ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​ត្រូវការ​កែទម្រង់សេដ្ឋកិច្ច​បន្ថែម​ទៀត​ដើម្បី​ចូលរួម​ក្នុង AEC នា​ពេល​ខាង​មុខ

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​ក្រុមហ៊ុន​ក្នុងស្រុក Parami Roundtable Group ឲ្យ​ដឹង​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវធ្វើ មុន​ពេល​ប្រទេស​នេះ​ត្រៀមលក្ខណៈ​ចូលរួម​ក្នុង​សមាគម​សេដ្ឋកិច្ច​អាស៊ាន (AEC)

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​ក្រុមហ៊ុន​ក្នុងស្រុក Parami Roundtable Group ឲ្យ​ដឹង​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវធ្វើ មុន​ពេល​ប្រទេស​នេះ​ត្រៀមលក្ខណៈ​ចូលរួម​ក្នុង​សមាគម​សេដ្ឋកិច្ច​អាស៊ាន (AEC) ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ដឹក​ជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ការ​ផ្គត់ផ្គង់​អគ្គិសនី និង​គោលនយោបាយ​សេដ្ឋកិច្ច​ផង​ដែរ ។

សមាគម​សេដ្ឋកិច្ច​អាស៊ាន (AEC) នឹង​ចូល​ជា​ធរមាន​នៅ​ដំណាច់ឆ្នាំ​នេះ ដែល​នឹង​បើក​ប្រតិបត្តិការ​នូវ​ពាណិជ្ជកម្ម​តាម​ព្រំដែន​ក្នុង​ទម្រង់​សហគមន៍​សេដ្ឋកិច្ច​តែ​មួយ ។ មី​យ៉ា​ន់​ម៉ា ឡាវ និង​កម្ពុជា នៅ​មិន​ទាន់​បាន​ផ្តល់​នូវ​ការ​ត្រៀមខ្លួន​ចូលរួម​ក្នុង​សមាគម​សេដ្ឋកិច្ច​អាស៊ាន​នៅឡើយ​ទេរ​ហូត​ដល់​ឆ្នាំ​២០១៨ ក្នុង​ការ​អនុវត្ត​នូវ​ការ​កែទម្រង់​បន្ថែម និង​ការ​ទទួលយក​បណ្តា​ប្រទេស​ដទៃ ។

លោកស្រី Daw Khin Ohn ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Parami បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​កាលពី​ស​ប្តា​ហ៍​មុន​ថា ៖ « មី​យ៉ា​ន់​ម៉ា​មិន​ទាន់​បាន​ត្រៀមខ្លួន​ចូលរួម​ក្នុង​សមាគម​សេដ្ឋកិច្ច​អាស៊ាន​នៅឡើយ​ទេ ប៉ុន្តែ​ខ្លួន​ត្រូវ​តែ​អនុវត្ត​តាម​ការ​ធ្វើ​និយ័ត​កម្ម​ទាំងឡាយ ពីព្រោះ​មី​យ៉ា​ន់​បាន​ចុះហត្ថលេខា​ចូល​ជា​សមាជិក​រួច​ហើយ » ។

លោកស្រី​បន្ត​ថា ៖ « កាលពី​អតីតកាល មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​រិះគន់​ដោយ​សមាជិក​ដទៃ​ទៀត​របស់​អាស៊ាន ពី​ការ​ធ្លាក់​ចុះ​លើ​ការ​អនុវត្ត​តាម​ការ​ធ្វើ​និយ័ត​កម្ម​ផ្សេង​ៗ ។ ដើម្បី​ចៀសវាង​ការ​កើត​មានរឿង​នេះ​សា​ជា​ថ្មី​នោះ ការ​ត្រៀមខ្លួន​របស់​យើង គួរតែ​ចាប់ផ្តើម​ពី​ពេល​នេះ​តទៅ » ។

ស្រប​ពេល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​មី​យ៉ា​ន់​ម៉ា មាន​ចំនួន​២៣​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​សិង្ហ​បុរី​មាន​ចំនួន​៧៨៣​ប៊ី​លាន​ដុល្លារ​, ថៃ​៤៧៨​ប៊ី​លាន​ដុល្លារ​, ម៉ា​ឡេ​ស៊ី​៤៣៤​ប៊ី​លាន​ដុល្លារ​, ឥណ្ឌូ​ណេ​ស៊ី​៣៦៩​ប៊ី​លាន​ដុល្លារ​, វៀតណាម​២៦៤​ប៊ី​លាន​ដុល្លារ និង​ហ្វ៊ី​លី​ពី​ន​១១៩​ប៊ី​លាន​ដុល្លារ ។

នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ពាណិជ្ជកម្ម​នេះ មី​យ៉ា​ន់​ម៉ា​បាន​ណែនាំ​នូវ​ការ​កាត់​ពន្ធ​ពាណិជ្ជកម្ម​ចាប់តាំងពី​ឆ្នាំ​២០១៣ ។ ការ​ប្រតិបត្តិ​បែប​នេះ​នៅ​មិន​ទាន់​បាន​កំណត់​ពី​ផល​ប៉ះពាល់ និង​បរិមាណ​ពាណិជ្ជកម្ម​ដែល​សម្រេច​បាន​ត្រឹម​២៩​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៤-២០១៥ នៅឡើយ​ទេ ។

នៅ​ដំណាច់ខែ​វិច្ឆិកា ពាណិជ្ជកម្ម​នៃ​ឆ្នាំ​សារពើពន្ធ​ឆ្នាំ​នេះ មាន​ចំនួន​១៧,១​ប៊ី​លាន​ដុល្លារ​នេះ​បើ​តាម​តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម ។ ការ​អូស​បន្លាយពេល​នៃ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក ថ្លៃ​ដឹក​ជញ្ជូន​ខ្ពស់ និង​កម្សោយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​មិន​បាន​ជួយ​ដល់​បញ្ហា​នេះ​ឡើយ ។

សមាជិក​ក្រុមហ៊ុន​ខាងលើ លោក Daw Tin Tin Htwe ឱ្យ​ដឹង​ថា ៖ « ប្រទេស​នេះ​មិន​បាន​សម្លឹង​ឃើញ​គុណប្រយោជន៍​នៃ​កំណើន​ក្នុង​ទំហំ​ពាណិជ្ជកម្ម​នោះ​ទេ បើ​ទោះជា​ការ​កាត់​បន្ថយពន្ធ​ត្រូវ​បាន​ណែនាំ​ក្តី ព្រោះតែ​មាន​ភាព​ខ្សោយ​ក្នុង​គោលនយោបាយ​សេដ្ឋកិច្ច ហើយ​មនុស្ស​មួយ​ចំនួន​ដឹង​ពី​ការ​ទទួលយក​ប្រយោជន៍​នៃ​ការ​កាត់​ពន្ធ » ។
តាម​ពិត មី​យ៉ា​ន់​ម៉ា មាន​កាលានុវត្តភាព​ល្អ​ច្រើន ប៉ុន្តែ​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​មិនដឹង​ថា តើ​ក្រេប​យកគុណ​ប្រយោជន៍​នោះ​ដោយ​របៀប​ណា ។

លោក Daw Tin Tin Htwe ថ្លែង​ទៀត​ថា ៖ « សេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា​នឹង​កើនឡើង​យ៉ាង​លឿន ប្រសិនជា​ប្រទេស​នេះ​ធ្វើការ​តាម​ការ​ប្តេជ្ញា​ចិត្ត​ជាមួយ​ការ​ធ្វើ​និយ័ត​កម្ម​នៃ​សមាគម​សេដ្ឋកិច្ច​អាស៊ាន នៅ​ពេល​ដែល​អង្គការ​នេះ​ចូល​ជា​ធរមាន » ។

ចំណែក​ប្រធាន​ក្រុមហ៊ុន លោក Tin Cho មាន​ប្រសាសន៍​ថា ៖ « អាជីវកម្ម​ក្នុងស្រុក​មួយ​ចំនួន​អាច​ប្រឈម​នឹង​ការ​បាត់បង់ នៅ​ពេល​ទីផ្សារ​តែ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ប៉ុន្តែ​ប្រទេស​របស់​យើង​នឹង​មាន​សេដ្ឋកិច្ច​កើនឡើង ប្រសិនជា​យើង​មាន​គោលនយោបាយ​ល្អ​ត្រឹមត្រូវ និង​មានការ​រៀបចំ​ល្អ​ប្រសើរ​នោះ » ។

ទោះជា​យ៉ាងណា មី​យ៉ា​ន់​ម៉ា​នៅ​តែ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច ប្រព័ន្ធ​ដឹក​ជញ្ជូន ការ​ផ្គត់ផ្គង់​អគ្គិសនី និង​គោលនយោបាយ​សេដ្ឋកិច្ច​ប្រសើរ​ជាង​មុន ។

ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន មី​យ៉ា​ន់​ម៉ា​បាន​ជាប់​ចំណាត់ថ្នាក់​ទី​៧ ក្នុង​ឆ្នាំ​២០១៣ សម្រាប់​កំណើន​នៃ​ការ​វិនិយោគ​បរទេស ជាមួយ​ទំហំ​ទឹកប្រាក់​២,៦​ប៊ី​លាន​ដុល្លារ ខណៈ​សិង្ហ​បុរី​កើន​៥៦​ប៊ី​លាន​ដុល្លារ​, ឥណ្ឌូ​ណេ​ស៊ី​កើន​១៨​ប៊ី​លាន​ដុល្លារ ហើយ​ថៃ និង​ម៉ា​ឡេ​ស៊ី កើន​១២​ប៊ី​លាន​ដុល្លារ ៕