ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​ប្លេ​ក​ខេត បើក​រេញ​ឱ្យ​រឿ​ម វណ្ណៈ និង​ឈឿ​ន ឆៃ​ដែន ប៉ះ​ថៃ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ ​ទី​៦ ធ្នូ ខានស្អែក​នេះ ការ​ប្រដាល់​អន្តរជាតិ​ដែល​មានឈ្មោះ​«​កំពូល​អ្នក​ប្រដាល់​របស់​ក្រុមហ៊ុន Back Cat»​នឹង​ដល់​ថ្ងៃ​ប្រកួត​ប្រចាំ​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង​របស់​ខ្លួន​ទៀត​ហើយ

រាជធានី​ភ្នំពេញ ៖  នៅ​យប់​ថ្ងៃអាទិត្យ ​ទី​៦ ធ្នូ ខានស្អែក​នេះ ការ​ប្រដាល់​អន្តរជាតិ​ដែល​មានឈ្មោះ​«​កំពូល​អ្នក​ប្រដាល់​របស់​ក្រុមហ៊ុន Back Cat»​នឹង​ដល់​ថ្ងៃ​ប្រកួត​ប្រចាំ​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង​របស់​ខ្លួន​ទៀត​ហើយ ដោយ​កីឡាករ​វ័យក្មេង​២​រូប​គឺ រឿ​ម វណ្ណៈ និង​ឈឿ​ន ឆៃ​ដែន ក្លាយជា​អ្នកមាន​ឱកាស​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​។ សមាសភាព​កីឡាករ​ថៃ​ដែល​មក​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ទាំងអស់ ទើប​អ្នក​ណា​ក៏​ផ្ដោត​ការ​ចាប់អារម្មណ៍​សម្រាប់​ជំនួប​របស់​អ្នក​ទាំង​៤​ដែរ​។

ជើង​ខ្លាំង​រឿ​ម វណ្ណៈ ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​គ្រាប់ពេជ្រ​របស់​លោក​ឡុ​ង ស៊ី​លី​ន និង​លោក​តឹក ឡៃ ប្រចាំ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​នោះ នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផ្លេ​វ ហ្វៃ (Phlav Fai) ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​។ អ្នក​ទាំង​ពីរ​មិន​ធ្លាប់​ប៉ះ​គ្នា​នោះ​ទេ ដោយ​កីឡាករ​ថៃ​ដ្បិតថា​មិន​មាន​ខ្សែក្រវាត់​ប្រចាំ​ខ្លួន ប៉ុន្តែ​មានការ​អះអាង​ថា គេ​គឺជា​កីឡាករ​ល្អ ខណៈ​ដែល​ភាគី​កម្ពុជា​ឯណេះ​វិញ ក៏​មាន​ស្នាដៃ​ធ្វើ​ឱ្យ​មានការ​ទទួលស្គាល់​មិន​អន់​នោះ​ដែរ ។ អ្នក​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​យប់​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ចាប់ពី​ម៉ោង​៨​យប់​ស្អែក​តទៅ ។ ជំនួប​គូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន ដោយសារ​តែ​កីឡាករ​រឿ​ម វណ្ណៈ គឺជា​ជើង​ខ្លាំង​វ័យក្មេង​របស់​កម្ពុជា ហើយ​ផ្លេ​វ ហ្វៃ ក៏​ជា​កីឡាករ​ដែល​ភាគី​ថៃ​ទុកចិត្ត​ខ្លាំង​ណាស់​ដែរ​។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា ជើង​ខ្លាំង​រឿ​ម វណ្ណៈ និង​កីឡាករ​ថៃ​គឺ​ទាំង​ទម្ងន់ និង​ប្រវត្តិ​នៃ​ការ​ប្រកួត​សឹងតែ​ដូច​គ្នា​ទើប​លោក​ប្រាកដ​ចិត្ត​ថា ជំនួប​របស់​គូ​នេះ​គឺ​ពិតជា​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍ ។ លោក​ថា​កីឡាករ​កម្ពុជា​គូ​នេះ ធ្លាប់​ប្រកួត​បាន​៨១​លើក ឈ្នះ​៦១​លើក ចាញ់​១៨​លើក និង​ស្មើ​២​លើក​ក្នុង​នោះ​ប្រវត្តិ​នៃ​ការ​វាយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​មុន​ចប់​ទឹក ក៏​មិន​តិច​នោះ​ដែរ​។ ដោយឡែក​កីឡាករ ផ្លេ​វ ហ្វៃ ធ្លាប់​ប្រកួត​បាន​៧៩​លើក ឈ្នះ​៦៧​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ដែល​តួលេខ​នេះ គឺ​មាន​ភាព​ប្រហាក់ប្រហែល​នឹង​តួលេខ​របស់​រឿ​ម វណ្ណៈ ទើប​លោក​ប្រាកដ​ចិត្ត​ថា ធៀប​នឹង​ការ​ប្រកួត​អន្តរជាតិ​ដែល​ធ្វើ​ឡើង​នៅ​ចុង​ស​ប្ដា​ហ៍​នេះ គឺ​ពួក​គេ​ពិតជា​ធ្វើ​ឲ្យ​ការ​ប្រដាល់​របស់​ក្រុមហ៊ុនស្រា​បៀរ Black Cat នឹង​មានការ​កម្រើក​ជាងគេ​ក្នុង​ចង្កោម​អ្នក​ចូល​ចិត្ត​កីឡាប្រដាល់ ។

លោក​ញាណ សុធី បាន​បញ្ជាក់​ទៀត​ថា ក្រៅពី​ការ​ប៉ះ​គ្នា​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​នេះ កីឡាករ​ឈឿ​ន ឆៃ​ដែន ដែល​ជា​ជើង​ខ្លាំង​មក​ពី​ក្លិប​និរោធ​មាន​ជ័យ ក៏​នឹង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ​សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​នៅ​យប់​ថ្ងៃអាទិត្យ​នោះ ។ គេ​នឹង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ល្បីឈ្មោះ​ថៃ យ៉​ត សា​យ៉ា​ម (YorthSayam) ដែល​ល្អ​ទាំង​កែង ម៉ាត់ និង​ទាត់ ហើយ​រហ័ស ព្រមទាំង​សំបូរ​បច្ចេកទេស​មិនធម្មតា​។  លោក​ថា​អ្នក​ទាំង​ពីរ​ឡើង​ប្រកួត​គ្នា​ក្នុង​នាម​គូ​ឯក​ក្នុង​ព្រឹត្តិការណ៍ «​កំពូល​អ្នក​ប្រដាល់​របស់​ក្រុមហ៊ុន Back Cat» ដោយ​មានការ​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពេញចិត្ត​នៅ​យប់​ថ្ងៃស្អែក ដោយសារ​តែ​ភាគី​ខាង​កម្ពុជា​ក៏​ខ្លាំង ហើយ​ភាគី​ខាង​ថៃ​ក៏​ល្អ​ដូចដែល​អ្នកគាំទ្រ​កម្ពុជា​ធ្លាប់​ស្គាល់​មក​ហើយ ។

លោក​ថា កីឡាករ​ថៃ យ៉​ត សា​យ៉ា​ម ធ្លាប់​វាយ​ផ្ដួល​កីឡាករ​កម្ពុជា​ក្នុង​ឱកាស​ឡើង​មក​ប្រកួត​នៅ​កម្ពុជា​រួច​មក​ហើយ ទើប​លោក​ប៉ាន់ស្មាន​ឃើញ​ថា កីឡាករ​ឈឿ​ន ឆៃ​ដែន ដែល​មាន​ប្រវត្តិ​វាយបំបាក់​ជើង​ខ្លាំង​រាប់​មិន​អស់នោះ ដាច់ខាត​ត្រូវ​តែ​ប្រឹង​ជាង​មុន​ដើម្បី​ការពារ​មុខមាត់ ហើយ​ក៏​មិន​ទាន់​ប្រាកដ​ថា​នឹង​អាច​ជោគជ័យ ។ លោក​ថា ឈឿ​ន ឆៃ​ដែន ធ្លាប់​ប្រកួត​បាន​៧៣​លើក ឈ្នះ​៦១​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ហើយ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧៩​លើក ឈ្នះ​៦៨​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក ដែល​មាន​ន័យ​ថា​សមត្ថភាព​ប្រកួត​របស់​កីឡាករ​ថៃ គឺ​នាំមុខ​ជើង​ខ្លាំង​កម្ពុជា​ទៅ​ទៀត សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន​Black Cat នៅ​យប់​ថ្ងៃអាទិត្យ​ខានស្អែក​នេះ ។

បន្ថែម​ពី​ការ​ប្រកួត​អន្តរជាតិ​រវាង​រឿ​ម វណ្ណៈ និង​ឈឿ​ន ឆៃ​ដែន ជាមួយ​កីឡាករ​ថៃ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក៏​មានការ​ប្រកួត​អន្តរជាតិ​ដូច​គ្នា​នៅ​២​សង្វៀន​ផ្សេង​ទៀត​ផង​ដែរ​។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៥ ធ្នូ​នេះ ការ​ប្រដាល់​ចាប់ពី​ម៉ោង​៨​ព្រឹក​តទៅ គឺជា​ជំនួប​របស់​កីឡាករ​កម្ពុជា​២​រូប និង​កីឡាករ​ថៃ​២​រូប ។ កីឡាករ​សុខ សុវណ្ណ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​និង​មាន​ប្រវត្តិ​ធ្លាប់​ប្រកួត​៦៨​លើក ឈ្នះ​៥៦​លើក ចាញ់​១០​លើក និង​ស្មើ​២​លើក ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភេ​ច ណាំ​អេក (Phach Nam Ek) ដែល​ធ្លាប់​ប្រកួត​បាន​៧៥​លើក ឈ្នះ​៦៣​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ។ គូ​អន្តរជាតិ​ទី​២​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​ជំនួប​រវាង​កីឡាករ​អ៊ុ​ង វិ​រៈ ជើង​ខ្លាំង​មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ដែល​ធ្លាប់​ប្រកួត​បាន​៧៨​លើក ឈ្នះ​៦៩​លើក និង​ចាញ់​៩​លើក ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ខ​ង ផាក (Khong Park) ដែល​ធ្លាប់​ប្រកួត​៨៩​លើក ឈ្នះ​៧៧​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃស្អែក​ចាប់ពី​ម៉ោង​៨​ព្រឹក​តទៅ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករ​ថៃ​និង​កម្ពុជា​រហូត​ដល់​៣​គូ​កំដរ​ចុង​ស​ប្ដា​ហ៍​ផង​ដែរ​។ កីឡាករ​ជើង​ថ្មី​កម្ពុជា ម៉ៅ ដាំ​ដូច មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ដែល​ធ្លាប់​ប្រកួត​បាន​៥៧​លើក ឈ្នះ​៤៦​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក បើក​ឆាក​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផា រ៉ា​វី (PhaRavy)   ដែល​ធ្លាប់​ប្រកួត​៦៩​លើក ឈ្នះ​៥៩​លើក និង​ចាញ់​១០​លើក​។ គូ​អន្តរជាតិ​ទី​២ គឺ​កីឡាករ​កម្ពុជា​ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​របស់​លោក​មាស សុខ​គ្រី ដែល​ធ្លាប់​ប្រកួត​បាន​៧៤​លើក ឈ្នះ​៦១​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក ជួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ យ៉​ត ស៊ី​ង (Yorth Sing) ដែល​ធ្លាប់​ប្រកួត​៦៩​លើក ឈ្នះ​៥៩​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក ។

មួយគូ​ចុង​ក្រោយ គឺ​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដែល​ធ្លាប់​ប្រកួត​បាន​៦២​លើក ឈ្នះ​៤៨​លើក ចាញ់​១៣​លើក និង​ស្មើ​១​លើក ជួប​ប្រកួត​បិទ​កម្មវិធី​ព្រឹកស្អែក​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភេ​ច អា​រុណ (PhachAroun) ដែល​ធ្លាប់​ប្រកួត​៨១​លើក ឈ្នះ​៦៩​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ៕