កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី១១ មីនា ផ្សាយឱ្យដឹងថា លោកចម្លងស្រីមឿង ជាមេដឹកនាំក្រុមជ្រុលនិយមសៀមអាវលឿង កាលពីថ្ងៃទី១១ មីនា បានគំរាមថា នឹងដឹកនាំក្រុមបាតុ ករអាវលឿងសម្រុកចូលប្រមូលផ្តុំក្នុងវិមានរដ្ឋាភិបាល ប្រសិនបើក្រុមបាតុករអាវលឿងត្រូវបានបំបែកចេញពីកន្លែងប្រមូលផ្តុំបច្ចុប្បន្នរបស់ពួកគេដោយប៉ូលិសនោះ ។
លោកចម្លងស្រីមឿង បានគំរាមដូច្នេះក្រោយពីមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលសន្តិភាព និងសណ្តាប់ធ្នាប់ (CAPO) ចេញឧសានវាទថា ក្រុមអាវលឿង និងក្រុមឈ្មោះបណ្តាញអ្នក
ស្នេហាជាតិថៃត្រូវតែរុះរើកន្លែងប្រមូលផ្តុំរបស់ខ្លួនពីផ្លូវ Rathchadanmoen និងផ្លូវ Phitsanulok ត្រឹមថ្ងៃទី១៥ មីនា បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខបញ្ហាធ្ងន់ធ្ងរ ព្រោះកន្លែងនោះត្រូវយកធ្វើជាកន្លែងរៀបចំពិធីតាំងពិព័រណ៍កាកបាទក្រហម ។
ក្នុងការគំរាមនេះដែរ លោកចម្លងស្រីមឿង បានអំពាវនាវដល់ពលរដ្ឋថៃឱ្យចូលរួមក្នុងការប្រមូលផ្តុំរបស់ក្រុមអាវលឿង ។
លោកចម្លងស្រីមឿង និយាយថា ប្រសិនបើរដ្ឋាភិបាលប្រើកម្លាំង ដើម្បីបំបែកក្រុមបាតុករនោះ លោកនឹងដឹកនាំក្រុមបាតុករសម្រុកចូលក្នុងវិមានរដ្ឋាភិបាល ហើយកាន់កាប់វិមាននោះដូចក្រុមអាវលឿងធ្លាប់បានធ្វើកាលពីឆ្នាំ២០០៨កន្លងមក ។
គេនៅចាំបានថា ក្រុមបាតុករអាវលឿង កាលពីឆ្នាំ២០០៨ បានកាន់កាប់វិមានរដ្ឋាភិបាលអស់រយៈពេល១៩៣ថ្ងៃ ទាមទារឱ្យលោកសាម៉ាក់ សុនថារ៉ាវេត ដែលជានាយករដ្ឋមន្ត្រី នៅពេលនោះចុះចេញពីតំណែង បន្ទាប់មកទាមទារឱ្យលោកស៊ុមឆៃវង្សាវ៉ាត ចុះចេញពីតំណែងទៀត ក្រោយពីលោកស៊ុមឆៃ បន្តតំណែងពីលោកសាម៉ាក់ មិនទាន់បានប៉ុន្មានផង។
កាលពីព្រឹកថ្ងៃទី១១ មីនា សមាជិកសំខាន់ៗរបស់ក្រុមអាវលឿងបានឡើងលើវេទិកាប្រមូលផ្តុំដើម្បីប្រាប់ក្រុមបាតុករទាំងអស់ឱ្យពិនិត្យទ្រព្យសម្បត្តិរបស់ពួកគេ ព្រោះអាជ្ញាធរនឹងបំបែកពួកគេនាពេលខាងមុខនេះយ៉ាងយូរត្រឹមថ្ងៃទី១៤ មីនា ។
ក្រុមជ្រុលនិយមសៀមអាវលឿងបានប្រមូលផ្តុំគ្នាដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ចុះចេញពីតំណែង ដោយចោទថា លោកអាប់ភីស៊ីត មិនបំពេញកាតព្វកិច្ចរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ