ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​-​អូស្ត្រាលី ពិភាក្សា​តាម​ទូរ​សព្ទ លើកឡើង​នូវ​របៀបវារៈ​ជាច្រើន​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងការបរទេស​ក​ម្ពុ​ជា បានបង្ហាញ​នូវ​លទ្ធផល​នៃ​កិច្ចសន្ទនា តាម​ទូរស័ព្ទ​រវាង​ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី…

​ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងការបរទេស​ក​ម្ពុ​ជា បានបង្ហាញ​នូវ​លទ្ធផល​នៃ​កិច្ចសន្ទនា តាម​ទូរស័ព្ទ​រវាង​ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ម៉ា​រី​ស ផេ​ន រដ្ឋមន្ត្រីការបរទេស និង​ជា​រដ្ឋមន្ត្រី​កិច្ចការនារី​អូស្ត្រាលី នា​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១​។​

​សេចក្តីប្រកាស​លើកឡើងថា នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពិភាក្សា​ការងារ​តាម​ទូរស័ព្ទ ជាមួយ​លោកជំទាវ ម៉ា​រី​ស ផេ​ន រដ្ឋមន្ត្រីការបរទេស និង​ជា​រដ្ឋមន្ត្រី​កិច្ចការនារី​អូស្ត្រាលី​។

​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បាន​ពិភាក្សាគ្នា​លើ​បញ្ហាសំខាន់​បន្ទាន់ ដូចជា កិច្ចសហប្រតិបត្តិការ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ធានាបាន​នូវ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ឆាប់រហ័ស រួមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន ដែលជា​ចំណាប់អារម្មណ៍ និង​ការបារម្ភ​រួមគ្នា រួមទាំង​ការវិវត្ត​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។

​លោកជំទាវ ម៉ា​រី​ស ផេ​ន បាន​រំលឹក​ឡើងវិញ អំពី​ការប្តេជ្ញាចិត្ត​របស់​អូស្ត្រាលី ដើម្បី​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រទេស​កម្ពុជា និង​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​
​ដោយ​គូសបញ្ជាក់​អំពី​បំណងប្រាថ្នា​ដ៏​មុតមាំ​របស់​អូស្ត្រាលី ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ អាស៊ាន​-​អូស្ត្រាលី លោកជំទាវ បាន​អះអាង​ជាថ្មី​នូវ​ការបន្ត​គាំទ្រ​ដល់​ម​ជ្ឈ​ភាព​អាស៊ាន នៅក្នុង​និម្មាបនកម្ម​តំបន់ ដែល​កំពុងតែ​វិ​វត្ត និង​សមាហរណកម្ម​តំបន់​។

​លោកជំទាវ ម៉ា​រី​ស ផេ​ន បាន​ទន្ទឹងរង់ចាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ប្រចាំឆ្នាំ​ជា​លើកដំបូង នៅ​ខែតុលា ឆ្នាំ​២០២១ ហើយ​និង​បានបញ្ជាក់​ពី​ការគាំទ្រ​យ៉ាង​ពេញលេញ សម្រាប់​ការរៀបចំ​ដោយ​ជោគជ័យ​របស់​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​អូស្ត្រាលី ដែល​បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា តាមរយៈ​វេទិកា​ទ្វេភាគី តំបន់ និង​អនុតំបន់​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ប្រទេស​អូស្ត្រាលី ដែល​បាន​គាំទ្រ​ទាន់ពេលវេលា​ដល់​ប្រទេស​កម្ពុជា និង​អាស៊ាន ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។

​ឯកឧត្តម បាន​គូសបញ្ជាក់ថា ការកើនឡើង​ការចូលរួម​ប្រកបដោយ​អត្ថន័យ​របស់​ប្រទេស​អូស្ត្រាលី ជាមួយ​អាស៊ាន នឹង​រួមចំណែក​បន្ថែមទៀត​យ៉ាងសំខាន់​ដល់​កំណើនសេដ្ឋកិច្ច សមាហរណកម្ម​តំបន់ និង​ការ​បង្រួម​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​តំបន់​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​កម្ពុជា​ក្នុង​ការធានា​ឱ្យ សម្រេចបាន​នូវ​សមិទ្ធផល​ប្រសើរ​ក្នុងអំឡុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ជាមួយ​អាស៊ាន​ទាំងមូល​ដែលជា​គ្រួសារ​ដ៏​រឹងមាំ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការដោះស្រាយ​ការ​ប្រឈម​នានា ដើម្បី​សន្តិភាព ស្ថិរភាព ម​ជ្ឈ​ភាព​អាស៊ាន និង​ការកសាង​សហគមន៍​។

​ឯកឧត្តម បាន​ចែករំលែក​អាទិភាព​មួយចំនួន​សម្រាប់​ឆ្នាំក្រោយ​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន រួមមាន ការខិតខំ​ប្រឹងប្រែង ដើម្បី​ទទួលបាន​វឌ្ឍនភាព​បន្ថែមទៀត នៅក្នុង​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ស្តារឡើងវិញ គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន និង​សមាហរណកម្ម​តំបន់​ដែល​ស្រប​ជាមួយ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន ឆ្នាំ​២០២៥ ខណៈពេល​ធ្វើការ​លើ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ លើកកម្ពស់​ការ ចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ស្ត្រី និង​យុវជន នៅក្នុង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ដំណើរ ការកសាង​សហគមន៍ ការពង្រឹង​ការរួមចំណែក​ដល់​ការថែរក្សា​សន្តិភាព​របស់​អាស៊ាន​។

​ចំពោះ​បញ្ហា​ប្រទេស​មី​យ៉ាន់​ម៉ា ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី បាន​គូសបញ្ជាក់​អំពី​ការត្រៀមខ្លួន​របស់​ប្រទេស​កម្ពុជា ក្នុងការ​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ដៃគូ​អាស៊ាន​ដទៃទៀត ដើម្បី​គាំទ្រ​ដល់​ការវិលត្រឡប់​ទៅរក​មាគ៌ា​នៃ​ប្រក្រតីភាព និង​ការផ្លាស់ប្តូរ​តាមរយៈ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់​អំពី​ការកោតសរសើរ​របស់​កម្ពុជា ចំពោះ​ជំហាន​នានា ដែល​ប្រទេស​ព្រុយ​ណេ ក្នុងនាម​ប្រធាន​អាស៊ាន នាពេល​បច្ចុប្បន្ន កំពុង​អនុវត្តតាម​ការឯកភាព​គ្នា​ជា​ឯកច​ន្ឆ​ប្រាំ​ចំណុច​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​។

​ឯកឧត្ដម ក៏បាន​បង្ហាញ​នូវ​ទំនុកចិត្ត លើ​កម្លាំង​នៃ​ភាព​ចម្រុះ​របស់​អាស៊ាន ដើម្បី​សម្រេច​ឱ្យបាន​នូវ​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី តាមរយៈ​មាគ៌ា​អាស៊ាន ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា និង​ការកសាង​សហគមន៍ អាស៊ាន​។​

​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ ក៏បាន​ពិភាក្សា​ស៊ីជម្រៅ​ពី​ការលើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ផងដែរ​៕​