ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ក្នុងពេលថ្លែងសារ​ពិសេសជូន​ជនរួមជាតិ អំពីស្ថានភា​ពជំងឺកូវីដ១៩ នៅកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន…

ភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ក្នុងពេលថ្លែងសារ​ពិសេសជូន​ជនរួមជាតិ អំពីស្ថានភា​ពជំងឺកូវីដ១៩ នៅកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់​រាជធានីខេត្ត​ទាំងអស់ ត្រូវត្រៀមរៀបចំក្តារមឈូស សម្រាប់ដាក់​សពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩​។

ក្នុងបទបញ្ជា​ណែនាំនោះ សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​ឲ្យ​យក​ឈើ ដែល​គណៈ​កម្មការ​​ចម្រុះដឹកនាំដោយ​លោកនាយឧត្តមសេនីយ៍ សៅ សុខា ចាប់រឹបអូស​​​បានកន្លងមក យកទៅធ្វើមឈូស ព្រមទាំង​ណែនាំដល់​ខេត្តរាជធានីទាំងអស់ ត្រូវទិញ​​ក្តារមឈូស ក្នុងរាជធានីខេត្តនិមួយៗ យ៉ាង​ហោច​ណាស់ ៨០% ​នៃក្តារមឈូស ដែលមាន ដើម្បីត្រៀម​ដាក់​ស​ព​អ្នកស្លាប់ដោយកូវីដ​។​

ជាមួយគ្នានោះ ក៏មានសេចក្តីរាយការណ៍ថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ​គ្រោងទិញក្តារ​មឈូសប្រមាណ ៣.០០០​ ផ្តល់ជូន​អាជ្ញាធរខេត្តរាជធានី​។​ ក្នុងនោះ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ក្តារមឈូសប្រមាណ ១០០០ ក្តារមឈូស ត្រូវបានដឹក​ចូល​មក​ពីថៃ តាមច្រកព្រំដែន​​ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្តារមឈូសរបស់ថៃ​ ១​តម្លៃ ១០០០​បាត ដោយមន្ត្រីអះអាងថា ជា​តំលៃថោកជាងក្តារមឈូស ក្នុងស្រុក ទើបរាជរដ្ឋាភិបាល​កម្ពុជា បានកម្ម៉ង់​ទិញពីប្រទេសថៃ សម្រាប់បែងចែកជូនអាជ្ញាធររាជធានីខេត្ត​ សម្រាប់​ត្រៀមបម្រុងដាក់សាកសពអ្នក​ស្លាប់​ដោយជំងឺកូវីដ​។

ជាមួយគ្នានោះ ​​ក្រសួង​បរិស្ថាន ក៏បាន និងកំពុងចាប់ផ្តើមធ្វើក្តារមឈូស ដែលធ្វើ​ពីឈើ​សរុបប្រមាណជាង ១.៣០០ម៉ែត្រគូប។ ឈើទាំងនេះ ត្រូវបានក្រសួងបរិស្ថាន ចាប់​រឹបអូស​បាន អំឡុងពេលបង្ក្រាបបទល្មើសធនធានធម្មជាតិ កាល​ពីឆ្នាំ២០២០ និងនៅ​ឆ្នាំ២០២១​ នេះ​​។ ឈើ​ទាំងនេះ  អាចផលិតក្តារមឈូស បានប្រមាណ​ជាង  ១ ០០០  នឹងត្រូវជូនគណៈកម្មការជាតិ​ប្រឆាំងនឹង​ជំងឺកូវីដ ១៩ ដើម្បីចាត់ចែងដាក់សព ដែល​ស្លាប់ដោយជំងឺកូវីដ១៩។

​​ក្រសួង​បរិស្ថាន បានប្រកាសថា គិត​មកដល់​ថ្ងៃទី១១ ខែកក្កដា មន្ទីរបរិស្ថានខេត្ត ចំនួន ១៧ បាន​ផលិតក្តារ​មឈូស បានចំនួន​ជាង ៤០០ និងបានកំពុងបន្តការផលិតបន្ថែមទៀត។

​ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្រសួងសុខាភិបាល បានប្រកាសថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅទូទាំងប្រទេស មាន​អ្នកឆ្លង​កូវីដ១៩ ចំនួន ៨៣០នាក់ ជាសះស្បើយ ១០១២នាក់ និង​ករណី​ស្លាប់ ចំនួន ២៨នាក់​។​ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេស មាន​ករណី​ឆ្លងកូវីដ១៩ សរុប ចំនួន ៦២ ៧០០​នាក់។ ករណី​ជាសះស្បើយ​សរុប ចំនួន ៥៤​ ៤៨៩នាក់ និង​ករណី​ស្លាប់​សរុប ចំនួន ៩៥៣​នាក់។

បើគិតចាប់ពីថ្ងៃទី​១១​មីនា មកដល់ថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០២១ ករណីអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅកម្ពុជា សរុបមាន​ចំនួន ៩៥៣​​នាក់​ហើយ​។​ មកដល់ថ្ងៃទី១២កក្កដា ឆ្នាំ២០២១ នៅភ្នំពេញ នៅសល់​សព​ប្រមាណ ៥០​នាក់ ដែលមិនទាន់​បូជា។ ការស្តុក​ទុក​សាកស​ពក្នុងទូរក្លាស្សេ​នេះ មិនមែន​មក​ពីខ្វះក្តារមឈូសទេ តែ​មក​ពីមិន​មាន​បច្ចា​​សម្រាប់បូជា ខណៈដែល​កន្លែង​បូជាស​ព​អ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ សម្រាប់រាជធានីភ្នំពេញ ដែលកំពុងសាងសង់ លើផ្ទៃដី ៧០ហិកតា នៅស្រុកថ្ពង ខេត្តកំ​ពង់ស្ពឺ មកដល់ពេលនេះ មិនទាន់​រួចរាល់​នៅឡើយទេ​។

ជា​​ការ​​​ពិត ការរៀបចំ​ក្តារមឈូស​ដល់សព គឺជាការគោរ​ពដល់​អ្នកស្លាប់ ទៅតាម​ជំនឿប្រពៃណី​ ដែល​ខ្មែរយើង តែងតែ​ប្រារ​ព្ធ​។ ប៉ុន្តែសម្រាប់អ្នកស្លាប់ដោយកូវីដ គឺជា​ករណី​ពិសេស ​ព្រោះថា សពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មិនត្រូវបានប្រគល់​ឲ្យក្រុម​គ្រួសារ យកទៅធ្វើបុណ្យ​តាមប្រ​ពៃណីទំនៀមទម្លាប់ឡើយ​។ ពោលគឺដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ គឺស​ព​អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានគណៈកម្មការ​ ដែលដឹកនាំដោយ​គ្រូពេទ្យ​ រៀបចំចាត់​ចែង​​តាមក្បួន​វេជ្ជសាស្ត្រ​យ៉ាងត្រឹមត្រូវ ហើយ​​កន្លង​មក ស្លាប់​ភ្លាម សពនោះ ត្រូវបាន​បញ្ជូន​​​ទៅបូជា​ភ្លាម ដោយមិនមានសាច់ញាត្តិ​ណា ​អាចដង្ហែ​សពទៅបូជា​ ឬទៅបញ្ចុះ​ឡើយ​។ ចុងក្រោយ មានតែ​ក្រុមគ្រូ​ពេទ្យ យកធាតុ​ ដែល​ដាក់​ក្នុង​​កោដិ​​ យក​​ទៅ​​​ឲ្យ​​សា​​ច់​​ញាត្តិ​​តែ​​ប៉ុណ្ណោះ​​។

យ៉ាងណាក៏ដោយ​ ការត្រៀមក្តារ​មឈូស​នេះ មិនមែនជាការបន្លាច មិនមែនជាការ​ប្រមាថ ហើយ​ក៏​មិន​មែន​​ជា​ក្តី​សុបិន្ត​ដែរ តែវា​ជាការពិត ខណៈឥឡូវនេះ អត្រានៃការស្លាប់ដោយសារជំងឺកូវីដ​ នៅទូទាំងប្រទេស​យើង មាន​​ចន្លោះពី ២០ ទៅ ៣០នាក់ ក្នុង ១ថ្ងៃៗ​។

​​នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា​ រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរ ហើយក៏ដូចជាការរក្សាកិត្តិយស និងជាការគោរពដល់សពឲ្យ​មាន​មឈូសត្រឹមត្រូវ ដោយ​​សម្តេច​ បាន​មានប្រសាសន៍ថា «ទោះ​បី​​ជា​ប្រទេស​យើង​ក្រ​ តែ​មិនត្រូវឲ្យពលរដ្ឋខ្មែរយើង ស្លាប់ដោយអណោចអធ័មឡើយ»។

ដូច្នេះ​​​អាជ្ញាធរ​សមត្ថកិច្ច និងពេទ្យ គួរតែចាត់ចែង​តាមការគួរ​ លើ​សពអ្នកស្លាប់​ដោយកូវីដ ដោយរក​ក្តារ​មឈូស ​ក្នុងស្រុក តាម​តំបន់នោះ ដាក់​សពឲ្យបានសមរម្យ តែក៏មិនចាំបាច់ដល់ថ្នា​ក់​យកឈើ​ប្រណិតៗ ដែល​អាជ្ញាធរសមត្ថកិច្ច ចាប់​បាន​ក្នុងបទ​ល្មើស​​បង្ក្រាបព្រៃឈើក្នុង​ពេលកន្លងមក យកមកធ្វើមឈូស​​នោះទេ​។ ​កន្លងមក បើមានអ្នកឈឺកូវីដ រហូតដល់ស្លាប់ គឺ​សាច់​ញាត្តិ​ បានឃើញត្រឹមតែឡើងឡានពេទ្យ​ ចេញពីផ្ទះ ទៅកន្លែងសម្រាកព្យាបាលប៉ុណ្ណោះ​ ហើយក៏លែង​​បានឃើញ​មុខផ្ទាល់​ទៀតហើយ។

កន្លងមក កុំ​តែពេទ្យ ឬអាជ្ញាធរសមត្ថកិច្ច ថតរូប​ពេលលើក​សព ដែល​រុំ​ក្រណាត់​កៅស៊ូតាមក្បួន​ពេទ្យ បញ្ចូល​ឡ សម្រាប់បូជា កុំ​អី​ ក៏​យើង​​មិន​បាន​​ឃើញ​​​​នោះ​​ឡើយ​។ ប៉ុន្តែ​ចុង​ក្រោយ​នេះ ​ក៏​ឃើញ​ក្រុម​អ្នកពាក់ខោអាវពេទ្យការពារកូវីដ លើកមឈូស​ បញ្ចូល​​ឡបូជា នៅតាម​បណ្តាខេត្ត​នានា​ ដែលត្រូវបានថត​ មកផ្សព្វផ្សាយ​។

ដូច្នេះ​ គួរតែមានការ​កំណត់ ជា​​គោលការណ៍ពីការ​រៀបចំក្តារ​មឈូស សម្រាប់សពអ្នកស្លាប់ដោយកូវីដ ហើយគួរតែប្រើ​ក្តារមឈូស​​ក្នុងស្រុក​ឲ្យអស់លទ្ធភាព ព្រោះថា ស្រុកយើង មិនខ្វះឈើ សម្រាប់គ្រាន់តែធ្វើមឈូស​នោះទេ​។ តែក៏មិនគួរ ដល់​ថ្នាក់​ថា យកឈើ​ល្អ​ប្រណិតៗ​ មាន​បេន នាងនួន ឬគ្រញូង ដែលគណៈកម្មការ​ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា ឬក៏ក្រសួង​បរិស្ថាន ​ចាប់​បង្ក្រាប​បាន កន្លងមក យកមកធ្វើក្តារមឈូស សម្រាប់ដាក់សព អ្នកស្លាប់ដោយកូវីដ​នោះ​ឡើយ។

ក្នុងរឿងនេះ គួរតែលៃ​លកយ៉ាងណា ឲ្យ​ចំណាយអស់​តិច ហើយ​បើអាច គួរតែ​ទុកថវិកា​ ដែលចំណាយ​លើក្តារមឈូស​ថ្លៃៗ​នោះ ប្រគល់​ជូនក្រុមគ្រួសារសពវិញ​ ប្រសើរជាជាង​៕