ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP ៖ សន្និសីទ​គណបក្ស​នយោបាយ​លើ​ពិភពលោក​ស្នើ​ឲ្យ​គណបក្ស​ទាំងអស់​ប្ដេជ្ញា​រួម​គ្នា​កសាង សន្ដិភាព ការ​អភិវឌ្ឍ និង​យុត្តិធម៌

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សន្និសីទ​កំពូល​រវាង​គណបក្ស​កុម្មុយនីស្ដ​ចិន និង​គណបក្ស​នយោបាយ​លើ​ពិភពលោក​បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ប្តេជ្ញា​ការ​កសាង​គុណ​តម្លៃ​រួម​គ្នា​រួម​មាន ៖ សន្តិភាព ការ​អភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ…

រាជធានី​ភ្នំពេញ ៖ សន្និសីទ​កំពូល​រវាង​គណបក្ស​កុម្មុយនីស្ដ​ចិន និង​គណបក្ស​នយោបាយ​លើ​ពិភពលោក​បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ប្តេជ្ញា​ការ​កសាង​គុណ​តម្លៃ​រួម​គ្នា​រួម​មាន ៖ សន្តិភាព ការ​អភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និង​សេរីភាព ។ នេះ​បើ​តាម​ប្រកាស​របស់​គណ​ប​ល្ស​ប្រជាជន​កម្ពុជា​(CPP) ។

នា​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​សន្និសីទ​កំពូល​រវាង​គណ​បក្សកុម្មុយនិស្ត​ចិន និង​គណបក្ស​នយោបាយ​លើ​ពិភពលោក តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ក្រោម​ប្រធានបទ «​ការ​បំពេញការងារ ដើម្បី​សុភមង្គល​ប្រជាជន ការ​ទទួលខុសត្រូវ​របស់​គណបក្ស​នយោបាយ​» ។

សន្និសីទ​កំពូល​នេះ ត្រូវ​បាន​អញ្ជើញ​ចូលរួម​ដោយ​គណៈប្រតិភូ​ជាង ១០,០០០​នាក់ តំណាង​ឲ្យ​គណបក្ស​នយោបាយ និង​អង្គការ​ជាង ៥០០ មក​ពី ១៦០​ប្រទេស ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃ​ទី​៧ កក្កដា​នេះ​ថា សន្និសីទ​កំពូល​នេះ​សម្រេច​បាន​លទ្ធផល​សំខាន់​ៗ​ដូច​ជា ៖ ស្នើ​ឲ្យ​គណបក្ស​នយោបាយ​នៅ​តាម​បណ្តា​ប្រទេស​ទាំងអស់ ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កសាង​គុណ​តម្លៃ​រួម​គ្នា រួម​មាន​សន្តិភាព ការ​អភិវឌ្ឍ​សមភាព​យុត្តិធម៌ ប្រជាធិបតេយ្យ និង​សេរីភាព​។

គណបក្ស​នយោបាយ​ទាំងអស់​ចាំបាច់​ត្រូវ​តែ​ចាត់វិធានការ​សកម្ម ដើម្បី​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០៣០ ដើម្បី​សម្របសម្រួល គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សកល​លើ​នវានុវត្តន៍​បច្ចេកវិទ្យា និង​លើកកម្ពស់​ការ​ចែករំលែក​ចំណេះដឹង និង​បច្ចេកវិទ្យា​។

ជាង​នេះ​ទៅ​ទៀត គណបក្ស​នយោបាយ​មក​ពី​បណ្តា​ប្រទេស​ទាំងអស់ ត្រូវ​ប្តេជ្ញា​សម្រប​សម្រួលការ​ផ្លាស់​ប្ដូរ​គ្នា និង​ការ​រៀនសូត្រ​ទៅ​វិញ​ទៅ​មក​លើ​អរិយធម៌ ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ដ៏​រឹង​មាំ ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា វប្បធម៌​និង​សិល្បៈ កីឡា ទេសចរណ៍ និង​រវាង​ស្ថាប័ន​ស្រាវជ្រាវ ។

សូម​បញ្ជាក់​ថា សន្និសីទ​កំពូល​នេះ គឺជា​កិច្ចប្រជុំ​ជាន់ខ្ពស់​បំផុត និង​ធំ​ជាងគេ​បំផុត​នៃ​គណបក្ស​នយោបាយ​ពិភពលោក ដែល​បាន​រៀបចំ​ដោយ​គណបក្ស​កុម្មុយនីស្ដ​ចិន ព្រមទាំង​បាន​រៀបចំ​ក្នុង​ទម្រង់​នៃ​អន្តរ​កម្ម​ដ៏​ស្និទ្ធស្នាល និង​កិច្ច​សន្ទនា​ដ៏​ស៊ីជម្រៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ