ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាលើកទី១ហើយ ដែលក្រុមគ្រួសារ មានសមាជិក​ស្លា.ប់ ដោយជំងឺកូវីត១៩ ទទួលថវិការបស់សម្តេច​តេជោ ហ៊ុន សែន

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

 ខេត្តកំពង់ឆ្នាំង៖ ទឹកប្រាក់ចំនួន ៤០លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំអភិបាលរងខេត្ត…

 ខេត្តកំពង់ឆ្នាំង៖ ទឹកប្រាក់ចំនួន ៤០លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំអភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការ នាំយកទៅប្រគល់ជូន និងសាកសួរសុខទុក្ខដល់ក្រុមគ្រួសារ ដែលមានសមាជិក បានស្លាប់ដោយសារ Covid-19 ក្នុងរយៈកាលកន្លងមក។ ពិធីនេះ បានធ្វើឡើងនៅក្នុងមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែកក្ក​ដា ឆ្នាំ ២០២១។

នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បាន​សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ​ដល់បងប្អូន ដែលមានសមាជិកគ្រួសារ បានស្លាប់ដោយសារជំងឺកូវីដ១៩។

ថ្ងៃនេះ ក្នុងនាមអាជ្ញាធរខេត្តកំពង់ឆ្នាំង លោក​ សូមប្រគល់ជូននូវថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារ មានសមាជិកស្លាប់ ដោយសារជំងឺកូវីត១៩ ចំនួន ៨គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានថវិកា ៥លានរៀល។ ថ្វីបើប្រាក់ទាំងនេះ មិនច្រើនក៏ពិតមែន ក៏ប៉ុន្តែអាចជួយសម្រាល​ទុក្ខលំបាកបងប្អូនបាន​មួយគ្រាដែរ។

លោក​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើដល់បងប្អូន ដែលជាសមាជិកគ្រួសារ មានអ្នកស្លាប់ ដោយសារជំងឺដ៏កាចសាហាវមួយនេះ សូមអនុវត្តនូវវិធានការ​របស់រាជរដ្ឋាភិបាល គឺ៣កុំ និង ៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ១៩​។

ជាមួយគ្នានោះដែរ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍ថា​ ជំងឺកូវីត បានរាត​​ត្បាត ចូលដល់​ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ​មានចំនួនអ្នកវិជ្ជមាន​ កើនឡើងដល់ជាង ១០០០​នាក់ ដែលតួលេខនេះ ពិតជាព្រួយបារម្ភក្រៃលែង។ ចំណែកអ្នកស្លាប់ ដោយសារជំងឺ​កូវីដ១៩ គិតមកដល់ថ្ងៃនេះដែរ មានចំនួន ២១នាក់។ ប៉ុន្តែថ្ងៃនេះ ថវិកា ដែលខេត្ត ទទួលបានពីសម្ដេចតេជោ ហ៊ុន សែន លើកទី១ បានត្រឹមតែ ៨ នាក់ប៉ុណ្ណោះ ហើយនឹងបន្តប្រគល់ជូន​នៅវគ្គក្រោយៗទៀត រហូតដល់គ្រប់ចំនួន ត្រូវប្រគល់ជូនក្រុមគ្រួសារ មានសមាជិកស្លាប់ ដោយសារជំងឺ​កូវីតនេះផងដែរ​។

ដោយឡែក លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា​ នេះជាថវិកា​​របស់សម្ដេចតេជោ ហ៊ុន សែន​។ ប៉ុន្តែបងប្អូន ដែលមានសមាជិកស្លាប់ ដោយសារកូវីត១៩ នៅមានប្រាក់ឧបត្ថម​ពីរាជរដ្ឋាភិបាលថែមទៀត តាមរយៈក្រសួងសង្គមកិច្ច ដែលមានមន្ទីរសង្គមកិច្ចជាសេនាធិការ ដោយហេតុនេះហើយ សូម​ឱ្យបងប្អូន ទាក់ទងទៅអាជ្ញាធរភូមិ ឃុំ ឬសង្កាត់ ដើម្បីធ្វើលិខិតបញ្ជាក់ ដើម្បីបើកប្រាក់បន្ថែមទៀត ពីរាជរដ្ឋាភិបាល​តាមរយៈវីង​។ បងប្អូនគ្រាន់តែទៅបំពេញឯកសារនៅតាមអាជ្ញាធរភូមិ ឃុំ ឬសង្កាត់ ដែលបងប្អូនរស់នៅ ហើយកិច្ចការបន្តឃុំ ឬសង្កាត់ គេនឹងធ្វើលិខិត រួចបើកប្រាក់ ​តាមរយៈវីង យកមកជូនបងប្អូនជាពុំខានឡើយ។ ចំពោះប្រាក់ឧបត្ថម្ភពី​រាជរដ្ឋាភិបាលនោះ លោក មិនដឹងចំនួនប៉ុន្មានទេ ប៉ុន្តែប្រាក់ទាំងនោះ មិនស្មើគ្នានោះទេ គឺទៅតាមសមាជិកតិច ឬច្រើនផងដែរ។

សូមបញ្ជាក់ថា​ នេះជាលើកទី១​ហើយ ដែលក្រុមគ្រួសារ មានសមាជិកស្លាប់ ដោយជំងឺ​កូវីត១៩ ទទួលបានអំណោយ​ពីប្រមុខរាជរដ្ឋាភិបាល៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ