ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ម្ទេសខ្មាំង អង្គុយ​កៅអី​16​នាក់​ទាំង​ចម្រូងចម្រាស

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជម្រុះ​បើក​ឆាក​ស​ប្ដា​ហ៍​ទី​១ នៅ​ក្នុង​ព្រឹត្តិការណ៍ «​ជើងឯក​Tiffy Super Fight វគ្គ​២ »​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម បាន​ចាប់ផ្ដើម​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៣ ធ្នូ នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​។

រាជធានី​ភ្នំពេញ ៖  ការ​ប្រកួត​ជម្រុះ​បើក​ឆាក​ស​ប្ដា​ហ៍​ទី​១ នៅ​ក្នុង​ព្រឹត្តិការណ៍ «​ជើងឯក​Tiffy Super Fight វគ្គ​២ »​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម បាន​ចាប់ផ្ដើម​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៣ ធ្នូ នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​។ កីឡាករ ពេជ្រ ម្ទេសខ្មាំង ជា​អ្នក​ឡើង​អង្គុយ​កៅអី​១៦​នាក់​មុនគេ​ក្នុង​ចំណោម​៣២​នាក់ ដែល​ត្រូវ​កំណត់​ឱ្យ​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ ។ ទោះបី​យ៉ាងណា លទ្ធផល​ដែល​គេ​ក្ដោប​ក្ដាប់ គឺ​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​បំផុត ដោយសារ​តែ​មាន​បញ្ហា​លេចឡើង ។

ព្រឹត្តិការណ៍ «​ជើងឯក Tiffy Super Fight វគ្គ​២» ដែល​ទើប​ដំណើរការ​នេះ ត្រូវ​គេ​កត់​សម្គាល់ថា សមាសភាព​ចូលរួម​សុទ្ធតែ​ជា​កីឡាករ​ល្អ និង​ល្បីឈ្មោះ​ភាគច្រើន​នៅ​ក្នុង​ពិភព​ប្រដាល់ ។ ជាក់ស្ដែង​វត្តមាន​របស់​កីឡាករ​៤​រូប ដែល​ឡើង​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​កាលពី​យប់ម្សិលម្ង៉ៃ ក្រៅពី​មានបទពិសោធន៍​ខ្ពស់​ហើយ​គឺ​ល្បី​ទៀត​ផង ដោយ​មួយ​ចំនួន​ក៏​ធ្លាប់​ឡើង​ប្រកួត​គូ​អន្តរជាតិ ។ អ៊ីចឹង​ហើយ​ទើប​សភាព​មិន​ប្រក្រតី​ដែល​បាន​កើតឡើង​សម្រាប់​គូ​បើក​ឆាក​ជើងឯក គឺ​មានការ​កត់សម្គាល់​ភាគច្រើន​។

កីឡាករ​ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អា​រុណ​រះ​កីឡា គឺជា​គូ​ទី​១​ដែល​ខាង​គណៈកម្មការ​ប្រដាល់​រៀបចំ​ឲ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​គឿ​ន សុខ​ហេង មក​ពី​ក្លិប​មកុដ​រាជសីហ៍​។ អ្នក​ទាំង​ពីរ​ល្បីឈ្មោះ​ក្នុង​ពិភព​ប្រដាល់​ខុស​គ្នា ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុចរួម គឺ​ពួក​គេ​ឈាន​ឡើង​ក្នុង​តំណែង​ជា​កីឡាករ​ល្អ​ដូច​គ្នា​នៅ​លើ​សង្វៀន​នា​ពេល​ចុង​ក្រោយ ។

យ៉ាងណា​ក៏​ដោយ កីឡាករ​ម្ទេសខ្មាំង ត្រូវ​គេ​មើលឃើញ​ពី​សន្ទុះ​វាយលុក​ល្អ​ជាង​ដាច់​ឆ្ងាយ បើ​ទោះជា​កីឡាករ​បង្គោល​ខៀវ​ក៏​ជា​ជើង​ខ្លាំង​ដែរ ។ ទាំង​ជើង​ទាំង​ដៃ កីឡាករ​គឿ​ន សុខ​ហេង ទប់​មិន​ជាប់​ជាមួយ​បង្គោល​ក្រហម​នោះ​ទេ ដោយ​សភាព​ក្នុង​ការ​វាយលុក​គឺ​ច្បាស់​ណាស់​ថា​គេ​នឹង​ធ្លាក់​មិន​អាច​ឈាន​ទៅ​វគ្គ​១៦​នាក់​នោះ​ផង ។

ជាមួយនឹង​ឱកាស​បាត់បង់​ជំហាន​បន្ត​នៅ​នឹង​មុខ​នោះ​ហើយ ដែល​កីឡាករ គឿ​ន សុខ​ហេង ត្រូវ​គេ​ចោទ​ថា ធ្វើ​ពុត បន្ទាប់​ពី​បង្គោល​ក្រហម​ទាត់​ត្រូវ​ប្រដាប់​ការពារ​ដោយ​អ​ចេតនា ។ ទោះ​មានការ​ពន្យារពេល​រាប់ និង​មានការ​ព្រមាន​ពី​មន្ត្រី​ផ្នែក​វិន័យ​ប្រចាំ​សហព័ន្ធ​ប្រដាល់ ក៏​កីឡាករ​រូប​នេះ​នៅ​តែ​ននៀល​លើ​រេញ ហើយ​មិន​ព្រម​ងើបឡើង​ប្រកួត​បន្ត​ដែល​នាំ​ឲ្យ​គណៈកម្មការ​ប្រកាស​ថា​ជា​ទ​ង្វើ​ស៊ី​ឡាក​។

លោក​រាជ សូ​ផែន មន្ត្រី​ទទួល​បន្ទុក​ផ្នែក​វិន័យ​ប្រចាំ​នៅ​ក្នុង​សហព័ន្ធ​ប្រដាល់ បាន​ប្រកាស​ថា សភាព​ទាត់​ត្រូវ​របស់​ពេជ្រ ម្ទេសខ្មាំង មិន​អាច​បណ្ដាល​ឲ្យ​គឿ​ន សុខ​ហេង ចុកចាប់​ដល់​ថ្នាក់​ក្រោក​មិន​រួច​ក្រោយ​ការ​សម្រួល និង​ពន្យារពេល​នោះ​ទេ ។ លោក​ចាត់​ទុក​ថា​នោះ​ជា​ទ​ង្វើ​ស៊ី​ឡាក និង​ប្រកាស​ឲ្យ​ចាញ់​នៅ​ដើម​ទឹក​ទី​២ ដោយសារ​តែ​គេ​មិន​ព្រម​ក្រោក​បន្ត​ការ​ប្រកួត ។ មានការ​អះអាង​ថា ប្រធាន​ក្លិប​មកុដ​រាជសីហ៍​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សហព័ន្ធ​ប្រដាល់ ដោយ​ចោទ​ថា មន្ត្រី​សហព័ន្ធ​បំពេញការងារ​ខុស​បច្ចេកទេស​ហើយ​កាត់ក្ដី​ដោយ​មិន​យុត្តិធម៌ ។ 

យ៉ាងណា​ក៏​ដោយ លោក​សេង ក​ដិ​ការ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា  លោក និង​មន្ត្រី​សហព័ន្ធ​ប្រដាល់​បាន​ត្រៀម​ខ្លួន​ទទួល​ដោះស្រាយ​ចំពោះ​ការ​ចោទប្រកាន់​នោះ​ហើយ​។ លោក​និយាយ​ថា​៖«​ឥឡូវ​ហ្នឹង​ខាង​សហព័ន្ធ​ថា​គេ​ប្ដឹង​ហើយ ប៉ុន្តែ​យើង​មានច្បាប់​របស់​យើង ព្រោះ​យើង​មាន​ភស្ដុ​តាង​ចំពោះ​រឿង​ហ្នឹង ។ ម្យ៉ាង​បើ​អា​ខៀវ​ត្រូវ​គេ​វាយ​ចំ​ប្រដាប់​ការពារ​ដល់​ថ្នាក់​ចុក​មែន វា​មិន​ដែល​ឲ្យ​សម្រាក​ដល់​ទៅ​៥​នាទី ហើយ​ឲ្យ​ពេទ្យ​ទៅ​សម្រួល​ផង​នៅ​តែ​ក្រោក​មិន​រួច​នោះ​ទេ ព្រោះ​វី​ដេ​អូ​បង្ហាញ​ច្បាស់​ហើយ​ថា​វា​អត់​ធ្ងន់​!» ។ លោក​ថា​នេះ​ជា​ករណី​ទី​១ ដែល​ប៉ុស្ដិ៍​លេខ​៥​បាន​ជួប​ប្រទះ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ចំណាត់ការ​ដោះស្រាយ​នឹង​មាន​លទ្ធផល​យ៉ាងណា​នោះ​ទេ​។ យ៉ាងណា​ក៏​ដោយ​លោក​ថា​កីឡាករ​ពេជ្រ ម្ទេសខ្មាំង នៅ​តែ​កំណត់​ថា​ឈ្នះ​ការ​ប្រកួត ហើយ​ឡើង​អង្គុយ​កៅអី​១៦​នាក់​មុនគេ ដោយ​គ្មាន​ការ​សើរើ​នោះ​ទេ បើ​ទោះ​ករណី​ចម្រូងចម្រាស​រវាង​មន្ត្រី​សហព័ន្ធ និង​ក្លិប​របស់​កីឡាករ​គឿ​ន សុខ​ហេង ស្ថិត​ក្នុង​ការ​ដោះស្រាយ​មិន​ទាន់​ចប់​។ 

សម្រាប់​មួយគូ​ទៀត​ដែល​ដណ្ដើម​ជើងឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដូច​គ្នា កីឡាករ គុណ សំណង មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធិ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី ជា​អ្នក​ឈ្នះ ហើយ​បាន​ឡើង​ទៅ​វគ្គ​១៦​នាក់ បន្ទាប់​ពី​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​មក​ពី​ក្លិប ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ឈ្មោះ សុខ ទូ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ៕