ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន បន្ត​ពិនិត្យ​ការចាក់​ថ្នាំ​វ៉ាក់សាំង ដូ​ស​ទី​១ ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ ក្រោយពី​រដ្ឋបាលខេត្ត បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដែល​អនុវត្ត ចាប់ពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១​តទៅ ដោយមាន​រយ​:​ពេល ១៤​ថ្ងៃ​រួចមក…

ខេត្ត​ប៉ៃលិន​៖ ក្រោយពី​រដ្ឋបាលខេត្ត បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដែល​អនុវត្ត ចាប់ពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១​តទៅ ដោយមាន​រយ​:​ពេល ១៤​ថ្ងៃ​រួចមក រហូតដល់​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​បន្ត​ដឹកនាំ​មន្ត្រី​មកពី​មន្ទីរ ជុំវិញ​ខេត្ត ពិនិត្យមើល​ដំណើរការ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ​។ នេះ​ជាការ​អនុវត្ត​ផែនការ​ជំហាន​យុទ្ធសាស្ត្រ ក្នុងការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការយកចិត្តទុកដាក់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅក្នុង​ឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ទូទាំង​ខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ឱ្យ​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ (៣​ការពារ ៣​កុំ​) ទោះបីជា​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយក៏​ដោយ ព្រោះ​ជំងឺ​កូ​វីដ​១៩​នេះ ពិតជា​សាហាវ​ណាស់ តែបើ​យើង​បានទទួល​វ៉ាក់សាំង គឺ​ងាយស្រួល​ក្នុងការ​ព្យាបាល​។

លោកជំទាវ​អភិបាលខេត្ត បាន​បន្តថា « បើ​ទោះ​ពុក​ម៉ែ​បងប្អូន បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ដូ​ស​ទី​១ ឬ​បាន​ចាក់​ដូ​ស​ទី​២ រួចរាល់​ហើយក៏​ដោយ ក៏ត្រូវ​រក្សា​វិធានការ ៣​ការពារ ៣​កុំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន ទើប​អាច​រួចខ្លួន​ពី​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ថ្មី ( COVID-19 Delta) ដែលមាន​ប្រភព​មកពី​ក្រៅប្រទេស​។

​លោកជំទាវ​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ ដោយ​ក្រោយពេល​ចាក់​វ៉ាក់សាំង​រួច មិនត្រូវ​ពិសា​ស្រា គ្រឿង​សមុទ្រ កុំ​ពិសា​ម្ទេស​ច្រើនពេក និង​មិនត្រូវ​លើក​របស់​ធ្ងន់ៗ ជាដើម​។

​ចំណែក​ប្រជាពលរដ្ឋ ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង មានការ​ត្រេកអរ​យ៉ាងខ្លាំង ហើយក៏​សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់​កាលទេស​: ហើយក៏​សូម អរគុណ​ដល់​អភិបាល​ខេត្ត​ប៉ៃលិន ដែល​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ដុតដៃដុតជើង ផ្តល់​សេវា​នៃ​ការចាក់ វ៉ាក់សាំង​នេះ បាន​យ៉ាង​ល្អ និង​ទាន់ពេលវេលា​ផងដែរ​។

​សូមបញ្ជាក់ថា យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​នេះ មាន​រយៈពេល ១៤​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ ដោយពេល​ព្រឹក​ចាប់ពី​ម៉ោង ៨:០០​ព្រឹក ដល់​ម៉ោង​១១:០០​នាទី ព្រឹក ។ ពេល​រសៀល ចាប់ពី​ម៉ោង​២:០០ ដល់​ម៉ោង ៥:០០​នាទី​ល្ងាច និង​នៅតាម​ទីតាំង ដូចខាងក្រោម​៖ ទី​១. ក្រុងប៉ៃលិន​. នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ចំនួន​០២​កន្លែង មណ្ឌល​សុខភាព​ក្រចាប់ ចំនួន ០១​កន្លែង ទី​២. ស្រុក​សាលា​ក្រៅ គឺ​នៅ​មណ្ឌល​សុខភាព​ផ្សារ​ព្រំ​ចំនួន​០២​កន្លែង នៅ​មណ្ឌល​សុខភាព​ស្ពង់ ចំនួន ០១​កន្លែង និង​នៅ​មណ្ឌល​សុខភាព​ភ្នំ​ព្រាល ចំនួន ០១​កន្លែង។ សូមកុំ​ភ្លេច​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន ទើប​ក្រុមការងារ អាច​ចាក់​ជូន​បាន​៕ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ