ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ខែ​ដំបូង​ឆ្នាំ​២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​តែ​ជាង​៩​ម៉ឺន​នាក់​ប៉ុណ្ណោះ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​តំបន់​រមណីយ​ដ្ឋា​នានា​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ហើយ​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំ​២០២០​កន្លង​ទៅ​ជាក់ស្ដែង​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ ពី​ខែមករា ដល់​ដំណាច់​ខែឧសភា ២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តែ​ជាង​៩​ម៉ឺន​នាក់​ប៉ុណ្ណោះ ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​នៅ​ថ្ងៃ​ទី​០៩​កក្កដា ២០២១…

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​តំបន់​រមណីយ​ដ្ឋា​នានា​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ហើយ​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំ​២០២០​កន្លង​ទៅ​ជាក់ស្ដែង​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ ពី​ខែមករា ដល់​ដំណាច់​ខែឧសភា ២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តែ​ជាង​៩​ម៉ឺន​នាក់​ប៉ុណ្ណោះ ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​នៅ​ថ្ងៃ​ទី​០៩​កក្កដា ២០២១ ។

Picture

តាម​របាយការណ៍​របស់​នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍ បានឱ្យ​ដឹង​ថា​ក្នុង​រយៈពេល​៥​ខែ នៃ​ឆ្នាំ​២០២១ (​មក​រា​-​ឧសភា​) មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ៩១.៥៩៦ នាក់ បាន​ធ្វើ​ដំណើរ​ចូល​មក​កាន់​ប្រទេស​កម្ពុជា ភាគច្រើន​នៃ​អ្នកដំណើរ​អន្តរជាតិ​ទាំងនេះ គឺជា​អ្នកជំនួញ អ្នក​វិនិយោគ ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​មានការ​ថយ​ចុះ​រហូត​ដល់​៩២,២​ភាគរយ ដែល​កាលពី​៥​ខែ​ឆ្នាំ​មុន​កម្ពុជា​ទទួលភ្ញៀវ​ចំនួន ១.១៧០.៥៤២ នាក់ ។

យោង​តាម​របាយការណ៍​ដដែល​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា រយៈពេល​៥​ខែ​នៃ​ឆ្នាំ​២០២១​នេះ ភ្ញៀវ​ទេសចរ​ចូល​កម្ពុជា​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សរុប​មាន​ចំនួន​៤១.៩១១​នាក់ ក្នុង​នោះ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​៣៤.៤៦៨​នាក់​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង​ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន​៧.៤៣៩​នាក់ និង​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប មាន​ចំនួន​៤​នាក់ ។​ដោយឡែក​ភ្ញៀវ​អន្តរជាតិ​ចូល​កម្ពុជា​តាម​ច្រកព្រំដែន​មាន​ចំនួន ៤៩.៦៨៣​នាក់​ផង​ដែរ ។

អ្នកជំនាញ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​មើលឃើញ​ថា ស្ថានភាព​ទេសចរណ៍​កម្ពុជា​និង​ពិភពលោក​ក្នុង​ឆ្នាំ​២០២១​នេះ នៅ​តែ​មិន​ទាន់​អាច​មាន​កំណើន​ឡើង​វិញ​បាន​នោះ​ទេ ក្នុង​ពេល​ដែល​វិបត្តិ​កូ​វី​ដ​១៩ និង​ការ​រីក​រាលដាល​នៅ​តែ​បន្ត​ទាំង​ថ្នាក់​តំបន់​និង​ពិភពលោក បើ​ទោះបីជា​ពិភពលោក​កំពុង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​តាម​ប្រទេស​នីមួយ​ៗ​ក្ដី ។ តែ​យ៉ាងណា​ក្ដី ក្រសួងទេសចរណ៍​កម្ពុជា​ក៏​បាន​ត្រៀម​រៀបចំ​ផ្នែក​ខាងក្នុង​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​កម្ពុជា​ឡើង​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ ។ ក្រសួងទេសចរណ៍​បាន​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​ប្រទេស​ជា​បន្តបន្ទាប់ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​នៅ​ពេល​ចប់​កូ​វី​ដ​១៩ ។

លោក​ហូ វ​ណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​ថា​ការ​ត្រៀមខ្លួន​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​គួរតែ​ត្រូវធ្វើ​ឱ្យ​រួចរាល់ កុំ​ចាំ​ដល់​ពេល​ចប់​កូ​វី​ដ​១៩​ហើយ​ទើប​ធ្វើ​ពេល​នោះ យើង​ទទួលភ្ញៀវ​ទេសចរ​មិន​បាន​ល្អ​នោះ​ឡើយ ។

លោក​បន្ត​ថា យើង​ពិតជា​អាច​ស្មាន​បាន​ថា​វិបត្តិ​កូ​វី​ដ​១៩​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ឡើយ ។ បើសិនជា​វា​ចប់​ឆាប់​ៗ ហើយ​ភ្ញៀវ​ក៏​សម្រុកចូល​មក​កម្ពុជា​ទាំង​ដែល​យើង​មិន​ទាន់​បាន​ត្រៀមខ្លួន ពេល​នោះ​យើង​មិនដឹង​ថា​តើ​ត្រូវ​ស្វាគមន៍​យ៉ាង​បាន​ល្អ ហើយ​ភ្ញៀវ​មក​កម្ពុជា​តែ​យើង​ទទួល​មិន​បាន​ល្អ​គេ​អាច​នឹង​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​គេ​ឈប់​កម្ពុជា​ក៏​អាច​ថា​បាន​ដែរ ។

គួរ​បញ្ជាក់​ថា​នៅ​ក្នុង​វិបត្តិ​កូ​វី​ដ​១៩​នេះ វិស័យ​ទេសចរណ៍​ហាក់​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទេសចរណ៍ ក្រុមហ៊ុន​អាកាសចរណ៍ និង​ភ្នាក់ងារទេសចរណ៍​ជា​ច្រើន​ត្រូវ​ដួល​រលំ​និង​បិទ​ក្រុមហ៊ុន​នៅ​ក្នុង​វិបត្តិ​កូ​វី​ដ​១៩​នេះ ។ នៅ​ក្នុង​វិស័យ​នេះ​ក៏​មាន​បុគ្គលិក​បាត់បង់​ការងារ​យ៉ាងច្រើន​ផង​ដែរ អ្វី​ដែល​សំខាន់​នោះ ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ជូន​ជនបរទេស​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក៏​បាន​បាត់​ចំណូល​យ៉ាងច្រើន​ផង​ដែរ ដោយ​រាល់​ឆ្នាំ មុន​វិបត្តិ​កូ​វី​ដ​១៩​ការ​លក់​បណ្ណ​ជា​មធ្យម​ប្រមាណ​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​តែ​រយៈពេល​៦​ខែ​នេះ ការ​លក់​ប័ណ្ណ ជូន​ភ្ញៀវ​បរទេស​ទទួល​បាន​ចំណូល​តែ​ប្រមាណ​តែ​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ៕