ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលប៉ុស្តិ៍កាកាបទី១ តាមច្រើនថ្ងៃ ទំរាំតែបង្រ្កាបក្រុមស្ទាវដៃស្អិតនេះបាន

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ជនស្ទាវដៃស្អិត ១ក្រុម គឺជាមុខសញ្ញាឆក់យ៉ាងសកម្ម ធ្លាប់ធ្វើសកម្មភាពបានសម្រេចប្រមាណជិត ១០លើក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌពោធិ៍សែនជ័យ។  ចំណែកនគរបាលប៉ុស្តិ៍កាកាបទី១ កំណត់បានមុខសញ្ញាក្រុមនេះ…

ភ្នំពេញ៖ ជនស្ទាវដៃស្អិត ១ក្រុម គឺជាមុខសញ្ញាឆក់យ៉ាងសកម្ម ធ្លាប់ធ្វើសកម្មភាពបានសម្រេចប្រមាណជិត ១០លើក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌពោធិ៍សែនជ័យ។  ចំណែកនគរបាលប៉ុស្តិ៍កាកាបទី១ កំណត់បានមុខសញ្ញាក្រុមនេះ យ៉ាងច្បាស់ និងបានតាមប្រមាញ់បង្រ្កាបជាច្រើនថ្ងៃកន្លងមកហើយ។

ប៉ុន្តែជននេះ ដឹងខ្លួនមុន និងបើកម៉ូតូលឿនផ្ដាច់ព្រលឹងគេចខ្លួនពីការឡោមព័ទ្ធរបស់នគរបាលរួចរហូត ហើយមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ ទើបតែនៅពេលចុងក្រោយនេះ ត្រូវអស់លក្ខណ៍ ដោយនគរបាលប៉ុស្តិ៍កាកាបទី១ ឃាត់ខ្លួនបានចំនួន ៤នាក់។

ការឃាត់ខ្លួនក្រុមចោរឆក់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈដែលក្រុមជនសង្ស័យទាំងនេះ ចេញធ្វើសកម្មភាពឆក់ ប៉ុន្តែជួបកម្លាំងនគរ​បាល កំពុងល្បាតតាមផ្លូវ។

នគរបាលបានប្រាប់ឲ្យដឹងថា ជនស្ទាវដៃស្អិតខាងលើនោះ ១,ឈ្មោះ ផាត មិថុនា អាយុ ១៧ឆ្នាំ មុខរបរជាងប៉ះកង់ ស្នាក់នៅក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ២,ឈ្មោះ ចាន់ វឍ្ឍន​វិបុល អាយុ ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងខណ្ឌឫស្សីកែវ​។ ៣,ឈ្មោះ ចំរើន ថុនា អាយុ ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​។ ៤,ឈ្មោះ ភឿន សុភ័ក្រ្ក ដាវីត អាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យជិះម៉ូតូម៉ាកហុងដាស្គូបពី ស៊េរីឆ្នាំ២០១៩ ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1HE-6580 ១គ្រឿង និងហុងដាស្កូបពី ស៊េរីឆ្នាំ២០២០ ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ1II-2348 ១គ្រឿង។ នគរបាលដដែល បានប្រាប់​ទៀតថា កម្លាំងនគរបាល​ប៉ុស្តិ៍កាកាបទី១ បានកំណត់មុខសញ្ញាក្រុមជនស្ទាវសង្ស័យនេះ បានយូរមកហើយ និងបានតាមបង្រ្កាបជាច្រើន​ថ្ងៃកន្លងមក​ហើយដែរ ភាគច្រើននោះក្រុមនេះ ចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវនានា នៅវេលាព្រឹកព្រលឹមស្រាងៗ ហើយតែងបានសម្រេចជាញឹកញាប់។ ក្រោយពេលកំណត់បានមុខសញ្ញាហើយ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ បានចេញ​តាម​បង្រ្កាបរាល់ថ្ងៃដែរ ប៉ុន្តែក្មេងស្ទាវដៃស្អិតទាំងនេះ រហ័សរហួន និងវាងវៃខ្លាំងណាស់ គ្រាន់តែឃើញនគរបាល គឺបានបើក​ម៉ូតូលឿនផ្ដាច់ព្រលឹងគេចខ្លួនរួចរហូតតែម្ដង កម្លាំងមិនអាចតាមទាន់ឡើយ។

ប្រភពខាងលើ បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ទោះបីជានគរបាលដេញតាមបង្រ្កាបជាច្រើនលើកហើយក្ដី តែជនទាំងនេះ ពុំព្រមបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ នៅតែបន្តចេញធ្វើសកម្មភាពជាបន្តបន្ទាប់។ ចំណែកនគរបាលប៉ុស្តិ៍កាកាបទី១ ក៏នៅតែព្យាយាមដាក់កម្លាំងតាមបង្រ្កាបដដែល។

រហូតមកដល់វេលាម៉ោង ៥ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ក៏បានជួបប្រទះក្រុមជនសង្ស័យខាងលើបម្រុងឆក់ទ្រព្យ​អ្នកដំណើរតាមផ្លូវ ពេលនោះ គ្រាន់តែឃើញនគរបានភ្លាម ជនទាំងនោះ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនទៀត។ ប៉ុន្តែលើកនេះ ពុំអាចរត់រួចឡើយ ត្រូវកម្លាំងនគរបាលដេញតាម និងស្ទាក់ចាប់ខ្លួនបានទាំង ៤នាក់ រួចនាំយកទៅសាកសួរនៅ​ប៉ុស្តិ៍នគរបាលកាកាបទី១ភ្លាមៗតែម្ដង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

ប្រភពមួយនេះ បានប្រាប់បន្តទៀតថា ក្រោយពេលសួរនាំជនសង្ស័យខាងលើ បានសារភាពថា ពួកខ្លួនពិតជាមុខសញ្ញា​ចោរឆក់ប្រាកដមែន ហើយកន្លងមក ធ្លាប់ធ្វើសកម្មភាពឆក់​ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវ បានសម្រេចប្រមាណជិត ១០​លើករួចមកហើយ​។

ដោយឡែកនៅលើកចុងក្រោយនេះ បម្រុង​ឆក់ទៀត ប៉ុន្តែទើបតែរៀបចំឆក់ ស្រាប់តែនគរបាល ទៅដល់ ហើយខណៈនោះ ពួកខ្លួនបានព្យាមយាមជិះម៉ូតូគេចខ្លួនដែរ តែរត់មិនរួច ក៏ត្រូវនគរបាលឃាត់ខ្លួនបានបែបនេះ៕ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ