ទឹកជំនន់ និង​កែ​លំអ​ប្រឡាយ​លូ​ជំហាន​ទី​៤ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ក្រោម​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ដែល​គម្រោង​សម្រេច​លទ្ធផល​បាន​៩៨​ភាគរយ ហើយនឹង​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​១៦​ខែកក្កដា​ឆ្នាំ​២០២១​នេះ​តទៅ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ក្នុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​ការពារ​ទឹកជំនន់ ជាមួយ​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា​នេះ​បានឱ្យ​ដឹង​ថា ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​នេះ​នឹង​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ជុំវិញ និង​ខាងជើង​វត្ត​ភ្នំ រួម​មាន​ផ្លូវ​លេខ​៤៧ ផ្លូវ​លេខ​៩០ ផ្លូវ​លេខ​៩២ ជាដើម ។ លោក​បាន​បន្ត​ថា គម្រោង​បាន​និង​អនុវត្ត​ការ​ដាក់​លូ​មេ​ជា​លូ​មូល និង​លូ​ប្រអប់​ខ្នាត​ធំ ដែល​មាន​ទំហំ​ចាប់ពី​អង្កត់ផ្ចិត​១,៥​ម៉ែត្រ ដល់​២,៣​ម៉ែត្រ សាងសង់​អាង​ក្រោម​ដី​ដែល​ស្តុក​ទឹកបាន​៦​ម៉ឺន​៥​ពាន់​ម៉ែត្រគូប មាន​ទំហំ​បណ្តោយ​១៣៥​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ ជំរៅ​៤​ម៉ែត្រ និង​សាងសង់​ស្ថានីយ​បូមទឹក​ថ្មី មាន​សមត្ថភាព​បូមទឹក​១,៤​ម៉ែត្រគូប ក្នុង​១​វិនាទី ។

គម្រោង​ការពារ និង​កែ​លំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល មាន​ទឹកប្រាក់​សរុប​ប្រមាណ​៣៦​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ។

គម្រោង​នេះ មាន​ទាំង​ការ​ដាក់​បណ្តាញ​លូ​មេ សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូមទឹក និង​ការ​តម្លើង​របា​មេកា​និក​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅ​មុខ​ផ្លូវ​បង្ហូរទឹក​នៃ​ស្ថានីយ​បូមទឹក ជាដើម ។

គម្រោង​ត្រូវ​បាន​ដាក់​បណ្តាញ​លូ​មេ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក ប្រវែង​ជាង​៨​គីឡូម៉ែត្រ និង​ការ​ដាក់​បណ្តាញ​លូ​មេ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ប្រវែង​៤,៤​គីឡូម៉ែត្រ និង​មានការ​សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី សាងសង់​ស្ថានីយ​បូមទឹក​នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ការ​តម្លើង​របា​មេកា​និក​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅ​មុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ ព្រះ​គម្លង់​១ ព្រះ​គម្លង់​២ និង​ផ្សារ​ចាស់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ