ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​និង​ប្រណាំង​ក​អន្ដរជាតិ​សៀមរាប​អង្គរ​ឆ្នាំ​នេះ កីឡាករ​បរទេស​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុន​20%

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​អន្ដរជាតិ​សៀមរាប​អង្គរ​ឆ្នាំ​នេះ កីឡាករ​បរទេស​ចូលរួម​មានការ​កើនឡើង​២០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ។ នេះ​បើ​តាម​លោក​វ៉ា​ត់ ចំរើន

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង និង​ប្រណាំង​កង់​អន្ដរជាតិ​សៀមរាប​អង្គរ​ឆ្នាំ​នេះ កីឡាករ​បរទេស​ចូលរួម​មានការ​កើនឡើង​២០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ។ នេះ​បើ​តាម​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​កាលពី​ព្រឹក​ម្សិលមិញ ។ ព្រឹត្តិការណ៍​ខាងលើ​នេះ ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ទី​៥ និង​ទី​៦ ធ្នូ ។

លោក​វ៉ា​ត់ ចំរើន បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ គឺ​កីឡាករ​បរទេស​ដែល​ជា​ភ្ញៀវ​ទេសចរ​មក​លេង​នៅ​តំបន់​សៀមរាប​អង្គរ បាន​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​មានការ​កើនឡើង​យ៉ាង​ខ្លាំង​។ ក្នុង​ចំណោម​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​រត់​សរុប​៨.៥០០​នាក់ គឺ​មាន​កីឡាករ​បរទេស​ជាង​៤.០០០​នាក់​មក​ពី​៧៥​ប្រទេស​នៅ​លើ​ពិភពលោក ។ ចំណែក​ការ​ប្រកួតប្រណាំង​កង់​វិញ គឺ​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទី​៦ ធ្នូ មាន​កីឡាករ​ចូលរួម​ចំនួន​៤០០​នាក់ ក្នុង​នោះ​កីឡាករ​បរទេស​មាន​រហូត​ដល់​ទៅ​៣០០​នាក់ ។ លោក​មិន​ទាន់​ដឹង​ថា កីឡាករ​បរទេស​ទាំងនោះ មក​ពី​ប្រទេស​ណាខ្លះ​ទេ ព្រោះថា​ពេល​នេះ លោក​កំពុង​តែ​មានការ​មមាញឹក​លើ​ការងារ​បច្ចេកទេស​ប្រកួត ។

តាម​ការ​កត់សម្គាល់​របស់​លោក​វ៉ា​ត់ ចំរើន គឺ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ កំណើន​ភ្ញៀវ​បរទេស​ដែល​មក​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​សៀមរាប​អង្គរ មានការ​កើនឡើង​យ៉ាង​ខ្លាំង បើ​ទោះជា​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​តម្រូវ​ឱ្យ​បង់ប្រាក់​ចូលរួម​ប្រកួត​ច្រើន​យ៉ាងណា​ក៏​ដោយ ។ កត្តា​ទាំងនេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រាសាទអង្គរវត្ត​ខ្មែរ​យើង​បាន​និង​កំពុង​ត្រូវ​បាន​គេ​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក ។ ក្រសួងទេសចរណ៍​ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អូស​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ចូល​មក​លេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ខិតខំ​រៀបចំ​ឱ្យ​មានកម្ម​វិធី​កម្សាន្ដ​ជា​ហូរហែ​នៅ​តាម​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​របស់​កម្ពុជា​ជា​ច្រើន​កន្លែង​ដែល​ពី​មុន​មិន​ដែល​មាន​ទាល់តែ​សោះ ។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​លេង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ៕