ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋមួយគ្រួសារដែលរស់នៅលើដីក្នុងបរិវេណសាលាខេត្ត បានស្រែកទ្រហោយំ ព្រោះតែគ្រឿងចក្របានឈូសឆាយបំផ្លាញផលដំណាំរបស់គាត់ខ្ទេចខ្ទីអស់។ សកម្មភាពឈូសឆាយបានចាប់ផ្តើមធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ មីនា ២០១១ ដោយមានមន្ត្រីសាលាខេត្តឈរបញ្ជាគ្រឿងចក្រ និងមានកម្លាំងប៉ូលិស ប៉េអឹម ការពារយ៉ាងប្រុងប្រយ័ត្នខ្លាចក្រែងមានផ្ទុះអំពើហិង្សាពីម្ចាស់ផ្ទះ។ ខណៈពេលដែលគ្រឿងចក្រកំពុងឈូសឆាយរបងនិងដំណាំផ្លែឈើក្រោយផ្ទះភ្លាម គេឃើញស្ត្រីម្ចាស់ផ្ទះម្នាក់ចេញមករារាំងស្រែកយំតវ៉ាតែត្រូវសមត្ថកិច្ចធ្វើអន្តរាគមន៍ដើម្បីផ្តល់ឱកាសឱ្យគ្រឿងចក្រឈូសឆាយបន្ត ។
ស្ត្រីម្ចាស់ផ្ទះដែលយំសោកនោះបានប្រាប់កោះសន្តិភាពថា គាត់រស់នៅទីនេះតាំងពីក្រោយថ្ងៃរំដោះមកម៉្លេះ មកដល់ពេលនេះមានរយៈពេល៣០ឆ្នាំហើយ ។ សព្វថ្ងៃគាត់ធ្វើជាគ្រូបង្រៀន ឯប្តីរបស់គាត់បម្រើការងារគណបក្សប្រជាជនកម្ពុជា ។ រយៈពេលដែលគ្រួសារគាត់រស់នៅលើដីនេះគឺបានដាំដំណាំមានដូង ស្វាយ ចេក ខ្នុរ ស្លា ពុទ្រា និងបណ្តុះដើមឈើហូបផ្លែលក់ជារៀងរាល់ឆ្នាំ រហូតសន្សំលុយទិញរថយន្តតូចធំតម្លៃ៥.០០០ដុល្លារទៅ៦០០០ដុល្លារ បានជិះសព្វថ្ងៃនេះ ។ ប៉ុន្តែឥឡូវនេះផលដំណាំទាំងនោះត្រូវគេឈូសឆាយបំផ្លាញចោលអស់រលីងដោយគ្មានជូនដំណឹងជាលាយលក្ខណ៍អក្សរឱ្យដឹងមុននោះទេ ។ ការធ្វើបែបនេះ ដូចជាសាហាវពេក មិនយោគយល់ដល់ប្តីប្រពន្ធរបស់គាត់ជាមន្ត្រីរាជការដែលខិតខំបម្រើការងារ៣០ឆ្នាំមក ហើយ។ ម្យ៉ាងវិញទៀត គួរណាស់តែមានការដោះដូរ ឬដោះស្រាយគោលនយោបាយឱ្យបានសមរម្យ ពីព្រោះសម្តេចតេជោហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ អ្នកណាធ្លាប់រស់នៅកន្លែងណាឱ្យរស់នៅកន្លែងនោះមិនអាចដេញចេញបានទេ បើគ្មានការដោះស្រាយគោលនយោបាយសមរម្យ ។
មន្ត្រីខុទ្ទកាល័យបានជំរាបជូនថា ការធ្វើនេះជាផែនការរបស់អភិបាលខេត្តដើម្បីរៀបចំចាក់សាបទីធ្លាបានស្អាតងាយស្រួលពេលរដូវវស្សាមានភ្លៀងធ្លាក់ ពិសេសស្របពេលនឹងអគារសាលាខេត្តដែលទើបសង់រួចបន្ថែមថ្មីផងដែរ ។ អ្នករស់នៅលើដីក្នុងបរិវេណសាលាខេត្តសព្វថ្ងៃនេះមាន៧គ្រួសារ សុទ្ធតែជាមន្ត្រីរាជការរបស់សាលាខេត្ត ។ ពួកគាត់ដឹងខ្លួនឯងហើយថា ខេត្តឱ្យស្នាក់នៅបណ្តោះអាសន្នដើម្បីបំរើការងារ មិនអនុញ្ញាតឱ្យសាងសង់ថ្មីក្រៅពីអគារចាស់់ទេ ហើយពេលខេត្តត្រូវការត្រូវប្រគល់ឱ្យខេត្តវិញ។ មុននឹងប្រើគ្រឿងចក្រឈូសឆាយនោះ សាលាខេត្តបានហៅម្ចាស់ផ្ទះមកប្រាប់ផ្ទាល់និងជូនដំណឹងពីរ-បីលើកមកហើយឱ្យបេះផលដំណាំនិងរើរបស់របរនៅលើដីនោះចេញ តែម្ចាស់់ផ្ទះមិនធ្វើហាក់បីដូចជាផ្គើនទៅវិញ ។
មន្ត្រីខុទ្ទកាល័យរូបនោះឱ្យដឹងទៀតថា ជំហានទី១នេះយើងគ្រាន់តែឈូសឆាយយកដីចាក់សាបទីធ្លាប៉ុណ្ណោះមិនប៉ះពាល់ផ្ទះសម្បែងទេ។ លុះពេលចប់ជំហានទី១នេះឈានចូលជំហានទី២ យើងនឹងជូនដំណឹងដល់ពួកគាត់ទាំងអស់ឱ្យរើអីវ៉ាន់ចាកចេញដោយខ្លួនឯង ដើម្បីប្រគល់លំនៅឋាននោះមកឱ្យខេត្តវិញ ដោយទុករយៈពេល៣ខែ។ លោកមានប្រសាសន៍ថា តាមពិតទៅមន្ត្រីរាជការដែលរស់នៅក្នុងសាលាខេត្តនោះសុទ្ធតែមានដីរបស់ខ្លួនសម្រាប់សង់លំនៅឋាននៅខាងក្រៅ តែមួយចំនួនក្រាញននៀលមិនព្រមចាកចេញព្រោះពួកគេចង់បានការដោះស្រាយគោលនយោបាយ ៕
ចែករំលែកព័តមាននេះ