ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​របស់​លោក​កាដាហ្វី ​និង​ពួក​ឧទ្ទាម​​បន្ត​ប្រយុទ្ធ​​គ្នា​ដណ្តើម​​កាន់កាប់ទីក្រុងនានា​ស្លាប់៨០នាក់

15 ឆ្នាំ មុន

របាយការណ៍​​ក្រៅ​ផ្លូវការ​នានា​និយាយ​ថា កង​ទ័ព​​រដ្ឋាភិបាល​​លីប៊ី​ដឹកនាំ​ដោយ​​លោក​​មូអា​ម៉ា កាដាហ្វី ​និង​ពួក​ឧទ្ទាម​​បានបន្ត​​ប្រយុទ្ធគ្នា​យ៉ាង​សាហាវ​កាលពីថ្ងៃទី​២៦ មីនា កន្លងមក ​នៅ​តំបន់កាន់​កាប់របស់​​កង​យោធា​សំខាន់​ៗ​នៅ​ពេលដែល​​យន្តហោះ​​ចម្បាំង​របស់​ក្រុម​ប្រទេស​សម្ព័ន្ធ​​មិត្ត​ហោះ​​សំកាំង​ពីលើ​ក្រុង Misrata ។ នៅ​ក្នុងទីក្រុង Misrata ជា​ក្រុង​ធំ​បំផុតនៅ​ភាគ​ខាង​លិច​លីប៊ី ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​​កង​ទ័ព​​ដែល​មាន​ភក្តី​ភាព​ចំពោះ​​លោក​កាដាហ្វី បាន​បើក​​ការ​វាយ​ប្រហារ​​ថ្មីទៀត​​ក្នុងការ​បន្ត​កិច្ច​​ខិតខំ​ប្រឹង​ប្រែង​​​របស់​ពួក​គេ​ដណ្តើម​​កាន់កាប់​ទីក្រុង​​នេះ​វិញ ។​

​ជាមួយគ្នានេះ​​កង​កម្លាំង​​​ប្រដាប់អាវុធ​​បារាំង​និយាយ​ថា យន្តហោះ​ចម្បាំង​​របស់​បារាំង​បាន​បាញ់កម្ទេច​​​​យន្តហោះ​ចម្បាំង​​៥គ្រឿង​ និង​ឧទ្ធម្ភាគចក្រ​​​២គ្រឿង​របស់​កង​ទ័ព​​លោក​កាដា​ហ្វី ​​នៅខាង​ក្រៅ​ទីក្រុង Misrata កាលពីថ្ងៃទី​​២៦ មីនា កន្លងមក ។ ​ចំណែក​ក្រសួងការពារ​ប្រទេស​អង់គ្លេស​​និយាយ​ថា យន្តហោះ​ចម្បាំង​របស់​ខ្លួន​បា​នបំផ្លាញ​​​រថពាស​ដែក​​របស់​លីប៊ី​​៥គ្រឿង​នៅ​ក្នុង​​ការ​វាយឆ្មក់​​​​​​​​តាមអាកាស​​ប្រឆាំង​​កងទ័ព​របស់​លោកកាដាហ្វី នៅ​​ក្នុងទីក្រុង Ajdabiya និង​ទីក្រុង Misrata កាលពីថ្ងៃទី​​២៦ មីនា ​កន្លងមក ។ ​នៅ​ទីក្រុង​​កំពង់ផែ​​ Brega ភាគ​ខាង​កើតលីប៊ី ពួក​ឧទ្ទាម​អះអាង​ថា ពួក​គេ​​វាយ​យក​ឈ្នះ​​លើក​ងទ័ព​​របស់លោក​កាដាហ្វី ហើយកាន់​​​កាប់ទីក្រុង​​នេះទាំងស្រុង ។ អ្នកនាំ​ពាក្យ​ពួក​ឧទ្ទាម​​​ត្រូវបានដក​ស្រង់​​​សម្តី​​ដែល​និយាយ​​កាលពី​​​ថ្ងៃទី​​២៦ មីនា ថា ទីក្រុង​ Brega ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​​របស់​ឧទ្ទាម​ទាំង​ស្រុង ។​

ទូរទស្សន៍​​ Al-Arabiya រាយ​ការណ៍​​ថា ក្នុង​ការប្រយុទ្ធគ្នា​​រវាង​កងទ័ព​របស់លោក​កា​ដាហ្វី​ និងពួក​ឧទ្ទាម​​នៅក្នុងទីក្រុង​ Ajdabiya បណ្តាល​ឱ្យ​​ស្លាប់​មនុស្ស​៨០​នាក់ ​និង​ច្រើន​នាក់​ទៀត​រង​របួស ។ ក្នុងការប្រយុទ្ធគ្នា​​នោះ​ពួក​ឧទ្ទាម​​ដណ្តើម​​កាន់កាប់​បាន​​ទីក្រុង​ Ajdabiya ដែលកាន់កាប់​ដោយ​កង​ទ័ព​​របស់លោក​កាដាហ្វី ​កាលពី​​២​សប្តាហ៍​មុន ៕​