ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ថៃ​ចង់​ប្រទាំង​ប្រទើស​ក្រោយ មឿ​ន សុខ​ហ៊ុ​ច ឈ្នះ​ពិន្ទុ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​១២ ធ្នូ កីឡាករ​ថៃ​ដែល​ចាញ់​ពិន្ទុ​កីឡាករ​កម្ពុជា​មឿ​ន សុខ​ហ៊ុ​ច ឬ ពុទ្ធ ហ៊ុ​ច នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​បាន​បង្ហាញ​សកម្មភាព​ប្រទាំង​ប្រទើស​ក្រោយ​ពី​ត្រូវ​គណៈកម្មការ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​១២ ធ្នូ កីឡាករ​ថៃ​ដែល​ចាញ់​ពិន្ទុ​កីឡាករ​កម្ពុជា​មឿ​ន សុខ​ហ៊ុ​ច ឬ ពុទ្ធ ហ៊ុ​ច នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​បាន​បង្ហាញ​សកម្មភាព​ប្រទាំង​ប្រទើស​ក្រោយ​ពី​ត្រូវ​គណៈកម្មការ​ប្រកាស​ឲ្យ​ចាញ់ ។ គូ​នេះ​ទំនងជា​ត្រូវ​ឲ្យ​ឡើង​សងសឹក​គ្នា​វិញ​ឆាប់​ៗ ដើម្បី​ឲ្យ​ថៃ​អស់ចិត្ត បន្ទាប់​ពី​បាន​ទទួលលទ្ធផល​មិន​ដូច​ខ្លួន​ចង់បាន ។

ការ​ប្រកួត​រវាង​កីឡាករ​មឿ​ន សុខ​ហ៊ុ​ច ឬ​ពុទ្ធ ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង​កីឡាករ​ថៃ​ Phlay Noy ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​ត្រូវ​គេ​កត់​សម្គាល់ថា​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ដក​ក​ចំហ​មាត់ និង​ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង​ព្រោះតែ​សង្វា​ក់​នៃ​ការ​វាយលុក​ដាក់​គ្នា​ខ្លាំងក្លា ។ ការ​ប្រកួត​កាលពី​លើក​ទី​១ កីឡាករ​ថៃ​វាយ​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​កម្ពុជា ផា​ន់ គ្រាន់ មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ ។ លើក​ទី​២ វាយ​ឈ្នះ​ពិន្ទុ​កីឡាករ កន ច​ន្ថា មក​ពី​ក្លិប​ក្រសួងការពារជាតិ​។ លើក​ទី​៣ ផ្ដួល​កីឡាករ ផា​ន់ គ្រាន់ ត្រឹម​ទឹក​ទី​២​ក្នុង​ជំនួប​សងសឹក និង​លើក​ទី​៤ វាយ​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​ឈិ​ន ក្វា​ន់ ង៉ុ​យ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ។ អ​ញ្ចឹ​ង​ហើយ ទើប​ការ​ប្រកួត​លើក​ទី​៥​កាលពី​ម្សិល​ម៉្ងៃ កីឡាករ​Phlay Noy ​បាន​បង្ហាញ​អារម្មណ៍​ប្រទាំង​ប្រទើស​ក្រោយ​ពី​លទ្ធផល​ត្រូវ​គេ​ឲ្យ​ចាញ់ ដោយ​អះអាង​ថា​បាន​វាយ​បោក​កីឡាករ​មឿ​ន សុខ​ហ៊ុ​ច និង​វាយ​ទប់​មិន​ឲ្យ​កីឡាករ​កម្ពុជា វាយលុក​បាន​ដោយ​ស្រួល ។

ក្រៅពី​អង្គុយ​លុតជង្គង់​មិន​ទទួលយក​លទ្ធផល កីឡាករ​រូប​នេះ​ថែម​ទាំង​ចុះ​ពីលើ​រេញ​មក​ឆ្ការដៃឆ្ការជើង​ថា​ខ្លួន​មិន​សម​នឹង​ចាញ់​នោះ​ផង ។ សកម្មភាព​ប្រទាំង​ប្រទើស​ត្រូវ​គេ​មើលឃើញ​ថា​មិន​ត្រូវ​នឹង​បរិបទ​នៃ​ការ​ប្រកួត​ជាក់ស្ដែង​នោះ​ទេ ដោយសារ​កីឡាករ​ថៃ​ដ្បិតថា មានឱកាស​វាយ​បោក​មឿ​ន សុខ​ហ៊ុ​ច ភាគច្រើន ប៉ុន្តែ​កីឡាករ​កម្ពុជា នៅ​តែ​ជា​អ្នកគ្រប់គ្រង​ឱកាស​វាយ​ត្រូវ​គោលដៅ​ច្រើន​ជាង ។

គណៈកម្មការ​ផ្ដល់​ពិន្ទុ​ភាគច្រើន​បាន​រិះគន់​ចំពោះ​ប្រតិកម្ម​របស់​កីឡាករ​ថៃ ដោយ​បាន​បញ្ជាក់​ថា បាន​តែ​បោក​ទៅ​លើ​គូប្រកួត ប៉ុន្តែ​បើ​រឿង​វាយ​ល្អ​គឺ​កីឡាករ​កម្ពុជា​ល្អ​ជាង ។ លោក​ថៃ អ៊ូ ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​បាន​ទទួលយក​ការ​លើក​ឡើង​នោះ ។ លោក​និយាយ​ថា កីឡាករ​Phlay Noy ធ្លាប់តែ​មក​ប្រកួត​ហើយ​បាន​ឈ្នះ ទើប​គិត​ថា​ឱកាស​គ្រាន់តែ​វាយ​បោក​កីឡាករ​កម្ពុជា​បាន​ច្រើន គឺ​ពិតជា​ឈ្នះ​មឿ​ន សុខ​ហ៊ុ​ច ឬ​ពុទ្ធ ហ៊ុ​ច ។ លោក​ថា បញ្ហា​បែប​នេះ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ដ្បិត​កីឡាករ​ម្នាក់​ៗ​ដែល​ចាញ់​ការ​ប្រកួត បើ​ទោះ​មិន​ធ្វើ​កាយវិការ​ច្រងេងច្រងាង​ដូច​កីឡាករ​Phlay Noy ក៏​រមែង​រអ៊ូរទាំ​ពេល​ចុះ​មក​ដល់​ក្រោយ​សង្វៀន​នោះ​ដែរ ។ លោក​ថា Phlay Noy យល់​ថា​ខ្លួនឯង​នឹង​ឈ្នះ​ទើប​បញ្ចេញ​កាយវិការ​មិន​សម​ទំនង​បែប​នោះ ក្រោយ​ពេល​ប្រកាស​ថា​ចាញ់ ។

យ៉ាងណា​ក៏​ដោយ​ផ្អែក​តាម​ភាព​ជាក់ស្ដែង​លោក​ថា​មឿ​ន សុខ​ហ៊ុ​ច សម​នឹង​ឈ្នះ​ច្រើន​ជាង ដោយសារ​តែ​គេ​ក្រៅពី​ប្រឹង​វាយ​ដេញ​បាន​នាំមុខ​គូប្រកួត ក៏​មានឱកាស​វាយ​កែង​ត្រូវ​ចំ​គោលដៅ​ប្រទាញ​បាន​ពិន្ទុ​ផង​ដែរ ។ 

មួយគូ​អន្តរជាតិ​ទៀត គឺ​សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ​Phun Savath ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ក៏​ទទួល​បានការ​គាំទ្រ​ខ្លាំងក្លា​ពី​អ្នក​ទស្សនា​ដូច​គ្នា​។ គូ​នេះ​កីឡាករ​កម្ពុជា​បាន​ត្រឹម​កំដរ​ការ​ប្រកួត ដោយសារ​ត្រូវ​គេ​ឲ្យ​ចាញ់​ពិន្ទុ ព្រោះតែ​កីឡាករ​ថៃ​ទាំង​រស់​រវើក ក៏​ពោរពេញ​ដោយ​បច្ចេកទេស​ខ្ពស់ ។ ទោះ​សែន រ៉ា​ដេ​ត ប្រឹង​ប្រកួត​អស់ពី​សមត្ថភាព​តាំងពី​ទឹក​ទី​១​ដល់​ទឹក​ចុង​ក្រោយ ក៏​នៅ​តែ​ចាញ់​ប្រៀប​កីឡាករ​ថៃ ។ ប៉ុន្តែ​ក៏​មាន​អ្នក​កោតសរសើរ​ចំពោះ​គេ​ផង​ដែរ ដែល​កីឡាករ​សែន រ៉ា​ដេ​ត មិន​ឡាំប៉ា​ដូច Phlay Noy នោះ​។ ប្រតិកម្ម​របស់​កីឡាករ​ថៃ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មឿ​ន សុខ​ហ៊ុ​ច​មិន​សប្បាយចិត្ត ប៉ុន្តែ​អ្នក​ដែល​កាន់ជើង​កីឡាករ​ថៃ​មួយ​ចំនួន បាន​យល់​ស្រប​ថា​នោះ​ជា​ប្រតិកម្ម​សម​ហេតុផល ៕