ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​កូ​វី​ដ​-១៩​ដែល​សម្រាក​នៅ​តាម​ផ្ទះ ត្រូវ​ដាក់​សំរាម​នៅ​ក្នុង​ស្បោង​ដាច់​ដោយឡែក​ឲ្យ​បាន​លើស​ពី​៧២​ម៉ោង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល និង​អាជ្ញា​រាជធានី​ភ្នំពេញ ណែនាំ​ដល់​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​សម្រាក​នៅ​តាម​ផ្ទះ​ត្រូវ​ដាក់​សំរាម​នៅ​ក្នុង​ស្បោង​ដាច់​ដោយឡែក​ពី​អ្នក​ដទៃ​ឲ្យ​បាន​លើស​ពី​៧២​ម៉ោង ទើប​អាច​បញ្ចេញ​មក​ខាងក្រៅ​បាន ដើម្បី​ចៀសវាង​ការ​ឆ្លង​បន្ត​ទៅ​អ្នក​ដទៃ និង​ងាយស្រួល​អ្នក​ប្រមូល​ដឹក​ជញ្ជូន​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​នីតិវិធី…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល និង​អាជ្ញា​រាជធានី​ភ្នំពេញ ណែនាំ​ដល់​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​សម្រាក​នៅ​តាម​ផ្ទះ​ត្រូវ​ដាក់​សំរាម​នៅ​ក្នុង​ស្បោង​ដាច់​ដោយឡែក​ពី​អ្នក​ដទៃ​ឲ្យ​បាន​លើស​ពី​៧២​ម៉ោង ទើប​អាច​បញ្ចេញ​មក​ខាងក្រៅ​បាន ដើម្បី​ចៀសវាង​ការ​ឆ្លង​បន្ត​ទៅ​អ្នក​ដទៃ និង​ងាយស្រួល​អ្នក​ប្រមូល​ដឹក​ជញ្ជូន​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​នីតិវិធី និង​យន្តការ​ព្យាបាល​តាម​ផ្ទះ ចំពោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល និង​គ្មាន​រោគ​សញ្ញា សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា លោក​វេជ្ជបណ្ឌិត ង៉ូ​វ កាង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍​ថា ការ​ទុកដាក់​សំរាម​របស់​អ្នកជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល​ដែល​សម្រាក​ព្យាបាល​ថែទាំ​នៅ​តាម​ផ្ទះ​ឲ្យ​បាន​ល្អ​ត្រូវ​ទុកដាក់​សំរាម​នៅ​ក្នុង​ស្បោង​ឲ្យ​បាន​ត្រឹមត្រូវ និង​ដាច់ ដោយឡែក​ពី​សំរាម​របស់​អ្នក​ផ្សេង​ទៀត និង​ត្រូវ​ធ្វើការ​បាញ់ថ្នាំ ឬ​អាល់កុល​ដើម្បី​សម្លាប់​មេរោគ​កូ​វី​ដ​-១៩ នៅ​លើ​សំរាម​ទាំង​ក្នុង និង​ខាងក្រៅ​ស្បោង​ហើយ​ទុកដាក់​សំរាម​ដាច់​ដោយឡែក​ឲ្យ​បាន​លើស​ពី​៧២​ម៉ោង ទើប​អាច​ចេញ​មក​បរិយាកាស​ខាងក្រៅ​បាន​។

លោក​បន្ត​ថា អ្នកជំងឺ​កូ​វី​ដ​-១៩ ត្រូវ​ប្រើប្រាស់​ស្បោង​សំរាម ដែល​មាន​ចំណុះ​១៥​គីឡូក្រាម ដើម្បី​ផ្ទុក​បរិមាណ​សំរាម​ឲ្យ​បាន​រយៈពេល​៥​ថ្ងៃ​យ៉ាងតិច​ចៀសវាង​បញ្ចេញ​សំរាម​រាល់ថ្ងៃ​និង​ទុកដាក់​សំរាម​នៅ​ក្នុង​ស្បោង​ត្រូវ​សរសេរ​ស្លាក​សញ្ញា​បញ្ជាក់​លើ​ស្បោង​ដើម្បី​ងាយស្រួល​ដល់​ប្រតិបត្តិ​ករ​ប្រមូល​សំរាម​ក្នុង​ការ​ប្រមូល​កាក​សំណល់​នោះ​។ លោក​បាន​បញ្ជាក់​ថា «​ការ​ទុកដាក់​សំរាម អ្នកមាន​វិជ្ជមាន​កូ​វី​ដ​-១៩ ការ​សិក្សា​ស្រាវជ្រាវ​បច្ចេកទេស​សំរាម​ចេញពី​ការ​ប្រើប្រាស់​អ្នក​ផ្ទុក​កូ​វី​ដ​នេះ លើស​៧២​ម៉ោង​ហើយ​អាច​មាន​សុវត្ថិភាព​ហើយ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ គួរ​យើង​ត្រូវ​តែ​ប្រយ័ត្ន ក្នុង​ការ​វេច​ខ្ចប់​ដាក់​ថង់​ប្លា​ស្ទិ​ក ឲ្យ​បាន​ជិត​ល្អ​ហើយ​សរសេរ​ស្លាក​ឲ្យ​ច្បាស់ ដើម្បី​ឲ្យ​អ្នក​ដឹក​ជញ្ជូន​មាន​សុវត្ថិភាព​បន្ត​ទៀត​។

ប៉ុន្តែ​យើង​ឲ្យ​គាត់​ញែក​សំរាម​ចេញពី​ក្រុម​គ្រួសារ​របស់​គាត់ និង​ទីតាំង​បន្ទប់​គាត់​ត្រូវ​មាន​ធុងសំរាម ត្រូវ​មាន​ថង់​សំរាម​យ៉ាងតិច​២​ថង់ ១​ប្រើ​ឲ្យ​បាន​រយៈពេល​ឲ្យ​បាន​៣​ថ្ងៃ​។ ញែក​ថង់​ឲ្យ​បាន​ច្បាស់​ហើយ​កត់​ថ្ងៃខែ​ឲ្យ​លើស​បាន​៣​ថ្ងៃ​ដើម្បី​ឲ្យ​ភ្នាក់ងារ​យក​សំរាម ឬ​ក្រុម​គ្រួសារ​យើង​ប៉ះ​ថង់​បាន យើង​បញ្ចេញ​មក​ក្រៅ​បាន​សំរាម​នេះ​លែង​មាន​ឆ្លង​រោគ​ហើយ ការ​សិក្សា​នេះ​មិនមែន​តែ​កម្ពុជា​នោះ​ទេ គឺ​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក »​។ សូម​បញ្ជាក់​ថា ក្នុង​ករណី​ប្រជាពលរដ្ឋ​ណា​មិន​បាន​សហការ និង​មិន​អនុវត្ត​តាម​ការ​ណែនាំ​បង្ក​ឲ្យ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដល់​អ្នក​ដទៃ​នោះ បុគ្គល​អ្នក​ប្រព្រឹត្ត​នោះ នឹង​ទទួលខុសត្រូវ​តាម​មាត្រា​០៩​នៃ​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ចុះ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ ២០២១ ដោយ​បាន​ចែង​ថា អំពើ​ចម្លង ដោយ​ចេតនា​នូវ​ជំងឺ​កូ​វី​ដ​-១៩​ដល់​អ្នក​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ