ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​មួយ​រូប​ច្រានចោល​ថា លោក កឹ​ម សុខា នៅ​ក្រោយខ្នង​នៃ​ការ​បង្កើត​គណបក្ស​ថ្មី​មួយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក ចាន់ ចេ​ន មេធាវី​មួយ​រូប​របស់​អ្នកនយោបាយ​ខ្មែរ លោក កឹ​ម សុខា បាន​លើក​ឡើង​ថា កូនក្តី​របស់​លោក មិនមែន​ជា​អ្នក​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដែល​ក្រសួងមហាផ្ទៃ​ទើប​ចុះបញ្ជី​ទទួលស្គាល់​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ លោក ចាន់ ចេ​ន មេធាវី​មួយ​រូប​របស់​អ្នកនយោបាយ​ខ្មែរ លោក កឹ​ម សុខា បាន​លើក​ឡើង​ថា កូនក្តី​របស់​លោក មិនមែន​ជា​អ្នក​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដែល​ក្រសួងមហាផ្ទៃ​ទើប​ចុះបញ្ជី​ទទួលស្គាល់​នោះ​ទេ ។

លោក ចាន់ ចេ​ន ដែល​គេ​ស្គាល់​ច្បាស់​ជា​មេធាវី​ការពារ លោក កឹ​ម សុខា កន្លង​មក បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គា​រ៍ ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ នេះ ចោទប្រកាន់​ថា ឈ្មោះ​លោក កឹ​ម សុខា កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​គណបក្ស​នយោបាយ​ថ្មី​មួយ ដើម្បី​អូស​ទាញ បញ្ចុះបញ្ចូល​អ្នកគាំទ្រ​អតីត​សង្គ្រោះ​ជាតិ​ចូលរួម​ជ្រកកោន​ក្នុង​គណបក្ស​របស់​ពួក​គេ ។

លោក​មេធាវី រូប​នេះ​បាន​លើក​ឡើង​ថា «​នៅ​អំឡុង​ពេល​នេះ អស់លោក​ដែល​បង្កើត​បក្ស​ថ្មី «​គណបក្ស​បេះដូង​ជាតិ​» បាន​ទៅ​ដល់​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ បន្ទាយ​មាន​ជ័យ និង​ខេត្ត​មួយ​ចំនួន​ទៀត ។ ដើម្បី​សម្រេច​បាន​មហិច្ឆតា​របស់​ក្រុម​ខ្លួន អស់លោក​ទាំងនោះ​បាន​និយាយ​បញ្ចុះបញ្ចូល​អ្នកគាំទ្រ​អតីត​សង្គ្រោះ​ជាតិ​ថា បក្ស​របស់​ក្រុម​ខ្លួន​នេះ គឺ​ឯកឧត្តម កឹ​ម សុខា ឲ្យ​បង្កើត ឯកឧត្តម កឹ​ម សុខា នៅ​ពីក្រោយ​ខ្នង ឯកឧត្តម កឹ​ម សុខា បាន​បើកភ្លើង​ខៀវ​ហើយ … ។​ល ។​»

លោក ចាន់ ចេ​ន បាន​បន្ត​ថា «​ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ និង​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ភាន់ច្រឡំ ចាញ់បោក​ការ​អូស​ទាញ​របស់​អស់​លោក​ទាំង​អស់នោះ ខ្ញុំ​សូម​បញ្ជាក់​សារ​ជា​ថ្មី​ថា ឯកឧត្តម កឹ​ម សុខា តាម​រយៈ​មេធាវី​នា​ពេល​កន្លង​មក បាន​ចេញ​សេចក្តី​ថ្លែង​ការ ហើយ​បាន​ផ្សាយ​ជា​សាធារណៈ​ជា​ច្រើន​លើក ច្រើន​សារ​មក​ហើយ​ថា ឯកឧត្តម កឹ​ម សុខា មិន​គាំទ្រ​ក្រុម​ណាមួយ​ឲ្យ​បង្កើត​បក្ស​ថ្មី ហើយ​ក៏​មិន​ដែល​នៅ​ពីក្រោយ​ខ្នង​ក្រុម​ណាមួយ​ដែរ ហើយ​ពេល​នេះ​ក៏​ដូច​គ្នា ដែរ​» ។

ព្រម​ជាមួយ​គ្នា​នោះ លោក​បាន​អំពាវនាវ​ថា «​សូម​បងប្អូន​យើង​នៅ​មូលដ្ឋាន​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល កុំ​ចាញ់បោក​អស់លោក​ទាំងនោះ​ឲ្យ​សោះ ព្រោះ​វា​មិនមែន​ជា​ការ​ពិត​នោះ​ទេ សូម​អស់លោក​ឈប់​ប្រើ​ស្នៀត​របៀប​នេះ​តទៅ​ទៀត​ទៅ ព្រោះ​អ្នកគាំទ្រ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ បានដឹង​អស់ហើយ » ។

សូម​បញ្ជាក់​ថា លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង​កំពុង​ជាប់​បណ្តឹង​ជា​ច្រើន​នៅ​តុលាការ​នោះ ទើប​ឈាន​ចូល​វ័យ ៦៩​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១​នេះ ។ លោក​បាន​ប្រកាស​ថា អ្វី​ដែល​លោក​ធ្លាប់​សន្យា​គឺ​លោក​នឹង​បន្ត​ធ្វើ​ដដែល ហើយ​លោក​អះអាង​ថា «​ខ្ញុំ​នៅ​តែ​ហ៊ាន​សន្យា​ជាមួយ​ជនរួមជាតិ​ខ្មែរ​នោះ​គឺ ៖ «​ខ្ញុំ​កឹ​ម សុខា មិន​ក្បត់ជាតិ មិន​ក្បត់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ និង​មិន​បោះបង់​ចោល​មាតុភូមិ​កម្ពុជា​ជាទី​ស្រឡាញ់​របស់​យើងខ្ញុំ​ជា​ដាច់ខាត​»​។

សូម​រម្លឹក​ថា ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត​ឲ្យ​មានការ​បង្កើត​គណបក្ស​ថ្មី​មួយទៀត ដែល​មានឈ្មោះ​ថា គណបក្ស​បេះដូង​ជាតិ កាល​ពី​ស​ប្តា​ហ៍​មុន ក្រោយ​ពី​មានការ​ស្នើ​សុំ​បង្កើត​បក្ស​នេះ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ ២០២២ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០២៣​។ យ៉ាងណាមិញ លោក​សៀម ភ្លុក ដែល​ជា​តំណាង​ស្ថាបនិក​អាច​បង្កើត​គណបក្ស​បេះដូង​ជាតិ មិន​អាច​ទាក់ទង​បាន​ទេ​នា​ថ្ងៃ​ទី ២៩ មិថុនា ជុំវិញ​ការ​ចោទប្រកាន់​របស់​មេធាវី លោក កឹ​ម សុខា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ