ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជា​ម្តាយ​គប្បី​មើលថែ​ទាំ​កូន​តូច​ដូច​ម្តេច​នៅ​ពេល​កើត​ជំងឺរាក​ក្អួតចង្អោរ?

8 ឆ្នាំ មុន

រាក​ជា​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​វីរុស ជំងឺ​នេះ​បាន​ស្តែង​ឲ្យ​ដឹង​តាម​រយៈ ការ​ក្អួតចង្អោរ ក្តៅខ្លួន ជាដើម ។ ចាប់តាំងពី​ដើមខែ​ធ្នូ​មក កុមារ​និង​ទារក​ជា​ច្រើន​ត្រូវ​បាន​អ្នក​ម្តាយ​នាំ​ទៅ​ព្យាបាល​…

រាក​ជា​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​វីរុស ជំងឺ​នេះ​បាន​ស្តែង​ឲ្យ​ដឹង​តាម​រយៈ ការ​ក្អួតចង្អោរ ក្តៅខ្លួន ជាដើម ។ ចាប់តាំងពី​ដើមខែ​ធ្នូ​មក កុមារ​និង​ទារក​ជា​ច្រើន​ត្រូវ​បាន​អ្នក​ម្តាយ​នាំ​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​នានា ដែល​ភាគច្រើន​ពួក​គេ​សុទ្ធតែ​កើត​មាន​ជំងឺ​រាករូស និង​ក្អូ​ត​ចង្អោរ ។

ជាមួយ​គ្នា​នេះ​ដែរ​លោក​វេជ្ជបណ្ឌិត ហុង សុខ​ឃាង ឯកទេស​ជំងឺ​កុមារ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា រាក​គឺជា​ជំងឺ​ម្យ៉ាង​ដែល​កើត​មាន​ជា​ញឹកញាប់​ទៅ​លើ​កុមារ ហើយ​កុមារ​ភាគច្រើន​បាន​ស្តែង​ចេញ​នូវ​រោគ​សញ្ញា​ដូច​ជា ៖
-​ក្អូ​ត​ចង្អោរ
-​លាមក​រាវ និង​បន្ទោបង់​ញឹកញាប់
-​ឈឺពោះ​, ក្តៅខ្លួន
-​កុមារ​អាច​ស្លេកស្លាំង​ស្វាយបបូរមាត់​ដោយសារ​តែ​ខ្វះ​ជាតិ​ទឹក
-​កុមារ​ខ្លះ​មាន​ហៀរ​សំបោរ ឬ​ឈឺបំពង់ក​ផង​ដែរ ។

វីរុស​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺរាក​នេះ វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន ដូច្នេះ​នៅ​ពេល​ដែល​កុមារ​កើត​មាន​ជំងឺ​នេះ​ចាំបាច់​ត្រូវ​ដាក់​គេ​ឲ្យ​ស្ថិត​នៅ​ដាច់​ដោយឡែក​ពី​ក្មេង​ដទៃ ។

នៅ​ពេល​ដែល​កូនលោក​អ្នក​កើត​មាន​ជំងឺរាក​គួរ​អនុវត្ត​តាម​វិធី​ខាងក្រោម ៖
-​ត្រូវ​ប្រញាប់​នាំ​ទារក ឬ​កុមារ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​នោះ​ទេ ។
-​បញ្ហា​ដែល​គួរ​បារម្ភ​គឺ​ការ​ខ្សោះ​ជាតិ​ទឹក ហើយ​ក្មេង​កាន់តែ​តូច​កាន់តែ​ឆាប់​ខ្សោះ​ជាតិ​ទឹក ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់ ។ ដូច្នេះ​ត្រូវ​ជំរុញ​ឲ្យ​កុមារ​ទទួលទាន​ទឹក ឬ​អាហារ​រាវ​ឲ្យ​បាន​ញឹកញាប់​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ដែល​បាត់បង់ ។
-​ចំពោះ​ក្មេង​ដែល​បៅដោះ​ម្តាយ គឺជា​ការ​ងាយស្រួល​ដោយ​ត្រូវ​បន្ត​បំបៅ​ដោះ​ឲ្យ​បាន​ញឹកញាប់​ព្រមទាំង​ផ្តល់​ទឹកអូ​រ៉ា​លី​ត​នៅ​ចន្លោះ​ពេល​បៅដោះ​ផង​ដែរ ។
-​កុមារ​ដែល​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ​អាច​នឹង​កើត​មាន​ជំងឺ​ដូច​គ្នា​នេះ​បាន ដូច្នេះ​ការ​អនាម័យ​លាងដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​ពិសេស​ក្រោយ​ពេល​បន្ទោបង់​រួច និង​មុន​ពេល​ទទួលទាន​អាហារ អាច​ឲ្យ​លោក​អ្នក​ចៀស​ផុត​ពី​ជំងឺ​នេះ ៕