ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យុជាតិ​​កម្ពុជា​-វៀតណាម​សហ​ការ​គ្នា​​ពង្រីក​វិសាល​ភាព​ផ្សព្វផ្សាយ​​ឱ្យ​​កាន់តែ​​ទូលំ​ទូលាយ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​​ព្រឹក​ថ្ងៃ​​ទី​១១ មីនា ​២០១១​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​អនុ​ញ្ញាត​ឱ្យ​លោក​វូ វ៉ាន់​ហៀន ប្រធាន​​វិទ្យុ​​សំឡេង​សាធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ ចូល​ជួប​​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការ​ងារ ​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​វិទ្យុ​វៀត​ណាម និង​វិទ្យុ​ជាតិ​កម្ពុជា នៅវិមាន​​​សន្តិភាព​​ទីស្តី​ការ​នាយក​រ​ដ្ឋ​មន្ត្រី​​។

លោក​វូ វ៉ាន់​ហៀន បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​វិទ្យុ​វៀត​ណាម​នៅ​កម្ពុជា​​នា​ពេល​នេះ គឺ​ដើម្បី​សហ​ការ​ជា​មួយ​ក្រសួង​ព័ត៌​មាន​កម្ពុជា។ កាល​ពី​ថ្ងៃ​ទី​១០ មីនា កន្លង​មក​នេះ លោក​បាន​​ប្រគល់​សម្ភារ​មួយ​ចំនួន​ជូន​ដល់​ស្ថានីយ​វិទ្យុ​ជាតិ​កម្ពុជា​នៅ​ខេត្ត​សៀម​រាប។ ឥឡូវ​នេះ​ វិទ្យុ​ជាតិ​កម្ពុជា និង​​វិទ្យុ​​សំឡេង​វៀត​ណាម​កំពុង​តែ​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​គ្នា​ដើម្បី​​ស្រាវ​ជ្រាវ និង​តម្លើង​ប្រព័ន្ធ FM និង AM មួយ​ទៀត។ នៅ​ក្នុង​ន័យ​នេះ កាល​ណា​​តម្លើង​ប្រព័ន្ធ​នេះ​ហើយ វិទ្យុ​ជាតិ​កម្ពុជា នឹង​អាច​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​គ្រប​ដណ្តប់​ទូទាំង​ប្រទេស​តែ​ម្តង។ លោក​វូ វ៉ាន់​ហៀន ក៏​បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ផង​ដែរ​ថា វិទ្យុ​សំឡេង​វៀត​ណាម ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​ជួយ​ដល់​វិទ្យុ​ជាតិ​កម្ពុជា​ ក៏​ដូច​ជា​​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ជា​ដើម។

ជា​ការ​ឆ្លើយ​តប សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​​ចំពោះ​វិទ្យុ​​សំឡេង​វៀត​ណាម​ដែល​តែង​តែ​ជួយ​ដល់​វិទ្យុ​ជាតិ​កម្ពុជា ទាំង​ជំនួយ​បច្ចេក​ទេស ទាំង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស។ ក្នុង​ន័យ​នេះ​ផង​ដែរ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​សូម​​ជំរុញ​ឱ្យ​មាន​ការ​ពង្រីក និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ​កាន់​តែ​ធំ​ឡើង​ ហើយ​សូម​ឱ្យ​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។ ទន្ទឹម​នេះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ធ្វើ​ការ​ណែនាំ​ដល់​វិទ្យុ​ជាតិ​ ធ្វើ​យ៉ាង​ណា​ឱ្យ​​នាំ​មុខ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​ចរា​ចរណ៍ ឧតុ​និយម និង​ស្ថាន​ភាព​ផ្លូវ​ថ្នល់​នៅ​ពេល​មាន​ទឹក​ភ្លៀង​លិច​ម្តង​ៗ​ ដើម្បី​ជួយ​ដល់​ចរា​ចរណ៍៕