ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ ក្នុងស្រុក​សរុប​ជាង ២​លាន​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ការបណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការអភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មីៗ ក្នុង​បរិបទ​កូ​វីដ​-១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ នា​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ការបណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការអភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មីៗ ក្នុង​បរិបទ​កូ​វីដ​-១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ នា​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មាន​សមាសភាព​ចូលរួម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយក​វិទ្យាស្ថាន អគ្គ​នាយរង ប្រធាន​នាយកដ្ឋាន និង​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំង ២៥​។

ឯកឧត្តម ថោង ខុន បាន​ថ្លែង​ជម្រាបជូន​អង្គប្រជុំ​ថា ក្រោយ​ព្រឹត្តិការណ៍​បិទ​ខ្ទប់​កាលពី​ក្នុង​ខែមេសា​កន្លងទៅ ចលនា​ទេសចរ​ក្នុងស្រុក​បាន​ងើប​ឡើងវិញ ទោះបី​នៅ​ទាប​ជាង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ក្នុងស្រុក​សរុប​ជាង ២ លាន​នាក់ ថយចុះ ៦២.៤៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។

ក្នុង​កិច្ចប្រជុំ​នេះ បាន​ផ្តោតជាសំខាន់​លើ​ការត្រួតពិនិត្យ​ការងារ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅតាម​មូលដ្ឋាន​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ការី​ទេសចរណ៍​ក្នុងស្រុក និង​មធ្យោបាយ​ដឹកជញ្ជូន​ទេសចរ​ផ្លូវទឹក និង​ផ្លូវគោក នៅ​គ្រប់​គោលដៅ​រាជធានី​ខេត្ត​ទាំង ២៥ សំដៅ​បង្កើន​ភាពរឹងមាំ​នៃ​ទេសចរ​ក្នុងស្រុក និង​សម្រាប់​ត្រៀមលក្ខណៈ​សម្បត្តិ​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​នាពេលខាងមុខ​។

ភាពរឹងមាំ​នេះ ពឹងផ្អែក​សំខាន់​លើ​ការបង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ (The Heard Immunity) តាមរយៈ​ការជំរុញ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា​ទូទាំងប្រទេស និង​ការបន្ត​អនុវត្ត​វិធានការ «៣​កា​ពារ ៣​កុំ​»​។ ដោយឡែក លើ​ជ្រុង​នៃ​ការទទួលខុស​ត្រូវ​ក្នុង​វិស័យ​ទេសចរណ៍ ព្រមជាមួយ​នឹង​ភាព​ស៉ាំ​ក្នុង សហគមន៍​ភាពរឹងមាំ​នៃ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ក៏ត្រូវ​ពឹងផ្អែក​លើ​ការងារ​សំខាន់ៗ​ចំនួន ៤ ផងដែរ គឺ​៖ ១៖ បន្ត​ជំរុញ​ណែនាំ និង​ត្រួតពិនិត្យ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ក្នុងការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដែល​ក្រសួងទេសចរណ៍​បាន​ដាក់ចេញ​កន្លងមក​។ វិធាន​សុវត្ថិភាព​ទេសចរណ៍​បង្កើតឡើង ក្នុង​គោលបំណង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រក្សាបាន​នូវ​ស្ថិរភាព​អាជីវកម្ម និង​ធានាបាន​នូវ​សុខ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ ជាពិសេស​ក្នុង​បរិបទ ដែល​តម្រូវ​សម្រប​ខ្លួន​នឹង​គន្លង​ប្រក្រតីភាព​ថ្មី​នាពេលនេះ​។

​គួរបញ្ជាក់​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ ចំនួន​អាជីវកម្ម បានទទួល​ឡា​បិ​ល​វិធាន​សុវត្ថិភាព​ទេសចរណ៍ សរុប ៣,៣៥៦ ទីតាំង ស្មើនឹង ៥១.១៩% នៃ​អាជីវកម្ម​សរុប​។

២៖ បន្តការងារ​បណ្តុះបណ្តាល​ជំនាញ​តាម​អន​ឡាញ និង​ពង្រឹង​បង្វែរ​ការបណ្តុះបណ្តាល​នេះ​ឱ្យចំ​គោលដៅ (​បណ្តុះបណ្តាល​ទាំង​បុគ្គលិក​ថ្មី និង​បុគ្គលិក​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ​១៩)​។ គិត​ត្រឹម​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ ចំនួន​បុគ្គលិក​បានទទួល​ការបណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​មាន ៦,៤៨៩​នាក់​។

៣៖ បន្តការងារ​ពង្រឹង និង​គាំទ្រ​ផលិតផល​ទេសចរណ៍​ថ្មីៗ តាមរយៈ​ការពង្រឹង​ជំនាញ និង​គុណភាព​សេវាកម្ម​នៅ​ទីនោះ​។ បច្ចុប្បន្ន ក្រសួង​ឃើញ​មានការ​ប្តូរ​និន្នាការ​ថ្មីៗ ឆ្ពោះទៅរក​ប្រភេទ​ទេសចរណ៍ បែប​សហគមន៍ អេកូ​ទេសចរណ៍ និង​ប្រភេទ​សេវាកម្ម ដែល​ប្រើប្រាស់​បច្ចេកវិទ្យា (contactless) ដែល​ក្នុង​បរិ​ការ​នេះ ការខិតខំ​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ទាំងនេះ ប្រកបដោយ​សុ​វត្តិភាព និង​គុណភាព​ស្របតាម​ស្តង់ដា ជា​បញ្ហា​សំខាន់បំផុត ជាអាទិ​ស្តង់ដា​សហគមន៍​ទេសចរណ៍ ស្តង់ដា​ការធ្វើដំណើរ​ផ្សងព្រេង​តាម​ព្រៃភ្នំ ( Hikking,Trekking) ។​ល​។

៤៖ បន្តការងារ​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុងស្រុក និង​បញ្ជ្រាប​ការយល់ដឹង ជា​សាធារណៈ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពិសេស​គ្រប់​ស្ថាប័ន​ភាគី​ពាក់ព័ន្ធ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អនុវត្ត​បន្ត​របស់​វិស័យ​ទេសចរណ៍ ដែល​បច្ចុប្បន្ន ក្រសួង មាន​រួចហើយ​នូវ​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ និង​ការបន្ត​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ព្រមទាំង​វិធាន​សុវត្ថិភាព​ទេសចរណ៍​៕ សុខ សា​រ៉ា​យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ