ខេត្តបាត់ដបង ៖ មនុស្សយ៉ាងហោចណាស់ជិត១០នាក់បានរងរបួសធ្ងន់និងស្រាល នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តធុនធ្ងន់បុកជាមួយគោយន្ត្រៃ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាលើផ្លូវជាតិលេខ៥ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១២ កក្កដា ត្រង់ចំណុចភូមិថ្នល់បត់ ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី។
មន្ត្រីសណ្ដាប់ធ្នាប់ អធិការស្រុកមោងប្ញស្សីបានរាយការណ៍ថា ជនរងគ្រោះភាគច្រើនជិះលើគោយន្តកន្ត្រៃ ហើយសរុបអ្នករបួសទាំងធ្ងន់ ទាំងស្រាលមានចំនួន០៧នាក់ ក្នុងនោះ មានទាំងកុមារផង។ មន្ត្រីដដែលនិយាយថា បើតាមការពិនិត្យជាក់ស្ដែង គេសង្ស័យទៅលើរថយន្តម៉ាក FUSO (ប្រភេទដឹកទំនិញ) ពាក់ស្លាកលេខ ភ្នំពេញ 3A.9942 ជាអ្នកបង្កឲ្យមានគ្រោះថ្នាក់នេះឡើង ខណៈពេលកំពុងធ្វើដំណើរក្នុងគោលដៅផ្ទុយគ្នាជាមួយគោយន្តកន្ត្រៃ ដែលមានដឹកមនុស្សច្រើននាក់។ ប៉ុន្តែភ្លាមៗ គេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ ហើយក៏មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរថយន្តបង្កដែរ ព្រោះបានរត់ចោលរថយន្ត ក្រោយកើតហេតុ។
ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់នេះ បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលកំពុងធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែសុខៗគេឃើញរថយន្តយក្សនោះបានរេចង្កូតទៅខាងឆ្វេងដៃ ស្របពេលគោយន្តកំពុងធ្វើដំណើរផ្ទុយទិសគ្នាមកពីខាងមុខ រថយន្តនោះក៏បុកគោយន្តទាំងកំរោលតែម្ដង។ នៅពេលនោះ គេឃើញទាំងរថយន្ត ទាំងគោយន្តធ្លាក់ផ្លូវទាំងអស់ តែគោយន្តបានក្រឡាប់ជះអ្នកជិះចូលប្រឡាយ អ្នកខ្លះកប់ក្នុងភក់ទៀតផង រីឯអ្នកបើកបររថយន្ត បើកទ្វារចុះដាក់មេប្រូចបាត់ទាំងកណ្ដាលយប់ភ្លាមៗដែរ ខណៈអ្នករងគ្រោះទាំងធ្ងន់ ទាំងស្រាលដេករដូករណែលក្នុងប្រឡាយ។
មន្ត្រីសណ្តាប់ធ្នាប់ ស្រុកមោងឬស្សី បាននិយាយថា មន្ត្រីជំនាញបានចុះពិនិត្យកន្លែងកើតហេតុទាំងយប់ ដើម្បីជួយសង្គ្រោះជនរងគ្រោះ។ ប៉ុន្តែយ៉ាងណា ភ្លាមៗនោះមិនមានជនរងគ្រោះដល់អាយុជីវិតទេ។ ពេលនេះ សមត្ថកិច្ចបាននាំយកមធ្យោបាយបង្កគ្រោះថ្នាក់ នៃភាគីទាំង០២ ទៅកាន់អធិការស្រុកហើយ ដើម្បីដោះស្រាយតាមនីតិវិធី៕
ចែករំលែកព័តមាននេះ