ប្រទេសវៀតណាម ៖ អ្នកជំនាញនិយាយថា ការបង្កើតឡើងនូវសមាគមសេដ្ឋកិច្ចអាស៊ាន (AEC) នឹងនាំមកនូវកាលានុវត្តភាពច្រើនសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងផ្នែកអចលនទ្រព្យ ជាពិសេស ការិយាល័យ និងទីធ្លាលក់រាយសម្រាប់ជួលតែម្តង ។
តម្រូវការសម្រាប់ការិយាល័យ និងទីធ្លាលក់រាយនឹងកើនឡើង ដោយសារតែគេប៉ាន់ប្រមាណពីកំណើននៃការហូរចូលពាណិជ្ជកម្មមកទីផ្សារវៀតណាម បន្ទាប់ពីប្រទេសនេះសម្រេចធ្វើសមាហរណកម្មអន្តរជាតិ ជាមួយនឹងការបង្កើតសមាគមសេដ្ឋកិច្ចអាស៊ានឆ្នាំនេះ ។
យោងតាមអគ្គនាយកក្រុមហ៊ុន Dat Lanh Real Estate លោក Nguyen Van Duc បានមានប្រសាសន៍ថា ៖ « ការកើនឡើងនៃតម្រូវការនេះ នឹងជួយឲ្យមានការទិញស្តុកនូវការិយាល័យ និងទីធ្លាលក់រាយតាមសេចក្តីត្រូវការ » ។
ចំណែកលោក Desmond Sim ថ្នាក់ដឹកនាំក្រុមហ៊ុន CBRE Research សម្រាប់សិង្ហបុរី និងអាស៊ីអាគ្នេយ៍ ត្រូវបានសារព័ត៌មានវៀតណាមញូវ ដកស្រង់សម្តីថា ៖ « សមាគមសេដ្ឋកិច្ចអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងវិញទៅលើទីផ្សារវិនិយោគក្នុងតំបន់អាស៊ាន ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគបរទេសក្នុងបណ្តាប្រទេសជាសមាជិកនីមួយៗ » ។
យើងសង្កេតឃើញថា បណ្តាវិនិយោគិនបរទេស ក៏កំពុងសម្លឹងមើលនូវទីផ្សារអចលនទ្រព្យនៅក្នុងសមាគមសេដ្ឋកិច្ចអាស៊ានដែរ ។ លោក Desmond Sim បានថ្លែងបន្តថា ៖ « កាលានុវត្តភាពវិនិយោគ គួរតែជាប្រភពមកពីទីផ្សារដែលកំពុងរើបឡើងដូចជាវៀតណាម » ។
តាមការស្ទង់មតិដោយក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកអចលនទ្រព្យ Alternaty បានរកឃើញថាទីផ្សារអចលនទ្រព្យរបស់វៀតណាម កំពុងផ្តល់នូវកាលានុវត្តភាពវិនិយោគដែលគួរឲ្យទាក់ទាញបំផុតនៅក្នុងតំបន់ជាមួយសក្តានុពល និងភាពអាចជោគជ័យនៃប្រាក់ចំណេញរបស់ខ្លួន ។ លើសពីនេះទៀត សេដ្ឋកិច្ចវៀតណាម គឺស្ថិតនៅលើផ្លូវនៃការរើបឡើងវិញដ៏រឹងមាំ ហើយប្រព័ន្ធច្បាប់វិនិយោគ និងពាណិជ្ជកម្មលើផ្នែកអចលនទ្រព្យ ក៏ត្រូវបានធ្វើឲ្យប្រសើរឡើងវិញផងដែរ ។
តាមតួលេខចុងក្រោយរបស់ទីភ្នាក់ងារវិនិយោគបរទេសបង្ហាញថា ពាណិជ្ជកម្មពីបណ្តាសមាជិកអាស៊ានទាំងឡាយបានបញ្ចូលនូវទឹកប្រាក់សរុបជាង១៦,៩ប៊ីលានដុល្លារក្នុងគម្រោងអចលនទ្រព្យចំនួន៩៧ នៅទូទាំងប្រទេសវៀតណាម បើគិតមកដល់ថ្ងៃទី២០ តុលានេះ ។
រីឯរបាយការណ៍ថ្មីៗនេះរបស់ CBRE បង្ហាញថា សមាគមសេដ្ឋកិច្ចអាស៊ាន គឺជាការជំរុញនូវទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ម្យ៉ាងទៀត AEC នឹងលើកទឹកចិត្តដល់ទីផ្សារឧស្សាហកម្មដែលនឹងងាកទៅរកលទ្ធផលវិជ្ជមានខ្លះៗលើទីផ្សារលក់រាយ និងការិយាល័យ ស្របពេលក្រុមហ៊ុនជាច្រើនបានឈានជើងចូលក្នុងតំបន់នេះ ហើយក្រុមហ៊ុនមួយចំនួន ក៏បានពង្រីកខ្លួនផងដែរ ។
របាយការណ៍ឲ្យដឹងទៀតថា បណ្តាអ្នកលក់រាយបរទេសជាច្រើន ក៏គ្រោងនឹងផ្សងព្រេងនៅក្នុងតំបន់អាស៊ានផងដែរ ។ ទោះបីជាយ៉ាងណា វៀតណាមចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងការិយាល័យ និងទីធ្លាលក់រាយ ដើម្បីការពារភាពងាយនឹងប្រែប្រួលនៃការជួលលក់រាយ ។
ជាងនេះទៀត អចលនទ្រព្យទេសចរណ៍ ក៏បានផ្តល់នូវកាលានុវត្តភាពវិនិយោគដ៏ប្រសើរផងដែរ ស្របពេលដែលវិស័យទេសចរណ៍ជាចំណុចភ្លឺស្វាងមួយសម្រាប់បណ្តាប្រទេសសមាជិកអាស៊ាន និងការបោះជំហាននៃសមាគមសេដ្ឋកិច្ចអាស៊ាន ដែលផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវបរិយាកាស និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាតំបន់នេះ ៕
ចែករំលែកព័តមាននេះ