ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​ត្រូវ​លាតត្រដាង​! ករណី​ប្រធាន​ក្រុម​តន្ត្រីសម័យ​បាត់​ខ្លួន ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​បង្ហាញ​មុខសញ្ញា​ដែល​សង្ស័យ​ថា បាន​ស​ម្លា​.​ប់​ទៅ​លើ​ប្រធាន​ក្រុម​តន្ត្រីសម័យ រួច​យកស​.​ព​ទៅ​ប្លុង​ចោល​ក្នុង​ទន្លេ​មួយ​

ខេត្តកំពង់ឆ្នាំង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​បង្ហាញ​មុខសញ្ញា​ដែល​សង្ស័យ​ថា បាន​ស​ម្លា​.​ប់​ទៅ​លើ​ប្រធាន​ក្រុម​តន្ត្រីសម័យ រួច​យកស​.​ព​ទៅ​ប្លុង​ចោល​ក្នុង​ទន្លេ​មួយ​នៅ​ទីក្រុង​តា​ខ្មៅ ខេត្តកណ្ដាល កាលពី​ជាង​១០​ថ្ងៃមុន ។

លោក​ឧត្តមសេនីយ៍ត្រី អៀរ ប៊ុ​ន​ធឿ​ន ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង និង​ជា​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ឆ្នាំង និង​មានការ​សម្របសម្រួល​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង ក៏​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ ឃុន ឌី​នឿ​ន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​ដុះ ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង ហើយ​ឈ្មោះ​នេះ​បាន​មក​ស្នាក់​នៅ និង​បម្រើ​ការងារ​នៅ​ហាង​សម្រស់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១ ជន​រង​គ្រោះ​ឈ្មោះ​ចាន់ គៀន អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឧទុម្ពរ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ជា​ប្រធាន​ក្រុម​តន្ត្រីសម័យ បាន​បើករថយន្ត​ផ្ទាល់ខ្លួន​មួយ​គ្រឿង​ម៉ា​កតា​កូ​ម៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2a 2626 មក​ហាង​ផឹកស៊ី​យីហោ «​សម្រស់​កំពង់ឆ្នាំង​« ក្រុង​កំពង់ឆ្នាំង ។ លុះ​យប់​ជ្រៅ​បន្តិច ឈ្មោះ ចាន់ គៀន (​ជន​រង​គ្រោះ​) ក៏​បាន​ទៅ​ដេក​ផ្ទះសំណាក់​ជាមួយ​ជនសង្ស័យ​ឈ្មោះ ឃុន ឌី​នឿ​ន នៅផ្ទះ​សំណាក់​យីហោ «​វ័​ន្ត​ណា​ញ​» ស្ថិត​នៅ​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​សម្រង់​ចម្លើយ​របស់​ជនសង្ស័យ​ថា​ពេលដេក​ជាមួយ​គ្នា រហូត​ដល់​ម៉ោងជាង​៤​ជិត​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមិថុនា​នោះ ឈ្មោះ ចាន់ គៀន (​ជន​រង​គ្រោះ​) បាន​គាំងបេះដូង​ស្លា​.​ប់ ។ ក្រោយ​ពេល​ជន​រង​គ្រោះ​ស្លា​.​ប់ រូបគេ (​ឃុន ឌី​នឿ​ន ជា​ជនសង្ស័យ​) មានការ​ភ័យ​ខ្លាច​ក៏​បាន​លើក​ស​.​ព​បុរស​ឈ្មោះ ចាន់ គៀន (​ជន​រង​គ្រោះ​) ដាក់​លើ​រថយន្ត រួច​ក៏​បើក​ទៅ​រាជធានី​ភ្នំពេញ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ផ្សារ​ឧត្តុ​ង ក៏​បាន​ទិញ​កា​រ៉ុ​ង​ចំនួន​៥ និង​ខ្សែ​សម្រាប់​ចង រួច​ហើយ​ក៏​បើក​តាម​ផ្លូវ​ភ្នំ​ព្រះរាជ​ទ្រព្យ ស្រុក​ឧ​ដ្ដុ​ង្គ ខេត្តកំពង់ស្ពឺ ។ ខណៈ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់ ក៏​បាន​យក​កា​រ៉ុ​ង​ច្រក​ស​.​ព​ជន​រង​គ្រោះ​ពី​ក្បាល និង​ពី​ចុងជើង រួច​ចង​ការុង​ផ្អោប​គ្នា​រួចរាល់ ទើប​បន្តដំណើរ​ទៅ ដល់ទី​ក្រុងភ្នំពេញ ហើយ​បាន​បើក​ឆ្លង​ទៅ​ទីក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ លុះ​ទៅ​ដល់​ស្ពាន​មួយ​ឈ្មោះ​ស្ពាន​ព្រែក​សំរោង នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ដដែល ឃើញ​មានឱកាស​ស្ងាត់​ល្អ ក៏​លើក​ស​.​ព​ទម្លាក់​ចូល​ក្នុង​ទឹកទន្លេ​នោះ​តែ​ម្តង​ទៅ រួច​ក៏​បើករថយន្ត​ត្រឡប់​មក​ដេក​ផ្ទះសំណាក់​នៅ​រាជធានី​ភ្នំពេញ​វិញ និង​បាន​ធ្វើ​សកម្មភាព​ដោះ​ស្លាក​លេខ​រថយន្ត​ចេញ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​ក៏​យក​រថយន្ត​ទៅ​លក់ ដោយ​ប្រាប់​អ្នកទិញ​ថា ជា​រថយន្ត​អត់​ពន្ធ ទើប​យក​ពី​ប្រទេស​វៀតណាម ដោយ​លក់​បាន​ក្នុង​តម្លៃ ៥៧០០ ដុល្លារ រួច​ក៏​គេចខ្លួន​ទៅ​សម្ងំ​ដេក​នៅផ្ទះ​សំណាក់ រហូត​ដល់​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា​នេះ​តែ​ម្តង ។

បើ​តាម​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​បាន​បញ្ជាក់​ថា ចំណែក​អ្នកទិញ​រថយន្ត​វិញ ពេល​ទិញ​រថយន្ត​បាន​ហើយ ក៏​យក​ទៅ​គយ​ដើម្បី​បង់ពន្ធ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​គយ​ប្រាប់​ថា ជា​រថយន្ត​មាន​ពន្ធ មាន​ម្ចាស់​ត្រឹមត្រូវ ទើប​អ្នកទិញ​ភ្ញាក់ខ្លួន​ថា ទិញ​រថយន្ត​មិន​ប្រក្រតី ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច ទើប​ឈាន​ដល់​ការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង ។

ទោះបី​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ដែល​មាន​ភាព​មិន​ច្បាស់លាស់​យ៉ាងណា​ក្តី តែ​យោង​តាម​ចម្លើយ​សារភាព និង​ផ្អែក​តាម​វត្ថុ​តាង សមត្ថកិច្ច​សម្រេច​ចោទប្រកាន់​ពី​បទ (​ឃាត​.​កម្ម )​និង (​លាក់បាំង​វត្ថុ​តាង​) ដោយ​បាន​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកក្កដា​នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ