ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដើរ​បំផុស​ថា គ្មាន​ជំងឺ​កូ​វីដ​១៩ ទីបំផុត បាន​ឆ្លង​ជំងឺ​នេះ ធ្ងន់ធ្ងរ និង​បាត់​បង់ជីវិត​ថែមទៀត​

2 ឆ្នាំ មុន
  • កំពង់ចាម

​ខេត្តកំពង់ចាម​៖ “​បុរស​ម្នាក់ រស់នៅ​ឃុំ​ព្រែក​រំដេង បាន​ដើរ​ប្រាប់​គេឯង​ថា មិនមាន​ជំងឺ​កូ​វីដ​១៩ នោះទេ សព្វថ្ងៃនេះ តែ​នៅ​ទីបំផុត បុរស​នេះ ក៏បាន​ឆ្លង​ជំងឺ​កូ​វីដ…

​ខេត្តកំពង់ចាម​៖ “​បុរស​ម្នាក់ រស់នៅ​ឃុំ​ព្រែក​រំដេង បាន​ដើរ​ប្រាប់​គេឯង​ថា មិនមាន​ជំងឺ​កូ​វីដ​១៩ នោះទេ សព្វថ្ងៃនេះ តែ​នៅ​ទីបំផុត បុរស​នេះ ក៏បាន​ឆ្លង​ជំងឺ​កូ​វីដ ក្នុង​សភាព​ធ្ងន់ធ្ងរ ដោយ​ក្រុមគ្រូពេទ្យ មិនអាច​សង្គ្រោះ​អាយុជីវិត​បាន ទីបំផុត​ក៏បាន​ស្លាប់ ព្រមទាំង​បាន​ចម្លង​ចូលទៅក្នុង​សហគមន៍ រហូត​ឈានដល់​បិទ ៤៥​ខ្នង​ផ្ទះ​”​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ថ្លែង​នៅក្នុង​ពិធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​ជាង ៤០០​គ្រួសារ ដោយបាន​ធ្វើឡើង នៅក្នុង​បរិវេណ​អនុវិទ្យាល័យ​ទូ​រី ក្នុង​ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ នា​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១​។

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត មានប្រសាសន៍ ដោយ​គូសបញ្ជាក់ថា កូនចៅ​របស់​ប្រជាពលរដ្ឋ រស់នៅក្នុង​ស្រុក​ស្រី​សន្ធរ បាន​ទៅធ្វើ​ការ​នៅក្រៅ​ស្រុក ក្នុងនោះ រួមមាន​តំបន់​ក្រហម ដែលមាន​ហានិភ័យ​ខ្ពស់ នៅក្នុង​ការឆ្លង​ជំងឺ covid-19​។ ដោយ​ធ្វើការ នៅតាម​បណ្ដា​រោងចក្រ នៅក្នុង​តំបន់ 7NG ក្នុង​ខេត្តកណ្ដាល ហើយ​ក៏មាន​កម្មករ​មួយចំនួន បាន​ឆ្លង​ជំងឺ​នេះ និង​បាន​បន្ត​ឆ្លង មក​សមាជិក​ក្រុមគ្រួសារ រហូត​ឈានដល់​បិទ​ខ្ទប់​ភូមិ ហើយ​អ្នកជំងឺ ត្រូវបាន​នាំយកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍​បន្តថា​ នាពេល​កន្លងទៅ ដោយសារ​តែមាន​ការឆ្លង​ខ្លាំង ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល សម្រេច​បិទ​ព្រំប្រទល់​រវាង​ខេត្ត និង​ខេត្ត ដើម្បី​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​។ ជំងឺ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង ប្រសិនណាបើ​មិនបាន​ព្យាបាល ឱ្យទាន់​ពេលវេលា​ទេនោះ និង​បណ្ដាល​ឲ្យ​ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ​ជាក់ស្ដែង នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២១ អ្នកជំងឺ​កូ​វីដ នៅក្នុង​ខេត្តកំពង់ចាម បាន​ស្លាប់ រហូត​ទៅដល់​ចំនួន ៥​នាក់​ឯណោះ ហើយ​បំពង់ខ្យល់​អុកស៊ីសែន ក្នុង​មួយថ្ងៃ គឺ​មិនតិចជាង ១០០​បំពង់​នោះទេ ដើម្បី​សង្គ្រោះ​អ្នកជំងឺ​កូ​វីដ​១៩ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មេគង្គ ក្រុង​កំពង់ចាម​។

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​បញ្ជាក់ថា ដើម្បី​ជៀសវាង កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ​យើង ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងនោះ អនុវត្ត ៣​កុំ ៣​ការពារ នេះ​ប្រៀបបាន​ដូចជា​អាវ​ក្រោះ សម្រាប់​ការពារ​ខ្លួនប្រាណ​យើង​។

​ក្នុង​ដំណើរ​បំពេញបេសកកម្ម មក​ចែក​អំណោយ​នៅក្នុង​ស្រុក​ស្រី​សន្ធរ អភិបាលខេត្ត​កំពង់ចាម បានឃើញ​ប្រជាពលរដ្ឋ​មួយចំនួនធំ គឺមាន​ការធ្វេសប្រហែស ដោយ​មិន​ព្រម​ពាក់​ម៉ាស​នោះទេ កត្តា​ទាំងនេះហើយ ដែល​បណ្ដាលឱ្យ​ជំងឺឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ទៀត​។

ជាមួយ​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បា​បន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​ផ្សព្វផ្សាយ​ពីសារ​របស់​ក្រសួងសុខាភិបាល ដើម្បី​បញ្ជ្រាប​ទៅដល់​ប្រជាពលរដ្ឋ​ធ្វើយ៉ាងណា ឲ្យ​ពួកគាត់ ពាក់​ម៉ាស់​គ្រប់ៗ​គ្នា​។

សូមបញ្ជាក់ថា នៅ​ខែកក្កដា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​បញ្ជូន​ទិញ​វ៉ាក់សាំង ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង​។ ដូច្នេះ​ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​លោក​អភិបាលស្រុក ត្រូវ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ ដើម្បី​មក​ទទួល​ការចាក់​វ៉ាក់សាំង ដែល​ត្រូវធ្វើឡើង​ដោយ​តាម​ការស្ម័គ្រចិត្ត និង​មិនមាន​ការបង្ខិតបង្ខំ​។ ពេលណា ប្រជាពលរដ្ឋ​ទទួលបាន​ការចាក់​វ៉ាក់សាំង​គ្រប់គ្នា នោះ​នឹងធ្វើ​ឲ្យ​ជំងឺ​កូ​វីដ​១៩ នឹង​រលត់ទៅវិញ​ក្នុងពេល​ខាងមុខ ហើយ​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​សង្គមជាតិ នឹង​ត្រូវបាន​ស្ដារឡើងវិញ ជា​បណ្ដើរៗ​៕ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ