ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នយោបាយ​តថ្លៃ ការ​វិភាគ ៖ ការ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ពុំគួរ​យក​មក​អនុម័ត​ទេ

8 ឆ្នាំ មុន

កោតតែ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើសរើស​យក​ការ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​អនុម័ត​ថវិកា​ឆ្នាំ​២០១៦ និង​យក​សភា​ធ្វើ​ជា​ចំណាប់ខ្មាំង និង​ការ​ដាក់​សម្ពាធ​លើ​គណបក្សកាន់អំណាច

កោតតែ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើសរើស​យក​ការ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​អនុម័ត​ថវិកា​ឆ្នាំ​២០១៦ និង​យក​សភា​ធ្វើ​ជា​ចំណាប់ខ្មាំង និង​ការ​ដាក់​សម្ពាធ​លើ​គណបក្សកាន់អំណាច ដែល​ជា​វិធី​មួយ​ពុំគួរ​គណបក្សប្រឆាំង​យក​មក​អនុវត្ត​នោះ​ទេ ។

ទោះបីជា​តំណាងរាស្ត្រ​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​ប្រជុំ​សភា​ក្តី ក៏​នៅថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ មិន​មាន​អ្វី​បង្ក​ជា​ឧបសគ្គ​រាំងស្ទះ​ឡើយ គឺ​អង្គ​សភា​ដែល​ជា​សំឡេង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រជុំ​ពិភាក្សា និង​សម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ដ៏​មាន​សារសំខាន់​នោះ ដោយ​សំឡេង​៦៦ លើ​៦៦ ដែល​ស្មើនឹង​១០០​ភាគរយ នៃ​សមាជិក​សភា​ដែល​បាន​ចូល​ប្រជុំ ។

យោង​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យ​ដឹង​ថា ច្បាប់​ថវិកា​ឆ្នាំ​២០១៦ គឺជា​ផ្នែក​មួយ​នៃ​ការ​លុប​ចោល​ផង​ដែរ​នូវ​ពន្ធ​តាម​របប​ម៉ៅ​ការ ដើម្បី​សម្រួល​ដល់​អាជីវករ​ខ្នាត​តូច​ដែល​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹមជីវិត ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ថា ច្បាប់​នេះ​ក៏​នឹង​លុប​ចោល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​ចំណាយ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​បាន​មួយ​កម្រិត​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ តាម​រយៈ​ការ​អនុម័ត​ថវិកា​ឆ្នាំ​២០១៦​នេះ ក៏​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​មា​៉​ក្រូ​សេដ្ឋកិច្ច ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​អតិផរណា​ទាប​ផង​ដែរ ។

ក្រៅពី​នេះ​ថវិកា​ឆ្នាំ​២០១៦ ក៏​នឹង​ផ្តល់​លទ្ធភាព​ដល់​រាជរដ្ឋាភិបាល ដឹកនាំ​ចាត់ចែង​ការងារ​លើ​គ្រប់​វិស័យ និង​ផ្តល់​ជូន​ទៅ​ក្រសួង​សំខាន់​ៗ​មួយ​ចំនួន​ជា​អាទិភាព​ក្នុង​ការ​អភិវឌ្ឍ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ និង​សង្គម ក្នុង​នោះ​ក៏​មានការ​ដំឡើង​បៀវត្សរ៍​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រី​ជាប់កិច្ចសន្យា និង​និវត្តជន​ផង​ដែរ ។ ទាំងនេះ គឺជា​គោលបំណង​ដ៏​សំខាន់​បំផុត​ដែល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​ផ្សាយ​មុន​ពេល​សេចក្តីព្រាងច្បាប់​ស្តី​ពី​ថវិកា​ឆ្នាំ​២០១៦ ត្រូវ​បាន​សភា​អនុម័ត ។

ក្នុង​ន័យ​នេះ យើងខ្ញុំ​ជា​អ្នកនិពន្ធ​ឯករាជ្យ​មួយ​រូប សូម​ទាញ​ការ​ចាប់អារម្មណ៍​ពី​សាធារណជន ឱ្យធ្វើ​ការ​ពិចារណា​អំពី​ភាព​ត្រឹមត្រូវ និង​ហេតុផល​មួយ​ចំនួន ជុំវិញ​ការ​ធ្វើ​ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា តើ​ជា​ទ​ង្វើ​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា ឬ​មួយ​ក៏​ជា​ការ​បញ្ជា​ដាច់ខាត​ពី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ពី​ទណ្ឌិត​ដែល​កំពុង​និរទេស​ខ្លួន ដោយសារ​តែ​គំនុំ​និង​ការ​សងសឹក​ចេញពី​ចេតនា​ទាមទារ​តំណែង​ខ្ពស់​ក្នុង​រដ្ឋសភា​មក​ខ្លួនឯង​វិញ ឬ​ក៏​ជា​ការ​ប៉ុនប៉ង​គាបសង្កត់​ផ្នែក​នយោបាយ ដើម្បី​គោលបំណង​បើកផ្លូវ​ឱ្យ​លោក សម រ​ង្ស៊ី បាន​វិល​ត្រឡប់​ចូល​មក​មាតុប្រទេស​វិញ រួច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ ?

មន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​ថា មិន​ចូល​ប្រជុំ​សភា​ទេ ដោយសារ​តែ​មិន​ទាន់​មានការ​ចរចា​ណាមួយ​ក្នុង​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​លើ​បញ្ហា​មួយ​ចំនួន ដែល​គណបក្សប្រឆាំង​មួយ​នេះ​ថា ជា​ភាព​អយុត្តិធម៌​របស់​ខ្លួន ក្នុង​នោះ​មាន​ទាំង​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នកតំណាង​រាស្ត្រ ការ​ដក​តំណែង​របស់​លោក កឹ​ម សុខា និង​ការ​ដកសិទ្ធិ​បុព្វសិទ្ធិ​របស់​លោក សម រ​ង្ស៊ី ពី​អ្នកតំណាង​រាស្ត្រ​ជាដើម ។ ប៉ុន្តែ អ្នកតំណាង​រាស្ត្រ​ទាំងនោះ មិន​បាន​និយាយ​សូ​ម្បី​តែ​មួយ​ម៉ាត់​អំពី​ទ​ង្វើ​ខុសឆ្គង​របស់​មេដឹកនាំ​ខ្លួន និង​កំហុស​របស់​បុគ្គល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ កើត​ចេញពី​មាត់ឥតគម្រប ហើយ​បាន​និង​កំពុង​ប្រឈម​ចំពោះ​មុខ​ច្បាប់​នោះ​ទេ ។

គេ​នៅ​ចង​ចាំ​ថា ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​ចាញ់ឆ្នោត បាន​ចោទប្រកាន់​ដោយ​មិន​សម​ហេតុផល​ជា​ច្រើន មក​លើ​គណបក្សកាន់អំណាច  អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​រាប់​សន្លឹក​ឆ្នោត វាយប្រហារ​លើ​ស្ថាប័ន គ​.​ជ​.​ប និង​រហូត​ដល់​ចោទ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​ចោរ ទាំង​ដែល​គណបក្ស​ប្រជាជន​ខ្លួនឯង​បាត់បង់​អាសនៈ​ពី​៩០ មក​នៅ​ត្រឹម​៦៨​អាសនៈ​ប៉ុណ្ណោះ ។ តើ​របៀប​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ថ្នាក់ដឹកនាំ​កំពូល​ៗ​ជា​ច្រើន​រូប ជា​ស្ថាបនិក នាំ​មក​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​មក​ដល់​សព្វថ្ងៃ ហេតុ​អ្វី​ក៏​ត្រូវ​បក្ស​ប្រឆាំង​ចោទ​ថា ជា​ចោរ ដែល​ហាក់ដូចជា​ចោរ​ល្ងង់ មិន​ចេះ​លួច0x017d7  ក្នុង​ន័យ​ថា បើជា​ចោរ​មែន​នោះ គេ​លួច​ពី​តិច​ទៅ​ច្រើន មិនមែន​ធ្លាប់​បានការ​គាំទ្រ​កាលពី​អាណត្តិ​មុន​ចំនួន​៩០​អាសនៈ លួច​គេ​មក​នៅ​ត្រឹម​៦៨​អាសនៈ​ដូចនេះ​ឡើយ ។ ដូច្នេះ​ពាក្យ​ថា​​ជោ​«​ចោរ​» គឺ​មិន​សម​ទាល់តែ​សោះ ដែល​ការ​ពិត​នេះ​គ្រាន់តែ​ជា​ល្បិច​កល យក​ការ​ចោទប្រកាន់​ធ្វើ​ជា​លេស ដើម្បី​វាយប្រហារ​មក​លើ​បក្ស​កាន់​អំណាច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ញុះញង់ កៀរគរ​ប្រមូលផ្ដុំ បំផុស​កម្លាំង​មហាជន ក្នុង​ទិស​ដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន តែ​ប៉ុណ្ណោះ ។ ក្នុង​ពេល​ដំណាលគ្នា​នោះ  គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើ​ឧបាយកល​ទុច្ចរិត​គ្រប់​បែប​យ៉ាង ដូច​ជា​ដឹកនាំ​ធ្វើ​បាតុកម្ម​តាម​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យ រហូត​ក្លាយជា​កុបកម្ម​ហិង្សា ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន នាំ​ឲ្យ​មាននូវ​ភាព​ចលាចល​វឹកវរ​ធ្ងន់ធ្ងរ​ក្នុង​សង្គម ហើយ​ថែម​ទាំង​បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​មក​លើ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា ថា​ជា​សភា​ចោរ សភា​ឯក​បក្ស សភា​ប្រថាប់ត្រា សភា​គូទ​មាន់ និង​ប្រកាស​ថា​មិន​ព្រម​ចូល​ប្រជុំ​សភា​ជា​ដាច់ខាត ដែល​កាល​ណោះ​ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​តវ៉ា​កាន់តែ​ឡើងក​ម្តៅ​ខ្លាំង​ឡើង​ៗ ដើម្បី​តថ្លៃ​តុល្យភាព​អំណាច​នៅ​ក្នុង​សភា ។

ប៉ុន្តែ​នៅ​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន យល់ព្រម​ផ្តល់​ឱកាស​បើកផ្លូវ​ឱ្យ​មានការ​ចរចា និង​ផ្តល់​លទ្ធភាព​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​តំណែង​រហូត​ដល់​អនុប្រធាន​ទី​១​រដ្ឋសភា និង​គណៈកម្មការ​ជំនាញ​នានា​ក្នុង​សភា​ផង​នោះ បាតុកម្ម​ក៏​បាន​បញ្ចប់ ហើយ​ពាក្យ​ថា សភា​ឯក​បក្ស​ក៏​បាន​បញ្ចប់ និង​ការ​យក​លេស​ថា ការ​តវ៉ា​ធ្វើ​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ក៏​បាន​រលត់​ផង​ដែរ ទាំង​ដែល​ពួក​ខ្លួន​ចូល​សភា​ក៏​មិន​បាន​សុំ​យោបល់​ឯកភាព​ពី​ប្រជាពលរដ្ឋ ឬ​សកម្មជន​របស់​ខ្លួន​ផង​នោះ ។

តំណែង​បាន​បិទ​មាត់​មេដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​រូប​របស់​បក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់តែ​តវ៉ា​ឱ្យ​សម្ងំ​ស្ងៀម ប៉ុន្តែ​ក៏​មាន​ជន​ឆ្លៀតឱកាស​ម្តង​ៗ បង្កើត​បញ្ហា​នៅ​ខាងក្រៅ ដើម្បី​បំពេញ​មហិច្ឆតា​អំណាច និង​លុយកាក់​របស់​ក្រុម និង​បក្ខពួក​ខ្លួន មិន​ឆ្អែតឆ្អន់ ដោយ​អ្នក​ខ្លះទៅ​ញុះញង់​កម្មករ​នៅ​តាម​រោងចក្រ​ឱ្យ​បះបោរ ធ្វើ​បាតុកម្ម តំណាងរាស្ត្រ​ខ្លះទៅ​គោះ​លុយ​ពី​ថៅកែ​រោងចក្រ អ្នក​វិនិយោគ​បរទេស និង​ក្រុម​អ្នកមាន​លុយ​មួយ​ចំនួន ជា​ថ្នូរ​នឹង​ការ​រក្សា​រឿងអាស្រូវ​ខុសច្បាប់ មិន​ឱ្យ​បែកធ្លាយ​ចេញ​ទៅ​ខាងក្រៅ ។ គ្រាន់តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​បក្ស​សង្គ្រោះ​ជាតិ​ខ្លះ មាន​សេចក្តីរាយការណ៍​មក​ថា បាន​សល់​លុយរាប់​លាន​ដុល្លារ​ពី​ជំនួញ​នយោបាយ និង​ការ​ឃោសនា​កៀរគរ​បោកប្រាស់​ពី​ក្រុម​អ្នកគាំទ្រ នៅ​ឯ​ក្រៅប្រទេស រហូត​ផ្ទុះ​ការ​តវ៉ា​ចោទប្រកាន់​គ្នា​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​រវាង​លោក កឹ​ម សុខា និង​លោក សម រ​ង្សុ​ី ក្នុង​ទឹកប្រាក់​ពី​៣០ ទៅ​៤០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ឥឡូវនេះ យើង​ងាក​មក​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​វិញ​ម្តង តើ​បន្ទាប់​ពី​វប្បធម៌​សន្ទនា​ដែល​ហាក់ដូចជា​បាន​រលត់​បាត់​ទៅ​ហើយ​នោះ បែរជា​ត្រូវ​គណបក្សប្រឆាំង​ទើបតែ​ចាប់ផ្តើម​លើកតម្កើង​តម្លៃ​វប្បធម៌​សន្ទនា ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​អះអាង​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ថា ក្នុង​ភាព​ជា​អ្នកដឹកនាំ​នយោបាយ​នៅ​កម្ពុជា គឺ​ជាង​ពាក់កណ្តាល​ជីវិត​របស់​លោក​ទៅ​ហើយ​បាន​ប្រើ​វប្បធម៌​សន្ទនា​នេះ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ធំ​ៗ នាំ​មក​នូវ​សុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ ។ ដូច្នេះ អាច​ថា ជា​រឿង​ថ្មីថ្មោង​បំផុត​របស់​បក្ស​សង្គ្រោះ​ជាតិ ឬ​គ្រាន់តែ​បែប​លក្ខណៈ​ជា​ក្មេង​បៀម​ដៃ ហើយ​មក​ប្រកាស​ខ្លួន​ថា ជា​បុគ្គល​អស្ចារ្យ​លើ​វប្បធម៌​សន្ទនា គឺ​មិន​អាច​យក​ប្រៀប​ឈ្នះ​លើ​អានុភាព​ពិតប្រាកដ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឡើយ ។  ពួក​គេ​អាច​បន្លំ​ប្រជាពលរដ្ឋ និង​បោកប្រាស់​ខ្លួនឯង​បាន ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ឆ្លុះកញ្ចក់ មុខមាត់​អាក្រក់​របស់​ខ្លួន​នឹង​បង្ហាញ​ប្រាប់​ថា ទ​ង្វើ​និង​ឆាកល្ខោន​ដែល​ពួក​គេ​បាន​និង​កំពុង​សម្តែង គឺជា​ការ​បោកប្រាស់​ដ៏​គួរ​ឱ្យ​អៀនខ្មាស​បំផុត ។

សន្លឹក​បៀ កំពុង​ស្ថិត​នៅ​លើ​ដៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន  ដែល​មាន​ប្រៀប​ខ្លាំង​បំផុត​ក្នុង​ស្ថានការណ៍​នេះ ។ ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ ត្រូវ​បាន​យក​មក​អនុវត្ត​ក្នុង​អ្វីមួយ​ដែល​ជា​ផ្នែក​នៃ​ការ​បង្ហាញ​នូវ​គោល​ជំហរ​ឥត​ងាករេ ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ ការ​វាយបំបាក់​ដៃគូ​ទុច្ចរិត​នៃ​វប្បធម៌​សន្ទនា ការ​ទប់ស្កាត់​ភាព​ចលាចល​សង្គម ហាក់ដូចជា​បិទ​ច្រក​ទាំងស្រុង មិន​ផ្តល់​លទ្ធភាព​ឬ​ឱកាសល្អ​ណាមួយ​សម្រាប់​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ការ​តថ្លៃ​អំណាច និង​ពន្លត់​ពាក្យ​គ្រោតគ្រាត​ដែល​បក្ស​ប្រឆាំង​ធ្លាប់​បាន​ដៀលត្មះ នា​ពេល​កន្លង​មក លើ​រាជរដ្ឋាភិបាល​បាន​ឡើយ ។ និយាយ​ជា​រួម​ទៅ ពេលវេលា​សម្រាប់​លុបលាង​កំហុស គឺ​មិនមែន​ជា​ការ​ចិញ្ចឹមចិត្ត​ដាក់​គំនាប​មក​លើ​បក្ស​កាន់​អំណាច ដូច​ល្បែង​ដែល​បក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ប្រើ​នោះ​ទេ ។ ពេលវេលា​នេះ​អាក្រក់​បំផុត​សម្រាប់​បក្ស​ប្រឆាំង ។ យ៉ាងណាមិញ ការ​ការពារ​ខ្លួន​ឱ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់ ដែល​កំពុង​វ័ណ្ឌក​បក្ស​សង្គ្រោះ​ជាតិ ក៏​ហាក់ដូចជា​នៅ​ឆ្ងាយ​ពី​ការ​សម្រេចចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅឡើយ  ដរាបណា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប៉ុនប៉ង​ប្រើ​នយោបាយ​ប្រជា​ភិ​ថុ​ត មក​បំផ្លាញ​សន្តិភាព​ដែល​កើត​ចេញពី​ស្នាដៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នោះ ។ ការ​ហក់លោត ការ​បំពង​សំ​ឡង​ច្រៀង​ខុស​ចង្វាក់ភ្លេង និង​ការ​វាយប្រហារ​ដោយ​ប្រើ​ដៃ​បរទេស ដើម្បី​ដាក់​គំនាប​មក​លើ​រាជរដ្ឋាភិបាល មិនមែន​ជា​មធ្យោបាយ​ល្អ​សម្រាប់​ដំណោះស្រាយ​បញ្ហា​ជាតិ​ឡើយ ។ ផ្ទុយ​ទៅ​វិញ វា​ហាក់បីដូចជា​យក​សាំង​ទៅ​ជះ​លើ​ភ្លើង​ដែល​កំពុង​តែ​ឆេះ ឱ្យ​ឆេះ​សន្ធោសន្ធៅ​កាន់តែ​ខ្លាំង​ថែម​ទៀត ។

ដូច​គ្នា​នេះ​ដែរ ការ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ដើម្បី​អនុម័ត​ថវិកាជាតិ​ឆ្នាំ​២០១៦ គឺ​មាន​តម្លៃ​ស្មើនឹង​ការ​ខកខាន​ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន​ជា​អ្នកតំណាង​រាស្ដ្រ ដែល​ត្រូវ​ចូលរួម និង​ការ​សម្រេចចិត្ត​ក្នុង​ការ​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ បែរជា​បក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ចូលរួម​ចំណែក​ក្នុង​បេសកកម្ម​ដ៏​ត្រឹមត្រូវ​នេះ​ទៅ​វិញ ។

ម្យ៉ា​ង​វិញទៀត កា​មិន​ចូល​ពហិការ​មិន​ចូល​ប្រជុំ​សភា​របស់​អ្នកតំណាង​រាស្ដ្រ​គណបក្សប្រឆាំង ត្រូវ​បាន​គេ​ចោទសួរ​អំពី​បញ្ហា​ប្រាក់បៀវត្សរ៍​របស់​អ្នកតំណាង​រាស្ដ្រ​ទាំងនោះ តើ​ពួក​គាត់​មុខ​ក្រាស់​បើកប្រាក់​បៀវត្សរ៍​ប្រចាំខែ​ដែរ​ឬទេ បើ​ថវិកា​ឆ្នាំ​២០១៦ ក៏​អនុម័ត​ដើម្បី​បើក​ប្រាក់ខែ​ឱ្យ​ពួក​គាត់​ផង​នោះ ខណៈ​ដែល​អ្នកតំណាង​រាស្ដ្រ​ទាំងនោះ​មិន​បាន​ចូល​ប្រជុំ​សភា និង​មិន​បាន​លើកដៃ​អនុម័ត​ផង ។

ប្រាក់បៀវត្សរ៍​ប្រចាំខែ​របស់​អ្នកតំណាង​រាស្ដ្រ ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា ម្នាក់​ៗ​ទទួល​បាន​ចន្លោះ​ពី​៩​លាន​ទៅ​១២​លាន​រៀល ឬ​ស្មើនឹង​ជាង​២​ពាន់​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​ខែ​ៗ អាស្រ័យ​ឋានៈ ជា​សមាជិក លេខាធិកា អនុប្រធាន និង​ប្រធាន​កម្ម​ការ​នានា​ក្នុង​រដ្ឋសភា នេះ​មិន​បូក​បញ្ចូល​នូវ​ប្រាក់​បេសកកម្ម និង​ប្រាក់​ផ្សេង​ៗ​ទៀត ដែល​អ្នកតំណាង​រាស្ដ្រ​ត្រូវ​ទទួល​បាន​ផង ។ ចុះបើ​អ្នកតំណាង​រា​ស្ដ្រូ​រូប​ណា​មិន​បាន​ចូលរួម​ប្រជុំ ពិភាក្សា និង​អនុម័ត​ច្បាប់​ផង​នោះ តើ​ស័ក្តិសម​នឹង​គួរ​ត្រូវ​បើកប្រាក់​បៀវត្សរ៍​ទាំងនោះ​ឱ្យ​ដែរ​ឬទេ ? ហើយ​តើ ពួក​គាត់​ខ្មាស​អៀន​ខ្លះ​ដែរ​ទេ នៅ​ពេល​ចាយ​ថវិកាជាតិ ទាំង​ដែល​ខ្លួនឯង​មិន​បាន​ចូលរួម​ធ្វើ​អ្វីមួយ​ដែល​ជា​ប្រយោជន៍​ជូន​ជាតិ​នោះ ?

តាម​ដឹង​មក​ថា អ្នកតំណាង​រាស្ដ្រ​របស់​គណបក្សប្រឆាំង បាន​នាំ​គ្នា​មិន​ចូល​ប្រជុំ​សភា​តាម​ការ​សម្រេច និង​បញ្ជា​ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ខ្លួនឯង ដោយ​មិន​បាន​សុំ​ច្បាប់​ពី​ប្រធានរដ្ឋសភា​ឡើយ ។ យោង​តាម​ប្រការ ៦៧, ៦៨, ៧០, ៧១ និង​៧២ នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា បាន​ចែង​ថា តំណាងរាស្ដ្រ​មិន​អាច​អវត្តមាន​ដោយ​មិន​មានការ​អនុញ្ញាត​ពី​ប្រធានរដ្ឋសភា​បាន​ឡើយ ។ ប្រធាន​អាច​អនុញ្ញាត​ឱ្យ​សមាជិក​សភា​ឈប់​យ៉ាង​យូរ​១៥​ថ្ងៃ ក្នុង​សម័យប្រជុំ​នីមួយ​ៗ ។ ការ​ឈប់​លើស​ពី​១៥​ថ្ងៃ ត្រូវ​សុំ​ឱ្យ​អង្គ​សភា​អនុម័ត​យល់ព្រម​។ តំណាងរាស្ដ្រ​ណា​ឈប់​ខានមក​ប្រជុំ​លើស​ពី​៣​ថ្ងៃ ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រូវ​កាត់​ប្រាក់​បំណាច់​រដ្ឋសភា​ចំពោះ​ថ្ងៃ​ដែល​អវត្តមាន និង​មាន​អំពើ​ទណ្ឌកម្ម​ខាង​វិន័យ​ជា​ទម្ងន់​បន្ថែម​លើ​ការ​កាត់​ប្រាក់​បំណាច់​តាម​ចំនួន​ថ្ងៃ​ដែល​អវត្តមាន គឺ​បណ្ដេញ​ចេញពី​ការ​ប្រជុំ​រយៈពេល​១​ខែ ប្រកាស​ផ្សាយ​ដល់​មហាជន​នៅ​ក្នុង​មណ្ឌល​របស់​តំណាងរាស្ដ្រ​ដែល​បាន​ប្រព្រឹត្ត​ខុស​នោះ  ។

វិធី​ធ្វើ​ពហិការ អាច​គ្រាន់តែ​ជា​ការ​សម្ញែង​ឫទ្ធិ​របស់​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​និច្ចកាល​ពួក​គេ​តែ​តែ​មើល​ស្រាល​លើ​ផ្លូវច្បាប់ និង​រំលោភ​លើ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ជា​ហូរហែ​មក​ហើយ ដែល​ក្នុង​នោះ​មាន​លោក កឹ​ម សុខា ជា​ឧទាហរណ៍​ស្រាប់ ដែល​បាន​របូត​តំណែង​ដោយសារ​តែ​គាត់​ប្រព្រឹត្ត​កំហុស​នេះ ។

ដូច្នេះ ជំហាន​ដែល​បក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​ដើរ​អាច​ត្រូវចិត្ត​ខ្លួនឯង ដើម្បី​ផ្គាប់ផ្គុន​ជំងឺ​ចាស់ ជា​ជំងឺ​ទារ​អំណាច​កំពុង​ងើប​រើ​ឡើង​វិញ ប៉ុន្តែ​វា​បាន​ប្រាសចាក​ទាំងស្រុង​ពី​គោលការណ៍​ច្បាប់ និង​កំពុង​តែ​ដើរ​ផ្ទុយ​ស្រឡះ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ។ ផ្ទុយ​ទៅ​វិញ វា​ជា​ផ្លូវ​អាក្រក់​កាន់តែ​ខ្លាំង​បំផុត អាច​នាំ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាត់បង់​ប្រជាប្រិយភាព​ទាំងស្រុង និង​ខ្សោះ​ខ្យល់ ប្រសិនណាបើ​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​មួយ​នេះ មើល​រំលង​នូវ​កំហុស​របស់​ខ្លួន និង​មិន​បោះបង់​ចោល​នូវ​ទម្លាប់​យក​បរទេស​ធ្វើ​ជា​ខ្នងបង្អែក ដើម្បី​គាបសង្កត់​លើ​អំណាច​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​របស់​ប្រទេស​ខ្លួនឯង​ទេ​នោះ ៕
        ដោយ​បណ្ឌិត ជុន ច័ន្ទ​ចំរើន