រាជធានីភ្នំពេញ ៖ ក្រោមគំនិតផ្តួចផ្តើមរបស់លោកកែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ នឹងប្រែក្លាយរបាំងចែកទ្រូងផ្លូវធ្វើពីថ្មទៅជារបាំងធ្វើពីដែកវិញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ពិសេសធ្វើឱ្យទីក្រុងកាន់តែមានសោភ័ណភាព ។ ជាក់ស្តែង ដំណើរការដាក់របាំងធ្វើពីដែកនៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីមានប្រវែង៤៦៩ម៉ែត្រ ចាប់ពីភ្លើងស្តុបមុខវត្តនាគវ័ន្ត រហូតដល់ភ្លើងស្តុបអាំបាសាដឺ ដែលរបាំង មានកម្ពស់៧តឹក ឯក្បាលរបាំងមានបំពាក់ស្លាកសញ្ញាចរាចរណ៍មានកម្ពស់៣,៥ម៉ែត្រ ។
កន្លងមកសាលារាជធានីភ្នំពេញបានដំណើរការដាក់របាំងចែកទ្រូងផ្លូវនេះ នៅលើកំណាត់មហាវិថីព្រះនរោត្តម ពីភ្លើងស្តុបពេទ្យចិនដល់ភ្លើងស្តុបជិតវត្តលង្កា ហើយក្រោយមកបានដំណើរការដាក់លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ របាំងចែកទ្រូងផ្លូវថ្មីនេះ សាលារាជធានីភ្នំពេញយល់ឃើញថា មានលក្ខណៈ និងសោភ័ណភាពល្អជាងរបាំងចាស់ដែលធ្វើអំពីស៊ីម៉ង់ត៍ថ្ម វាជួយដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត ។
ម្យ៉ាងរបាំងម៉ូដែលថ្មីនេះនៅពេលមានគ្រោះថ្នាក់ដោយរថយន្តបុកមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចរបាំងថ្មនោះទេ ហើយសាលារាជធានីភ្នំពេញ មានគម្រោងដាក់របាំងដែក ចែកផ្លូវថ្មីនេះនៅតាមបណ្តោយវិថីសំខាន់ៗមួយចំនួនទៀតផងដែរ ៕


ចែករំលែកព័តមាននេះ