ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក វ៉ា​ត់ ចំរើន លើក​ឡើង​ផ្ទុយ​​ពី​មហាជន ជុំវិញ​ការ​លើក​ពេល​ស៊ី​ហ្គេ​ម និង​ប៉ា​រ៉ា​ហ្គេ​ម​របស់​វៀតណាម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយ​ការ​ប្រកាស​លើក​ពេល​ស៊ី​ហ្គេ​ម និង​ប៉ា​រ៉ា​ហ្គេ​ម​របស់​វៀតណាម ពី​ចុងឆ្នាំ​នេះ​រហូត​ដល់​​ឆ្នាំ​២០២២ គេ​កត់​

រាជធានីភ្នំពេញ ៖ ក្រោយ​ការ​ប្រកាស​លើក​ពេល​ស៊ី​ហ្គេ​ម និង​ប៉ា​រ៉ា​ហ្គេ​ម​របស់​វៀតណាម ពី​ចុងឆ្នាំ​នេះ​រហូត​ដល់​​ឆ្នាំ​២០២២ គេ​កត់​សម្គាល់ថា កីឡាករ​ កីឡា​រិ​នី​មិន​តិច​ទេ បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត ដោយសារ​តែ​ពួក​គេ​យល់​ថា ប្រសិនបើ​គ្មាន​ការ​លើក​ពេល គឺ​ពួក​គេ​នឹង​បាន​បញ្ចប់​កាតព្វកិច្ច​ឆាប់​ៗ ហើយ​បាន​ទៅ​ធ្វើ​ការងារ​ផ្សេង​បន្ត​។ យ៉ាងណាមិញ វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បែរជា​ចាត់​ទុក​ថា ការ​សម្រេច​លើក​ពេល​នេះ គឺជា​រឿង​ដ៏​ល្អ​សម្រាប់​កីឡាករ​កម្ពុជា​ទៅ​វិញ បើ​ទោះជា​អ្នកខ្លះ​បារម្ភ​ថា​អាច​នឹង​ធ្វើ​អោយ​មានការ​ពន្យារពេល​សម្រាប់​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា ព្រោះ​បណ្ដា​​ប្រទេស​ខ្លះ​អាច​យក​លេស​ថា ប្រកួត​កៀក​គ្នា​ពេក រៀបចំ​មិន​ទាន់​។

លោក វ៉ា​ត់ ចំរើន ថ្លែង​ថា ការ​សម្រេច​នៃ​ការ​ពន្យារពេល ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ពី​ចុងឆ្នាំ​២០២១ ទៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២២ នឹង​ក្លាយជា​ផែនការ​មួយ​ដ៏​ល្អ​សម្រាប់​ការ​ហ្វឹកហាត់​ដល់​ក្រុម​ជម្រើសជាតិ​របស់​កម្ពុជា ដើម្បី​ឲ្យ​ការ​ហ្វឹកហាត់​នោះ កាន់តែ​មាន​ផ្លែផ្កា ព្រោះ​មាន​ពេលវេលា​គ្រប់គ្រាន់​។

លោក​ថា ដោយសារ​ការ​ពន្យារពេល​ស៊ី​ហ្គេ​ម នៅ​វៀតណាម​នេះ គឺជា​ឱកាសល្អ ដែល​កម្ពុជា​យើង​នៅ​មាន​ពេលវេលា​បន្ថែម​ទៀត ក្នុង​ការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ដណ្តើម​មេដាយ​។ លោក​បន្ត​បន្ថែម​ថា ថ្វី​ដ្បិតតែ​យើង​មាន​ពេលវេលា​ច្រើន​សម្រាប់​ការ​ចូលរួម​ស៊ី​ហ្គេ​ម នៅ​ប្រទេស​វៀតណាម ក៏​ពិតមែន ប៉ុន្តែ​យើង​ក៏​បាន​បាត់បង់​ពេលវេលា​ច្រើន​ដែរ ក្នុង​ការ​ហ្វឹកហាត់ ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​។

ជាមួយ​គ្នា​នោះ ​លោក​​អគ្គលេខាធិការ​លើកទឹកចិត្ត​ឲ្យ​កីឡាករ កីឡាការិនី​ជម្រើសជាតិ​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​សម្រួច​គោលដៅ​ប្រជែង​មេដាយ នៅ​ក្នុង​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​ជា​ហ្គេ​ម​យុទ្ធសាស្ត្រ​ចុង​ក្រោយ​របស់​កម្ពុជា ក្នុង​ការ​សម្រួច​គោលដៅ ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​ការ​ប្រកួត​កីឡា​ជន​ពិការ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣​។ ដូច្នេះ​ហើយ ការ​ពន្យារពេល​ស៊ី​ហ្គេ​ម នៅ​វៀតណាម​ទៅ​ឆ្នាំ​២០២២ គឺជា​ឱកាស​ត្រៀមខ្លួន​អភិវឌ្ឍ​គុណ​ផល​កីឡា​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ឲ្យ​បាន​គត់មត់ និង​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។ យ៉ាងណា​ក៏​ដោយ កីឡាករ​មួយ​ចំនួន​យល់​ថា ប្រសិនបើ​គ្មាន​ការ​លើក​ពេល គឺ​កាតព្វកិច្ច​សម្រាប់​ការ​ចេញ​ប្រកួត​តំណាង នឹង​ឆាប់​បញ្ចប់ ប៉ុន្តែ​នៅ​ពេល​មានការ​ពន្យារពេល​បែប​នេះ គឺ​នឹង​ធ្វើ​អោយ​ការ​ត្រៀមខ្លួន កាន់តែ​អូស​បន្លាយ ហើយ​ពេល​ខ្លះ​ក៏​មានការ​ប៉ះទង្គិច​ដល់​អារម្មណ៍​ដែល​ខំ​ប្រុងប្រៀប​ផង​ដែរ​។ ក្នុង​នោះ​អ្នកខ្លះ​ក៏​បារម្ភ​ខ្លាច​បណ្ដា​ប្រទេស​ភាគច្រើន នឹង​ស្នើ​អោយ​កម្ពុជា​ពន្យារពេល​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ បើ​ទោះជា​ភាព​ជាក់ស្ដែង គឺ​កម្ពុជា​មាន​សិទ្ធិ​សម្រេច​ចិត្តធំ​ជាង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​ហេតុផល​កូ​វីត​ផ្ទុះ​ខ្លាំង ប្រទេស​ទាំងអស់​ដែល​ជា​សមាជិក​ស៊ី​ហ្គេ​ម បាន​ឯកភាព​ព្រមអោយ​វៀតណាម​លើក​ពេល តែ​ការ​សម្រេចចិត្ត​នោះ ទំនង​មិន​ប៉ះពាល់​ចំណោះ​ការ​រៀបចំ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២៣​ឡើយ​។ ក្នុង​នោះ​ប្រទេស​ភាគច្រើន ក៏​បាន​កោតសរសើរ និង​បាន​វាយតម្លៃ​ខ្ពស់​ថា កម្ពុជា​ពិតជា​មាន​ជំហរ​ច្បាស់លាស់ និង​ពិតប្រាកដ នៅ​ក្នុង​ការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ ឆ្នាំ​២០២៣ ហើយ​ប្រទេស​ទាំងអស់ រង់ចាំ​ជួយ​ជ្រោមជ្រែង​ការ​ផ្សព្វផ្សាយ ក្នុង​ការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ​ទាំងអស់​គ្នា​នៅ​គ្រប់​ប្រទេស​ទាំងអស់​។ កម្ពុជា​យើង មាន​មោទនភាព​ដោយ​យើង​បាន​ធ្វើ​កិច្ចការ​នេះ​មួយ​ជំហាន​មុន និង​មាន​វិធានការ​ដ៏​ច្បាស់លាស់​។

ដោយឡែក ចំណុច​ដ៏​សំខាន់​មួយទៀត គឺ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​តទៅ​នោះ គឺថា​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ី​អាគ្នេយ៍ នឹង​យក​វិធានការ​ទប់ស្កាត់​កូ​វី​ដ​-១៩ ដែល​ត្រូវ​បាន​ចែង​នៅ​ក្នុង​អូ​ឡាំ​ពិ​ក​អន្តរជាតិ គឺ​អាស៊ី​អាគ្នេយ៍​ទាំងមូល​នឹង​ខិតខំ​រួម​គ្នា​ប្រមែប្រមូល​យក​វិធានការ​ទាំងអស់​នោះ មក​ធ្វើ​ជា​វិធានការ​នៃ​ការ​ទប់ស្កាត់​កូ​វី​ដ​-១៩ យក​មក​រៀបចំ ស៊ី​ហ្គេ​ម នៅ​វៀតណាម ក៏​ដូច​ជា​ស៊ី​ហ្គេ​ម នៅ​កម្ពុជា ឆ្នាំ​២០២៣​ផង​ដែរ ប្រសិនបើជា​ស្ថានភាព​វិបត្តិ​នៅ​តែ​មាន​។ ទាំង​អស់នេះ ជា​គំនិត និង​ជា​យុទ្ធសាស្ត្រ​ចម្បង ដែល​ប្រទេស​ទាំងអស់​ថា ត្រូវ​តែ​រួម​គ្នា​ឈរ​ឲ្យ​រឹង​មាំ នៅ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ឲ្យ​បាន ទោះបីជា​ក្នុង​ដំណាក់កាល​កូ​វី​ដ នៅ​សល់​ឥទ្ធិពល​ខ្លះ​ៗ​ក៏​ដោយ ប៉ុន្ដែ​យើង​ត្រូវ​តែ​នាំ​គ្នា​រៀបចំ ដើម្បី​ឲ្យ​ជីវិត​នៃ​ចលនា​កីឡា ចលនា​អូ​ឡាំ​ពិ​ក និង​ជួយ​ដល់​កីឡាករ កីឡាការិនី ដែល​ខិតខំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​នេះ ឲ្យ​សម្រេច​បាន​ដល់​គោលដៅ​របស់​ខ្លួន​ប្រកបដោយ​ក្តី​មោ​ទ​នៈ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​គ្រោង​នឹង​រៀបចំ​ចុងឆ្នាំ​២០២១ ត្រូវ​បាន​ពន្យារពេល​ទៅ​រៀបចំ​នា​ចុង​ខែមេសា ដល់​ដើមខែ​ឧសភា ឆ្នាំ​២០២២ ដោយ​គណៈ​អចិន្ត្រៃយ៍​ស៊ី​ហ្គេ​ម បាន​ឯកភាព​គ្នា ក្រោម​ការ​សម្របសម្រួល និង​សម្រេចចិត្ត​យ៉ាង​ផុលផុស ជា​ពិសេស​គឺ​បានការ​ឯកភាព​គ្នា​ទាំងស្រុង ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ជួយ​បន្ធូរបន្ថយ​ស្ថាន​ភាព​​តានតឹង​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​នេះ​។ ម្ចាស់ផ្ទះស៊ី​ហ្គេ​ម​វៀតណាម នឹង​កំណត់​ការ​បរិច្ឆេទ​ច្បាស់លាស់ ឆាប់​ៗ​ខាង​មុខ​នេះ ថា​តើ​ពី​ថ្ងៃ​ណា​ដល់​ថ្ងៃ​ណា ក្នុង​ចន្លោះ​ខែមេសា ដល់​ខែឧសភា ក្នុង​ឆ្នាំ​២០២២ ជូន​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ ក្រោយ​ដាក់​សំណើ​នេះ​ជូន​ដល់​រដ្ឋាភិបាល​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ