ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការព្យាបាលជំងឺកូវីដតាមផ្ទះ ជួយកាត់បន្ថយការចំណាយរបស់រដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការព្យាបាលអ្នកជំងឺកូវីដ ១៩ ជាបន្ទុករបស់រដ្ឋ ។ រដ្ឋព្យាបាលអ្នកជំងឺមិនយកប្រាក់រួមនិងការផ្គត់ផ្គង់អាហារ និងការថែទំានានាដល់អ្នកជំងឺទំាងអស់ នៅកំលុងពេលស្នាក់ព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលនោះ…

រាជធានីភ្នំពេញ ៖ ការព្យាបាលអ្នកជំងឺកូវីដ ១៩ ជាបន្ទុករបស់រដ្ឋ ។ រដ្ឋព្យាបាលអ្នកជំងឺមិនយកប្រាក់រួមនិងការផ្គត់ផ្គង់អាហារ និងការថែទំានានាដល់អ្នកជំងឺទំាងអស់ នៅកំលុងពេលស្នាក់ព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលនោះ ។ គេមិនដឹងថា ការចំណាយសម្រាប់អ្នកជំងឺម្នាក់អស់ប៉ុន្មានឡើយ ប៉ុន្តែគេដឹងថា ការព្យាបាលជំងឺកូវីដ ១៩នៅតាមមន្ទីរពេទ្យឯកជន ដែលទទួលការអនុញ្ញាតមានតម្លៃខ្ពស់ ។

កន្លងមកមានសេវាព្យាបាលឯកជនខ្លះបានផ្សព្វផ្សាយពីតម្លៃការព្យាបាលជំងឺកូវីដ ១៩ នេះឃើញថា អ្នកជំងឺត្រូវចំណាយថវិកាច្រើនរយដុល្លារក្នុងមួយថ្ងៃៗ ទៅតាមប្រភេទបន្ទប់ស្នាក់ព្យាបាល ។ ការព្យាបាលទំរាំជាសះស្បើយ អ្នកជំងឺអាចនឹងចំណាយថវិកាច្រើនពាន់ដុល្លាររហូតម៉ឺនដុល្លារក៏មាន ។

ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ បានកំពុងលើកទឹកចិត្តឲ្យពលរដ្ឋមានជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា ព្យាបាលតាមផ្ទះ ។យន្តការព្យាបាលតាមផ្ទះត្រូវបានមន្រ្តីផ្សព្វផ្សាយទូលំទូលាយកាលពីពេលថ្មីៗនេះ នៅពេលចំនួនអ្នកជំងឺកូវីដ ១៩នៅកម្ពុជា នៅតែហក់ឡើងគូរឲ្យបារម្ភនោះ ។ 

អាជ្ញាធរភ្នំពេញ បានរៀបចំសន្និសីទកាសែត កាលពីថ្ងៃទី ១២ ខែកក្កដា ផ្សព្វផ្សាយពីយន្តការព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ។ បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ បញ្ជាក់ថា យន្តការព្យាបាលតាមផ្ទះជាយន្តការស្ម័គ្រចិត្ត ហើយជា ផ្នែកមួយក្នុងការចូលរួមសម្រាលការលំបាក និងកាត់បន្ថយការចំណាយរបស់រដ្ឋ ។ មន្រ្តីអះអាងក្នុងន័យថា អ្នកស្ម័គ្រចិត្តព្យាបាលខ្លួននៅតាមផ្ទះ ភាគច្រើនជាពលរដ្ឋដែលមានជីវភាពល្អប្រសើរ ពួកគាត់មានលំនៅដ្ឋានសមស្របនៅក្នុងការស្នាក់នៅពេលព្យាបាល មានលទ្ធភាពទិញថ្នាំដែលត្រូវព្យាបាលដូចជាប៉ារ៉ាសេតាម៉ុល ប្រូម៉ិចស៊ីន និងសេទីរីហ្ស៉ីន ជាដើមនោះ ប៉ុន្តែការព្យាបាលចំពោះអ្នកជំងឺដែលគ្មានរោគសញ្ញា គឺមិនបាច់ប្រើថ្នាំនោះទេ ។ 

«ថ្នាំព្យាបាលនេះយើងបានរៀបចំជូនពួកគាត់នៅពេលពួកគាត់មកពិនិត្យហើយសម្រេចចិត្តព្យាបាលតាមផ្ទះយើងជូនថ្នាំដល់ពួកគាត់ ។ តែជាទូទៅយើងសង្កេតឃើញថា អ្នកព្យាបាលតាមផ្ទះពួកគាត់មានលទ្ធភាព អ្វីដែលពួកគាត់ត្រូវការ គឺការប្រឹក្សាផ្លូវចិត្ត និងកិច្ចអន្តរាគមន៍នៅពេលមានករណីបន្ទាន់ប៉ុណ្ណោះ» មន្រ្តីបញ្ជា្កក់ ។

គិតត្រឹមថ្ងៃ ១២ ខែកក្កដា ម្សិលមិញមាន អ្នកជំងឺកូវីដ ១៩ ចំនួន ១០៣៣ នាក់ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន ២៦៨ នាក់ ត្រូវបានព្យាបាលជាសះស្បើយខណៈមកដល់ពេលនេះកម្ពុជាមានអ្នកកើតចំនួន ៦២ ៧០០ នាក់ហើយអ្នកស្លាប់បាត់បង់អាយុជីវិតកើនដល់ ៩៥៣ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ