ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ រដ្ឋបាល​ខេត្តបាត់ដំបង​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​១៧៣​នាក់

2 ឆ្នាំ មុន
  • បាត់ដំបង

អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហាក់​គ្មាន​សញ្ញា​ថមថយ​ឡើយ សម្រាប់​រដ្ឋបាល​ខេត្តបាត់ដំបង បើ​ទោះជា​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​ខេត្ត បាន​និង​កំពុង​ពួតដៃគ្នា​ទប់ស្កាត់​យ៉ាង​សស្រាក់សស្រាំ​ស្ទើរ​គ្រប់​ទីកន្លែង

ខេត្តបាត់ដំបង ៖ អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហាក់​គ្មាន​សញ្ញា​ថមថយ​ឡើយ សម្រាប់​រដ្ឋបាល​ខេត្តបាត់ដំបង បើ​ទោះជា​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​ខេត្ត បាន​និង​កំពុង​ពួតដៃគ្នា​ទប់ស្កាត់​យ៉ាង​សស្រាក់សស្រាំ​ស្ទើរ​គ្រប់​ទីកន្លែង​យ៉ាងណា​ក្ដី​។

ជាក់ស្ដែង​គ្រាន់តែ​រយៈពេល​០៣​ថ្ងៃ ដើមខែ​កក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​វ័យ​ចំណាស់​មួយ​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ រហូត​ដល់​ទៅ​ជាង​១៧០​នាក់ ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០​កុម្ភៈ និង​ពលករ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយ​ក៏​មាន​អ្នកជំងឺ​ម្នាក់​បាន​ស្លា​.​ប់​ផង​ដែរ​។

យោង​តាម​សេចក្ដី​ប្រកាស​ជា​បន្តបន្ទាប់​របស់​រដ្ឋបាល​ខេត្ត គិត​ត្រឹម​ថ្ងៃ​ទី​០៣ ខែកក្កដា​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០១ ខែកក្កដា រដ្ឋបាល​ខេត្ត​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​៤៤​នាក់ ក្នុង​នោះ​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ថ្ងៃ​២០​កុម្ភៈ ចំនួន​៣១​នាក់ និង​ពលករ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចំនួន​១៣​នាក់ ជា​សះស្បើយ​ចំនួន​១១​នាក់ និង​ស្លា​.​ប់​០១​នាក់​។

សេចក្ដី​ប្រកាស​បន្ត​ថា នៅ​ថ្ងៃ​ទី​០២ ខែកក្កដា រដ្ឋបាល​ខេត្ត បាន​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​៦៦​នាក់ ក្នុង​នោះ​អ្នក​ពាក់ព័ន្ធ​ប្រព្រឹត្តិការណ៍​ថ្ងៃ​២០ កុម្ភៈ ចំនួន​៥៥​នាក់ និង​ពលករ​វិញ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចំនួន​១១​នាក់ និង​ជា​សះស្បើយ​ចំនួន​១០​នាក់​។ ចំណែក​នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា​នេះ​វិញ រដ្ឋបាល​ខេត្ត​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​៦៣​នាក់ ក្នុង​នោះ​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ថ្ងៃ​២០ កុម្ភៈ ចំនួន​៤៧​នាក់ និង​ជា​ពលករ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចំនួន​១៦​នាក់ ព្រមទាំង​ជា​សះស្បើយ​ចំនួន​១៩​នាក់​ផង​ដែរ​។

បើ​យោង​លើ​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​ថា គ្រាន់តែ​រយៈពេល​០៣​ថ្ងៃ ដើមខែ​កក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តបាត់ដំបង បាន​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​១៧៣​នាក់ ក្នុង​នោះ​មាន​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ថ្ងៃ​២០ កុម្ភៈ ចំនួន​១៣៣​នាក់ និង​ពលករ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចំនួន​៤០​នាក់ ជា​សះស្បើយ​ចំនួន​៤០​នាក់ និង​មាន​អ្នកជំងឺ​កូ​វី​ដ​ស្លា​.​ប់​០១​នាក់​។ នេះ​ជា​សន្ទុះ​នៃ​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​១៩ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក្នុង​ខេត្តបាត់ដំបង ដែល​ជា​សញ្ញា​ពណ៌​ក្រហម​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ដូច្នេះ​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​វ័យ​ចំណាស់​មួយ​នេះ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​ចូលរួម​គោរព​នូវ​វិធានការ​សុខា​ភិបាល ក៏​ដូច​ជា​វិធានការ​ទប់ស្កាត់​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។

សូម​រំលឹក​ថា សម្រាប់​រដ្ឋបាល​ខេត្តបាត់ដំបង ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វិ​ដ​១៩ ដ៏​ប្រល័យ​នេះ​រហូត​មក បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត បាន​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​១,១១៩​នាក់​ហើយ​។ នៅ​ក្នុង​ចំណោម​នេះ មាន​អ្នកជំងឺ​ចំនួន​៦០៩​នាក់​បានជា​សះស្បើយ រីឯ​អ្នកជំងឺ​ចំនួន​៥០៣​នាក់ បាន​និង​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​នៅឡើយ ខណៈ​មាន​អ្នកជំងឺ​ចំនួន​០៧​នាក់​បាន​ស្លា​.​ប់​ដោយសារ​ជំងឺ​ដ៏​កាច​សា​.​ហាវ​នេះ​។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តួលេខ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហាក់​មាន​សន្ទុះ​កាន់តែ​ខ្លាំង ហើយ​ថែម​ទាំង​មានការ​ឆ្លង​រីក​រាលដាល​ស្ទើរ​គ្រប់​ទីកន្លែង មិន​ថា​នៅ​ទីប្រជុំជន ឬ​នៅ​តាម​ជនបទ​ឡើយ​។ នេះ​បើ​តាម​ការ​កត់សម្គាល់​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ អាជ្ញាធរ​ខេត្ត​ក៏​បាន​សម្រេច​បិទ​ខ្ទប់​នៅ​តាម​បណ្ដា​ផ្សារ​មួយ​ចំនួន​នៅ​តាម​ទីប្រជុំជន​នានា​ដែល​ពាក់ព័ន្ធ លំនៅ​ឋាន​អ្នកជំងឺ​នៅ​ក្នុង​មូលដ្ឋាន និង​នៅ​តាម​ក្រុមហ៊ុន​ឯកជន​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង​ផង​ដែរ ដែល​រដ្ឋបាល​ខេត្ត​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល ជាមួយ​អ្នក​ឆ្លង​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ