ខេត្តក្រចេះ ៖ បណ្តាចំណុចឈរជើងរបស់ក្រុមកុងត្រូលជជុះជាច្រើនកន្លែងដែលកើតមានយ៉ាងស្អេកស្កះនៅតាមបណ្តោយផ្លូវជាតិត្រូវបានរលាយយ៉ាងឆាប់រហ័សតែមួយប៉ប្រិចភ្នែក បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានយ៉ាងធ្ងន់ៗរួចមក ។ គេសង្កេតឃើញថា កន្លងមកទីតាំងនៃកុងត្រូលជជុះនៅលើដងផ្លូវជាតិលេខ៧អាស៊ានមានមិនតិចជាងដប់កន្លែងទេ រាប់ចាប់ពីភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូររហូតដល់ស្រុកស្នួល ខេត្តក្រចេះ។ ក្នុងនោះមានកុងត្រូលជជុះធំៗចំនួន៣កន្លែង គឺនៅចំណុចខ្លីទទឹងក្នុងភូមិសាស្ត្រឃុំក្បាលដំរី ស្រុកសំបូរ និងនៅចំណុចផ្លូវបំបែកខ្លាស្ទុះ ស្ថិតក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ និងមួយកន្លែងទៀតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ។ កន្លងមកតែងតែមានសមត្ថកិច្ចគ្រប់ស្ថាប័ន ដាក់ក្បាលឡានរាប់សិបគ្រឿងក្នុងមួយកន្លែង ចាំសំកុកទារលុយពីឈ្មួញ និងរថយន្តធ្វើដំណើរទៅមក ព្រមទាំងមានការប្រដេញយ៉ាងប្រសេកប្រសាចពាសេពញផ្លូវជាតិជាហេតុបង្កឱ្យមានភាពអនាធិបតេយ្យ ។ ជាពិសេសបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផងដែរ។ ទោះជាបែបណាក្តីអត់មានការបង្ក្រាបទេ ។
រហូតមកទល់នឹងពេលនេះបណ្តាកុងត្រូលជជុះទាំងនោះបានរលាយទាំងស្រុង បន្ទាប់ពីមានការព្រមានរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ៗទៅលើអាជ្ញាធរខេត្តដែលត្រូវតែលុបបំបាត់។ ជាក់ស្តែងនៅយប់ថ្ងៃទី១៩ មីនា សមត្ថកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ត ដោយចូលរួមសហការពីលោកអីុវ សាភុំ អភិបាលស្រុកស្នួល លោកមេឃុំ មេភូមិ រួមទាំងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តជាច្រើនរូបទៀត បានទៅត្រួតពិនិត្យទីតាំងកុងត្រូលជជុះដែលកន្លងមកធ្លាប់មាននៅលើផ្លូវជាតិលេខ៧តាំងពីចំណុចឃុំអូរគ្រៀង ស្រុកសំបូរ រហូតដល់ស្រុកស្នួល ខេត្តក្រចេះ។
នៅក្នុងយុទ្ធនាការដ៏ក្តៅគគុកនេះ មន្ត្រីសមត្ថកិច្ចបានប្រើរូបភាពឱ្យរថយន្តមួយគ្រឿងរត់ពីមុខក្បួនក្នុងល្បឿនលឿនប្រៀបដូចរថយន្តដឹកឈើប្រណីតដើម្បីបញ្ឆោតឱ្យបណ្តាសមត្ថកិច្ចដែលនៅតាមកុងត្រូលជជុះទាំងនោះដេញតាម។ តែទោះបីជាយ៉ាងណាក៏យុទ្ធនាការនៅក្នុងយប់នោះ សមត្ថកិច្ចមិនបានប្រទះក្រុមកុងត្រូលជជុះទេ បែរជារលាយអស់ដោយស្វ័យប្រវត្តិប្រហែលជាដឹងមុនផងក៏មិនដឹង។ នៅក្នុងសកម្មភាពនាយប់នោះ កំលាំងសមត្ថកិច្ចបានរុះរើរោងឈើប្រក់ស័ង្កសីមួយនៅជាប់ផ្លូវជាតិក្នុងភូមិសាស្ត្រភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ដែលជាទីតាំងរបស់កុងត្រូលជជុះដ៏ធំមួយ។ កន្លងមកចំណុចនេះជាបណ្តុំកុងត្រូលជជុះមានរថយន្តរាប់សិបគ្រឿងទាំងយប់ ទាំងថ្ងៃ ហើយក៏ជាទីតាំងរបស់កាសែតដំណឹងកម្ពុជា ដែលគេមិនធ្លាប់ឮ ឈ្មោះហើយក៏មានអ្នកកាសែតមួយចំនួនទៀតរស់នៅប្រមូលផ្តុំគ្នាយ៉ាងគគ្រឹកគគ្រេង។ បន្ទាប់ពីការចុះសួរនាំរួចមកអាជ្ញាធរមានសមត្ថកិច្ចដឹកនាំដោយលោកស្នងការ និងលោកអភិបាលស្រុកបានរុះរើចេញរោងដោលរបៀបជាផ្ទះមួយខ្នងនេះ និងបានណែនាំឱ្យក្រុមអ្នកអះអាងថា ខ្លួនជាអ្នកកាសែតនោះបញ្ឈប់សកម្មភាព។
នៅព្រឹកថ្ងៃទី២០ មីនា កំលាំងសមត្ថកិច្ចបានបន្តដំណើរទៅមើលទីតាំងមួយកន្លែងទៀតស្ថិតនៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ដែលក៏ជាទីតាំងនៃកុងត្រូលជជុះដ៏ធំមួយដែរ ក្នុងនោះមានសមាសភាពទាំងអង្គការក្រៅរដ្ឋាភិបាល និងអ្នកកាសែតដែលគេមិនសូវស្គាល់ដោយលើកស្លាកសញ្ញានៅមុខរោង និងមានដាក់ក្បាលរថយន្តចេញមកក្រៅ។សមត្ថកិច្ចសហការជាមួយលោកមេភូមិ មេឃុំ បានសំរេចរុះរើទំលាក់ស្លាកសញ្ញាទាំងនោះចុះក្រោម រួមមានស្លាកសញ្ញាសមាគមព័ត៌មានឃ្លាំមើលកម្ពុជា និងស្លាកសញ្ញាអង្គការការពារព្រៃឈើ សត្វព្រៃ និងបរិស្ថាន។
ជុំវិញសកម្មភាពនៃការបង្ក្រាបទីតាំងកុងត្រូលជជុះនាយប់នោះ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តមានប្រសាសន៍ថានេះជាការ អនុវត្តទៅតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅលើការលុបបំបាត់ភាពអនាធិបតេយ្យ បណ្តុំកុងត្រូលជជុះដែលធ្លាប់កើតមាននៅតាមមូលដ្ឋាន ។ សកម្មភាពនេះសមត្ថកិច្ចនឹងធ្វើយ៉ាងសកម្មបំផុតឱ្យដូចជាភ្លៀងរលឹម។ ចំពោះទីតាំងដែលសមត្ថកិច្ចរុះរើទាំងយប់នេះវាជាបណ្តុំកុងត្រូលជជុះធំៗជ្រកក្រោមស្លាកសញ្ញាសារព័ត៌មានដែលជាកាសែតមានតែឈ្មោះ ៕



ចែករំលែកព័តមាននេះ