ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជន​បង្ក​ទៅ​តុលាការ ករណី​បើករថយន្ត​បុក​កម្មករ​ប្រមូល​សំរាម​ស្លា​.​ប់​២​នាក់ របួសធ្ងន់​ម្នាក់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បាន​បើករថយន្ត បុក​កម្មករ​ប្រមូល​សំរាម បណ្តាល​ឲ្យ​ស្លា​.​ប់ ២​នាក់ របួសធ្ងន់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​វេលា​ម៉ោង​២​រសៀល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បាន​បើករថយន្ត បុក​កម្មករ​ប្រមូល​សំរាម បណ្តាល​ឲ្យ​ស្លា​.​ប់ ២​នាក់ របួសធ្ងន់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ ។

កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ មានឈ្មោះ នេ​ត នី​សា ភេទ​ប្រុស មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​គោក​ឃ្លាង​២ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​នីតិវិធី​ច្បាប់ ។

ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​បន្ត​នីតិវិធី និង​មាន​ចំណាត់ការ​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ ដែល​ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៤០​នាទី រំលង​អា​ធ្រា​ត​ឈាន​ចូល ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ ត្រង់​ចំណុច​មុខ​ធនាគារ​ហត្ថា ដែល​បណ្តាល​ឲ្យ​កម្មករ​ប្រមូល​សំរាម​ស្លា​.​ប់​ចំនួន ០២​នាក់ និង​របួសធ្ងន់​ម្នាក់ ។

គួរ​រម្លឹក​ឡើង​វិញ​ថា​«​លួច​រថយន្ត​ឪពុក​ដឹក​មិត្ត ផឹកស៊ី លុះ​ត្រឡប់​មក​វិញ ឆ្មក់​យក​ជីវិត​កម្មករ​ប្រមូល​សំរាម​២​នាក់​»

បើ​តាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​លួច​យក​រថយន្ត​របស់​ឪពុក រួច​ក៏​ដឹក​មិត្តភក្តិ ដើរ​លេង​យប់ ផឹកស៊ី​ស្រវឹង​ជោកជាំ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​កម្មករ​ប្រមូល​សំរាម ដែល​កំពុង​តែ​ដើរ​ប្រមូល​សំរាម​តាម​ដងផ្លូវ បណ្តាល​ឲ្យ​ស្លា​.​ប់​២​នាក់ និង​រង​របួសធ្ងន់​ម្នាក់ ចំណែក​រថយន្ត​បង្ក​វិញ ព្យាយាម​បើក​រត់​ខ្លួន តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់​បាន​អ្នក​បើក​ភ្លាម​ៗ​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី មុខ​ផ្សារ​ពោធិ៍​ចិន​តុង ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស​.​ព​ជន​រង​គ្រោះ មាន​ទី​១-​ឈ្មោះ ប៉ែន ច​ន្ទ័ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ទី​២- ឈ្មោះ​សាន់ ឆៃ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។ ចំណែក​ជន​រង​គ្រោះ​ទី​៣- ឈ្មោះ ដួង គង់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រង​របួសធ្ងន់ ។

តាម​ប្រភព​ព័ត៌មាន​ពី កម្មករ​បើករថយន្ត​ដឹក​សំរាម​ម្នាក់ បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​កម្មករ​កើប​សំរាម របស់​ក្រុមហ៊ុន MIZUDA មាន​គ្នា​៤​នាក់ ក្នុង​នោះ​រូប​គាត់​ជា​អ្នកបើកបរ​រថយន្ត និង​កម្មករ​អ្នក​កើប​សំរាម មាន​គ្នា​ចំនួន​៣​នាក់​ទៀត ។ ខណៈ​ពេល​កំពុង​តែ​ឈប់​រថយន្ត ហើយ​ក្រុម​កម្មករ​កើប​សំរាម និង​កំពុង​ដើរ​រើស​សំរាម​តាម​ចិញ្ចើម​ផ្លូវ​នោះ ក៏​ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​បើកបរ​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​រ៉េ​ចង្កូត មក​ផ្នែក​ខាងស្តាំ​ចិញ្ចើម​ផ្លូវ រួច​ក៏​បុក​ជន​រង​គ្រោះ​ទាំង​៣​នាក់ ប៉ើង​ពី​កន្លែង​កើត​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ​បាក់ដៃ បាក់ជើង ស្លា​.​ប់ ចំនួន​២​នាក់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ចំណែក​រថយន្ត​បង្ក​វិញ នៅ​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ ក៏​បាន​បុក​ដើម​ក្ងោក នៅ​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​ផង​ដែរ ធ្វើ​ឲ្យ​រថយន្ត​បែក​កង់​មួយ​ចំហៀង​ខាងស្ដាំ​មុខក្រោយ ។ រីឯ​រថយន្ត​បង្ក​មិន​បាន​បុក​រថយន្ត​ប្រមូល​សំរាម​ទេ ។

ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដែរ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ចេញពី​កន្លែង​កើតហេតុ ជាង​១០០​ម៉ែត្រ​បន្ត​ទៀត ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​រថយន្ត​បង្ក រួច​ឃាត់​អ្នក​បើករថយន្ត​បង្ក​បាន​ភ្លាម​ៗ ចំណែក​អ្នក​រួម​ដំណើរ​៦​នាក់​ទៀត ដែល​ស្រវឹង​ដូច​គ្នា បាន​នាំ​គ្នា​រត់​ចោល​អ្នក​បើករថយន្ត​បាត់​អស់​ទៅ ។ បន្ទាប់​មក សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ និង​បាន​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្លាម​ៗ​ផង​ដែរ ប្រគល់​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក ព្រមទាំង​អ្នកបើកបរ​រថយន្ត នាំ​យក​ទៅ​ផ្នែក​ជំនាញ ចំណែក​ស​.​ព​ជន​រង​គ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​បាន​ធ្វើ​លិខិត​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​កំណើត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ