ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដេច​អុកចត្រង្គ ឈាវ បូ​រ៉ា ប្រកាស​រៀប​ការ​ក្រោយ​ភ្ជាប់ពាក្យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ពិធី​ភ្ជាប់ពាក្យ​ជា​លក្ខណៈ​គ្រួសារ​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០១៥ កីឡាករ​ល្បីឈ្មោះ​ផ្នែក​អុកចត្រង្គ លោក​ឈាវ បូ​រ៉ា បាន​ប្រាប់​កោះសន្ដិភាព​ថា លោក​នឹង​រៀប​ការ​នៅ​ដើមឆ្នាំ​២០១៦​នេះ​ហើយ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ពិធី​ភ្ជាប់ពាក្យ​ជា​លក្ខណៈ​គ្រួសារ​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០១៥ កីឡាករ​ល្បីឈ្មោះ​ផ្នែក​អុកចត្រង្គ លោក​ឈាវ បូ​រ៉ា បាន​ប្រាប់​កោះសន្ដិភាព​ថា លោក​នឹង​រៀប​ការ​នៅ​ដើមឆ្នាំ​២០១៦​នេះ​ហើយ គឺ​ជ្រើស​យក​កាលបរិច្ឆេទ​មុន​ថ្ងៃ​រៀប​ការ​របស់​កីឡាករ ឡុ​ង សុ​ភី នោះ​ទៅ​ទៀត​។ អ្វី​ដែល​គួរ​កត់សម្គាល់ គឺ​គូ​ដណ្ដឹង​ជា​អនាគត​ភរិយា​របស់​លោក ក្រៅពី​ជានា​រី​វ័យក្មេង​ដ៏​ស្រស់​ស្អាត​ក៏​ជា​ម្ចាស់​ហាង​កាហ្វេ​ដែល​មាន​ជីវ​ភាពរឹងមាំ​ផង​ដែរ​។

ឈាវ បូ​រ៉ា និយាយ​ថា មុន​ឈាន​ដល់​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្ដឹង​រវាង​លោក និង​នាង​បាន​សិក្សា​ស្វែង​យល់ចិត្ត​គ្នា​ប្រមាណ​ជា​៤​ឆ្នាំ​មក​ហើយ គឺ​តាំងពី​ពេល​ដែល​លោក​មិន​ទាន់​ប្រឡូក​អាជីព​ជា​កីឡាករ​លេងអុក​នោះ​ទៅ​ទៀត ។ លោក​បាន​ស្គាល់​នាង ដោយសារ​តែ​នាង​គឺ​ម្ចាស់​ហាង​កាហ្វេ​ឈ្មោះ​«​កាហ្វេ​ស្រី​អូន​»​ដែល​ស្ថិត​នៅ​ម្ដុំ​បុរី​កីឡា វិទ្យាល័យ​បាក់​ទូក ក្នុង​ពេល​ដែល​លោក​ឧស្សាហ៍​ទៅ​សម្ងំ​លេងអុក​ដើម្បី​ហ្វឹកហាត់​ជំនាញ​មុន​សម្រេច​ចូល​ប្រឡង​កីឡា​អុកចត្រង្គ​ថ្នាក់​ប្រទេស ។ លោក​ថា គូ​ដណ្ដឹង​របស់​ខ្លួន គឺជា​និស្សិត​ផង និង​ជា​ម្ចាស់​ហាង​កាហ្វេ​ផង ដែល​បាន​បើកមុខ​របរ​នេះ​ច្រើន​ឆ្នាំ​មក​ហើយ ក្រោម​ការ​ជ្រោមជ្រែង​ពី​សំណាក់​ឪពុក​ម្ដាយ​របស់​នាង​ដែល​ជា​អ្នក​រកស៊ី​។

នាង​បាន​ស្រឡាញ់​ពេញចិត្ត​លោក​ដោយ​ចិត្ត​និង​ចិត្ត ហើយដោយ​មានការ​ឯកភាព​ពី​សំណាក់​ចាស់ទុំ ទើប​ពិធី​ភ្ជាប់ពាក្យ​របស់​លោក និង​នាង​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ចុងខែ​វិច្ឆិកា ដោយនៅ​សល់​ត្រឹមតែ​មួយ​ខែ​គត់ គឺ​នឹង​ដល់​ថ្ងៃ​រៀប​ការ ។ លោក​ថា ចាស់ទុំ​បាន​ជ្រើស​យក​ថ្ងៃ​ទី​៣ ខែមករា ដើមឆ្នាំ​២០១៦ ដើម្បី​រៀប​ការ ដោយសារ​តែ​ការ​មើល​វេលា​គឺ​ល្អ​នៅ​ក្នុង​ថ្ងៃ​ហ្នឹង​ជា​ជាង​ថ្ងៃខែ​ផ្សេង​។ ម្យ៉ាង​មក​ពី លោក និង​នាង​មិន​ចង់​ទុក​ពេល​យូរ​ក្រោយ​ពី​បាន​ភ្ជាប់ពាក្យ​នោះ​ផង ទើប​សម្រេច​ចូល​រោង​ភ្លាម​ៗ ក្រោយ​ពី​បាន​បំពាក់​ចិញ្ចៀន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​គូ​ដណ្ដឹង ។

ស្ដេច​អុកចត្រង្គ​ឈាវ បូ​រ៉ា បញ្ជាក់​ថា គូស្នេហ៍​របស់​ខ្លួន​មានឈ្មោះ​ថា ហ៊ា​ង ទិ​ត្យ​បុស្បា មាន​អាយុ​២២​ឆ្នាំ ជា​កូន​អ្នក​ខេត្តព្រៃវែង ដែល​បាន​មក​រស់នៅ​ភ្នំពេញ​យូរ​ឆ្នាំ​មក​ហើយ​។ លោក​ថា រវាង​លោក និង​នាង​គឺ​បាន​ភ្ជាប់​គ្នា​ដោយសារ​តែ​កេរ្តិ៍ឈ្មោះ​របស់​លោក​ដែល​បាន​ក្លាយជា​ស្ដេច​អុកចត្រង្គ​ប្រចាំ​ប្រទេស​កម្ពុជា ។  លោក​ថា​មិន​មាន​ចំណូលចិត្ត​បង្ហាត់បង្រៀន​ឲ្យ​អនាគត​ភរិយា​ចេះ​លេងអុក​ដើម្បី​អាច​ជួយ​បង្ហាត់​សិស្ស ឬ​ជួយ​រៀប​ចំការ​បង្វឹក​របស់​ខ្លួន​នោះ​ទេ ដោយសារ​តែ​នាង​ក៏​មិន​មាន​ចំណូលចិត្ត​ហើយ​ក៏​មាន​កិច្ចការផ្ទាល់ខ្លួន​ធ្វើ​ដែរ ។ លោក​និយាយ​ថា​៖ «​គូ​ដណ្ដឹង​ខ្ញុំ គាត់​ស្រឡាញ់​ខ្ញុំ​រឿង​ខ្ញុំ​ចេះ​លេងអុក ប៉ុន្តែ​គាត់​អត់​ចង់​ចេះ​អាហ្នឹង​ទេ ហើយ​ខ្ញុំ​ក៏​មិន​អាច​ទៅ​បង្រៀន​គាត់​ដើម្បី​ឱ្យ​គាត់​មក​ជួយ​ខ្ញុំ​អី​ដែរ គឺ​ខ្ញុំ​សុខចិត្ត​បង្រៀន​សិស្ស​ដែល​ចង់​ចេះ ហើយ​មក​ជួយ​ក្នុង​ពេល​ខ្ញុំ​បង្ហាត់​សិស្ស​វិញ​!»​។

លោក​អះអាង​ថា មក​ទល់​ពេល​នេះ លោក​បាន​ដំណើរការ​បង្រៀន​សិស្ស​លើ​ផ្នែក​កីឡា​អុក​បាន​ប្រមាណ​ជា​៣០​នាក់​ហើយ​សម្រាប់​ការ​បង្រៀន​នៅ​វគ្គ​បើក​ឆាក ។ លោក​នឹង​បន្ថែម​ម៉ោង​បង្រៀន​នៅ​វគ្គ​ផ្សេង​ទៀត​នៅ​ពេល​គៀរគរ​បានកូន​សិស្ស​ថ្មី​ៗ​ឱ្យ​ចូល​មក​រៀន​បន្ថែម​ទៀត​។ លោក​និយាយ​ថា​៖ «​ឥឡូវ​ហ្នឹង​ខ្ញុំ​បើក​បង្រៀន​អុក​ទើបតែ​បាន​មួយ​វគ្គ​ទេ លុះដល់​ខ្ញុំ​ការ​ហើយ​ទើប​ខ្ញុំ​បើក​វគ្គ​ថ្មី​បន្ថែម​ទៀត ព្រោះ​មួយ​រយៈ​ហ្នឹង​មាន​គេ​ចាប់អារម្មណ៍​ចង់​រៀន​ច្រើន​ហើយ​!»​។ លោក​អះអាង​ថា នឹង​ចាប់​អាជីព​៣​មិន​កែប្រែ​ជំហរ​នោះ​ទេ គឺ​ធ្វើ​ជា​កីឡាករ​អុក បើក​បង្រៀន និង​ធ្វើ​ជា​អ្នក​គូរ​ប្លង់​ដែល​លោក​ខំតស៊ូ​រៀន​កន្លង​មក ។ ចំណែក​អនាគត​ភរិយា​របស់​លោក គឺ​នឹង​ពង្រឹង​អាជីព​បើកហាង​កាហ្វេ​ជា​ធម្មតា ដើម្បី​ស្វះ​ស្វែងរក​ប្រាក់​រៀងខ្លួន​ក្រោយ​ពេល​រៀប​ការ​រួច ។ មង្គលការ​របស់​លោក​នឹង​ធ្វើ​ឡើង​ចំនួន​៤០​តុ នៅ​មជ្ឈមណ្ឌល​ម៉ូ​ដែន​២ ដោយ​គ្រោង​ចំណាយ​ប្រាក់​រៀបចំ​ឱ្យ​បាន​ធំដុំ​ផង​ដែរ បើ​ទោះជា​មិន​បាន​ធំដុំ​ដូច​មង្គលការ​របស់​អ្នកមាន​ទ្រព្យ​ស្ដុក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​ឈាវ បូ​រ៉ា អាយុ​២៦​ឆ្នាំ គឺជា​កីឡាករ​ល្បីឈ្មោះ​ផ្នែក​អុក បន្ទាប់​ពី​ឈ្នះ​ជើងឯក​សេ្ដ​ច​អុកចត្រង្គ​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​២​ឆ្នាំ​ជាប់​គ្នា​កាល​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៤ និង​២០១៥​មុន​នេះ ។ លោក​ក៏​ជា​ក្មេង​ដែល​មានការ​តស៊ូ​គួរ​ឲ្យ​សរសើរ​ផង​ដែរ ទម្រាំ​មានឈ្មោះ​បោះ​សំឡេង​ក្លាយជា​បុគ្គល​ដែល​ជោគជ័យ​ម្នាក់​ទាំង​ការ​សិក្សា ទាំង​ការ​លេងអុក​រហូត​យក​ធ្វើ​ជា​អាជីព និង​ជីវិត​ស្នេហា​នា​ពេល​ចុង​ក្រោយ​។ លោក​ត្រូវ​គេ​ដឹង​ថា បាន​ពឹង​អាស្រ័យ​នៅ​វត្ត​នាគ​វ័ន​ជាមួយ​ឪពុកធំ​ដែល​បួស​ជា​សង្ឃ​និង​ជា​អ្នក​ចិញ្ចឹម​ផ្ចុងផ្ដើម​ឱ្យ​រៀន​បន្ទាប់​ពី​ជីវភាព​គ្រួសារ​របស់​លោក​នៅ​ខេត្តកំពង់ចាម​កាលពី​អតីតកាល​មិនសូវ​ល្អ​ប្រសើរ ។

លោក​បាន​ថ្លែង​រំលឹក​ថា​៖ «​បើ​កុំ​តែ​បាន​លោក​អ៊ំ ប្រហែលជា​ខ្ញុំ​មិន​បាន​មក​រៀន​នៅ​ភ្នំពេញ​ទេ ហើយ​ក៏​មិន​បាន​មក​ធ្វើ​ជា​អ្នក​លេងអុក​ល្បីឈ្មោះ​អី​ដែរ អ​ញ្ចឹ​ង​ហើយ​ទើប​ខ្ញុំ​យល់​ថា​ខ្លួន​ជោគជ័យ​ពេល​នេះ គឺ​ដោយសារ​តែ​បាន​បាយ​វត្ត​!» ។ ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ លោក​ថា​នឹង​ត្រៀមខ្លួន​ចូល​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ដោយ​លោក​រំពឹង​ថា តម្រូវការ​បេក្ខជន​ដើម្បី​ឲ្យ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​ជួយ​ឱ្យ​លោក​ទទួល​បាន​សិស្ស​ច្រើន​ក្នុង​ការ​បើក​បង្រៀន​លេងអុក​ក្រោយ​ពេល​រៀប​ការ​នោះ​ផង ៕