ទីភ្នាក់ងារព័ត៌មាន «ស៊ីនហួរ» កាលពីពេលថ្មីៗកន្លងមកផ្សាយថា បានរកឃើញប្រជុំផ្នូរបុរាណដែលសន្និដ្ឋានថា សាងសង់ឡើងនៅយុគសម័យឈុនស៊ីវ អំឡុងពី៧៧១ទៅ៤៧៦ឆ្នាំមុនគ្រឹស្តសករាជ នៅស្រុកអីុឈួន ក្រុងលួយ៉ាំង ខេត្តហ៊ឺណាន ។ បរិវេណនោះមានរណ្តៅផ្នូរសពច្រើនជាង២០០រណ្តៅ រួមមានឆ្អឹងសេះ គ្រោងរទេះសេះក្នុងសឹកសង្គ្រាម និងឧបករណ៍ប្រើប្រាស់ ផ្សេងៗជាច្រើនទៀត ដោយលាតសន្ធឹងលើក្រឡាផ្ទៃជាង២សែនម៉ែត្រការ៉េ ។
ក្រៅពីនេះអ្នកបុរាណវិទ្យារកឃើញគ្រោងសំណង់ក្រុងបុរាណ មានអាយុចាប់ពីយុគសម័យរាជវង្សហាន់ ក្នុងអំឡុងពី២០២ឆ្នាំ ទៅ២២០ឆ្នាំ នៅបរិវេណជាមួយគ្នានោះ ។
ក្រុមអ្នកបុរាណវិទ្យារបស់ចិន សន្និដ្ឋានថា តំបន់នោះគឺជាទីជម្រករបស់ក្រុមជនអំបូរបុរាណដែលចាប់កកើតច្រើនជាង២៦០០ឆ្នាំមុន និងជាផ្នែកមួយក្នុងចំណោមប៉ុន្មានអំបូរនៅក្នុងភូមិភាគដែលមានការចារឹកទុកពីការភៀសខ្លួនរួមទាំងការរលំរលាយបាត់ ។
អ្នកជំនាញបានសិក្សាស្រាវជ្រាវលើក្រុមអំបូរនោះ ដើម្បីឈ្វេងយល់ពីប្រវត្តិសាស្ត្រនៃការបំលាស់ទីតាំងរបស់ក្រុមអំបូរភាគតិច នៅភាគកណ្តាលរបស់ប្រទេសចិន ៕
ចែករំលែកព័តមាននេះ