ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​-​កីឡាការិនី​កាយសម្ព័ន្ធ​កម្ពុជា ដណ្ដើម​បាន​លេខ​២ ក្នុង​ព្រឹត្តិការណ៍ Korea Open Aerobic Competition

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កីឡាករ​-​កីឡាការិនី​កាយសម្ព័ន្ធ​វ័យក្មេង​កម្ពុជា ២​រូប បាន​ទទួល​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ

​រាជធានីភ្នំពេញ ៖ កីឡាករ​-​កីឡាការិនី​កាយសម្ព័ន្ធ​វ័យក្មេង​កម្ពុជា ២​រូប បាន​ទទួល​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ 2021 Korea Open Aerobic Competition លើក​ទី​៦ នៅ​សាធារណៈរដ្ឋ​កូរ៉េ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​។

លោក ណ​យ ផា​ណា បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ បាន​ធ្វើការ​ប្រកួត​តាម​អន​ឡាញ​រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃ​ទី​១២-១៣ ខែកក្កដា ឆ្នាំ​២០២១ ដោយ​មាន​កីឡាករ​-​កីឡាការិនី​មក​ពី​៣០​ប្រទេស ស្មើនឹង​៣១០​ក្រុម និង​មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៥៣៨​នាក់ ក្នុង​នោះ​ក៏​មាន​វត្តមាន​កីឡាករ​-​កីឡាការិនី​កម្ពុជា​២​រូប​ដែរ គឺ​កីឡាករ ហាស់ សុខ​ហ៊ និង​កីឡាការិនី ម៉ូ ស្រី​ពៅ​។

កីឡាករ​-​កីឡាការិនី​ថ្នាល​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​នេះ បាន​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​គូរ​អាយុ​ក្រោម ១៨​ឆ្នាំ (Mixed Pair-Age Group II) ដែល​មាន​បេក្ខភាព​ប្រកួតប្រជែង ៣​ប្រទេស​ទៀត គឺ​ប្រទេស​កូរ៉េ​ខាងត្បូង ជប៉ុន និង​ម៉ុង​ហ្គោ​លី​។ ជា​លទ្ធផល ហាស់ សុខ​ហ៊ និង ម៉ូ ស្រី​ពៅ ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ​លេខ​១ បាន​ទៅ​ម្ចាស់ផ្ទះ​កូរ៉េ​ខាងត្បូង និង​លេខ​៣ បាន​ទៅ​ជប៉ុន​។

តាម​រយៈ​លទ្ធផល​នេះ អគ្គលេខាធិការ​សហព័ន្ធ​ខាងលើ បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​វ័យក្មេង​កម្ពុជា ដែល​បាន​បង្ហាញ​នូវ​ភាព​រីក​ចម្រើន​ទាំង​សមត្ថភាព និង​បច្ចេកទេស ទោះបី​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​បិទទ្វារ​ហ្វឹកហាត់​លក្ខណៈ​ស្វ័​យ​បុ​គ្ក​ល​ក៏​ដោយ​។ លោក​បាន​ចាត់​ទុក​នេះ​ជា​សញ្ញាណ​ដ៏​ល្អ ដើម្បី​ត្រៀម​ការ​ប្រកួត​អន្ដរជាតិ​នានា ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

លោក ណ​យ ផា​ន់​ណា បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចូលរួម​ព្រឹត្តិការណ៍ Korea Open Aerobic Competition ប៉ុន្ដែ​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ឆ្នាំ​នេះ សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​តែ ២​រូប​ប៉ុណ្ណោះ​ចូលរួម​។ លើស​ពី​នេះ សហព័ន្ធ​ក៏​បាន​បញ្ជូន​អាជ្ញាកណ្ដាល​អន្ដរជាតិ​២​រូប ចូលរួម​កាត់សេចក្ដី​ក្នុង​ការ​ប្រកួត​ដ៏​ធំ​នេះ​ផង​ដែរ គឺ​លោក សោ សុ​ផេង និង​លោក វាស សា​រិ​ទ្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ