ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​៣ករណី​ស្លាប់​​៣នាក់​របួស៣​​នាក់​នៅកំពង់​ចាម

15 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ទោះបីជាច្បាប់​ចរាចរណ៍​​ផ្លូវ​គោកត្រូវបានរឹតបន្តឹងយ៉ាងណាក្តី​​ ក៏គេ​សង្កេត​ឃើញអ្នកបើកបរមួយចំនួននៅតែមិន​គោរព​ច្បាប់ដដែល​ធ្វើ​ឱ្យ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​កើត​មាន​ឡើង​​ឥតឈប់​ឈរ​​បង្កឱ្យ​មាន​មនុស្ស​​ស្លាប់​​និង​របួស​​យ៉ាង​ច្រើន​។ ជាក់​ស្តែង​​ឧប្បត្តិ​ហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើត​ឡើង​ចំនួន៣ករណីនៅស្រុកអូររាំងឪ ស្រុកកំពង់​សៀមនិងក្រុងកំពង់ចាម បានឆក់យកអាយុ​ជីវិតប្រជាពលរដ្ឋអស់ចំនួន៣នាក់និងរង​របួស​ធ្ងន់ចំនួន៣នាក់ ត្រូវបាននាំមក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបង្អែកខេត្ត និងគ្លីនិកឯកជនផងដែរ។

ចំពោះករណីគ្រោះថ្នាក់ទី១ ត្រូវបាន​លោក​អនុសេនីយ៍ឯកញ៉ែម សុខុម អធិការ​នគរ​បាល​ស្រុកអូររាំងឪបានឱ្យដឹងថា​ កើតឡើង​កាលពី​វេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៣ មីនា ២០១១ នៅត្រង់ចំណុចភូមិលេខ៤ ឃុំអំពិល​ តាពក ស្រុកអូររាំងឪ រវាងម៉ូតូសេ១២៥ ពណ៌​ខ្មៅ​ ​ពាក់​​ស្លាកលេខកំពង់ចាម 1D-7008 និងរថយន្ត ម៉ាក FUSO បណ្តាលឱ្យ២នាក់ប្តី​ប្រពន្ធ​ស្លាប់​ជាបន្តបន្ទាប់ ។

លោកអធិការបាន​ប្រាប់បន្តថា រថយន្តនេះ​ជាកម្ម​សិទ្ធិ​របស់​ឈ្មោះ​ងិន ធុក ភេទប្រុស អាយុ​៥៨ឆ្នាំ រស់នៅភូមិលេខ១ ឃុំគងជ័យ ស្រុកអូរ​រាំងឪ បានឈប់ចតនៅលើផ្លូវថ្នល់ព្រោះតែ​ខូច។ នៅវេលាម៉ោងខាងលើជនរងគ្រោះ​២នាក់ប្តី​ប្រពន្ធ​បាន​ជិះម៉ូតូក្នុងទិសដៅពីជើងមកត្បូងក៏​បានបុក​រថយន្ត​នោះ​ពីក្រោយយ៉ាងពេញទំហឹង​តែម្តង​បណ្តាលឱ្យបុរសជាប្តីឈ្មោះគីន​ ឃុន​ឡាក់ អាយុ២៦ឆ្នាំ រស់នៅភូមិព្រីង ឃុំចក ស្រុក​​អូររាំងឪស្លាប់ភ្លាមៗនៅ​នឹង​កន្លែង​ ឯស្រ្តីជា​ប្រពន្ធ​ឈ្មោះ ទ្រី គឹមលាង អាយុ២៤ឆ្នាំ ដែល​អង្គុយពី​​ក្រោយរងរបួសជាទម្ងន់ត្រូវបាន​សាច់ ញាតិ​នាំទៅសង្គ្រោះ​នៅមន្ទីរពេទ្យ ប៉ុន្តែ​ជា​​អកុសល​​​​ស្ត្រី​​នោះ​ក៏​បានស្លាប់ដែរ ។

​ករណី​​គ្រោះ​ថ្នាក់​​ទី២​ ត្រូវ​បាន​លោកងិន ហេង ប្រធាននគរបាលចរាចរ​ស្រុកកំពង់សៀម​ប្រាប់ថា កើត​ឡើង​កាលពី​​វេលា​​ម៉ោង​​៨​និង​៣០​នាទី​​​យប់​ថ្ងៃទី​​២៣ មីនា ខណៈមានម៉ូតូម៉ាកសេ​១២៥ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខកំពង់​ចាម1C-2334 បើកបរដោយឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ឌុបឈ្មោះស៊ន ចាន់​រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអណ្តូង​ច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ក្នុង​ទិស​ដៅ​ពីលិច មកកើត។ ពេល​ជិះ​មកដល់ភូមិអំពិល​​ក្រោម​ ឃុំ អំពិល ស្រុកកំពង់សៀម ​ស្រប​ពេល​មេឃធ្លាក់ ភ្លៀង​ផងនោះ ស្រាប់តែមានរថយន្ត​មិនស្គាល់ ម៉ាកបានមកបុកម៉ូតូ​​ជន​រងគ្រោះ​ពី​ក្រោយពេញ​ទំហឹង​ បណ្តាលឱ្យអ្នកជិះខាង​ក្រោយដួលបោក ក្បាលទៅនឹង​ថ្នល់ស្លាប់ភ្លាម​​នៅ​នឹង​កន្លែង​ ឯអ្នក ឌុបបាន​រងរបួសធ្ងន់។ ​ក្រោយ​ពី​បង្ក​ហេតុ​​រថ​យន្ត បានបើករត់គេចបាត់ ។

ចំណែកលោកស៊ាម យូសេង ប្រធាននគរ​បាលចរាចរនៃអធិការដ្ឋានក្រុងកំពង់ចាមវិញ​បានប្រាប់ឱ្យដឹងដែរថា នៅលើកំណាត់ផ្លូវ​ជាតិ​លេខ៧ ស្ថិតនៅភូមិទី៥ សង្កាត់វាលវង់ ក្រុង​កំពង់​ចាម មានករណី​គ្រោះ​ថ្នាក់ចរាចរណ៍មួយ​បានកើតឡើងនៅវេលា​ម៉ោង៥និង៥០នាទីល្ងាច​ថ្ងៃទី២៤ មីនា ។ មុន​ពេល​កើត​ហេតុ​មាន​​បុរស​​-​ស្ត្រី​​២​នាក់​​ជាគូ​ស្នេហ៍​​បាន​ជិះ​​​ម៉ូតូម៉ាកស្មាស់រីវ៉ូ១គ្រឿងឌុបគ្នា​ដោយ​​មិនពាក់មួកសុវត្ថិភាព​ទាំង២នាក់​ ក្នុងទិសដៅ​ពីកើតមកលិចក្នុង​ល្បឿន​លឿន បានទៅបុកកន្ទុយរថយន្តស្ទូច១គ្រឿង​មិន​ស្គាល់ម៉ាកនៅត្រង់ផ្លូវបំបែកជាបួន ពេលរថ​យន្ត​​នោះ​បើកចេញពីលិចមកកើតរួចបត់ឡើង​មកទិស​ខាងជើង។ ក្នុង​ហេតុការណ៍​​នេះ​បណ្តាល​ឱ្យ​គូស្នេហ៍​ទាំង​២នាក់រងរបួសធ្ងន់រហូតដល់​សន្លប់​នៅ​នឹង​​កន្លែង​  រីឯរថយន្តវិញបានបើក​រត់​គេចបាត់​ស្រមោល​ ៕