ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ចាត់​ការ​គយ​រាជ​ធានីភ្នំពេញ​​ចុះ​ចាប់​ប្រេង​រំអិល​ម៉ាក EXEL សង្ស័យ​គេច​ពន្ធ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រេង​រំអិល​ចំនួន​២៩៦​ធុង​សាំង​ត្រូវបាន​ក្រុម​សមត្ថ​កិច្ច​គយ​ចុះ​ត្រួត​ពិនិត្យ​​នៅ​កន្លែង​​ស្តុក​ដ៏​ធំ​មួយ​នៅ​ផ្ទះ​លេខ​២៦៥ ផ្លូវ​១៨៣ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន នា​​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០១១​ដើម្បី​ត្រួតពិនិត្យ​ពី​បញ្ហា​​មិន​បង់​ពន្ធ​នាំ​ចូល​ជូន​រដ្ឋ ។ ​កិច្ច​ប្រតិ​បត្តិ​ការ​នេះ​ក៏​មាន​ការ​​ចូលរួម​​​ពីតំណាង​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ផង​ដែរ ។

តាម​ប្រភព​ព័ត៌​មាន​មួយ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ប្រេង​​រំអិល​ខាង​លើ​នេះ នាំចូល​មក​ស្រុក​ខ្មែរ​​ពី​​ប្រទេស​វៀត​ណាម ដោយ​ពុំ​​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ឡើយ។ ​ប្រភព​ដដែល​បាន​បន្ត​ថា ​មូល​ហេតុ​ដែល​ប្រេង​​រំអិល​ទាំង​២៩៦​ធុង​​ចូល​ក្នុងរាជ​ធានីភ្នំពេញ បាន​គឺ​តាម​រយៈ​ការ​ដឹក​ជញ្ជូន​ដោយ​រថយន្ត​​ដែល​មាន​ស្លាក​លេខ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ។ ប្រភព​មួយ​ទៀត​បាន​និយាយ​ថា ឈ្មួញ​នាំចូល​​បាន​បន្លំ​ភ្នែក​ភ្នាក់​ងារ​គយ​នៅច្រក​ព្រំ​ដែន។

តាម​ប្រភព​ពី​​មន្ត្រី​គយ​ដែល​ចុះ​​ប្រតិ​បត្តិ​ការ​ត្រួត​ពិនិត្យ​ឃ្លាំង​ស្តុក​​ប្រេង​ខាង​លើ​នេះ​បាន​​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​​គ្រាន់​តែ​មាន​ការ​សង្ស័យ​ទៅ​លើ​ប្រភេទ​ប្រេង​រំអិល​ខ្លះ​ពុំ​​បាន​បង់​ពន្ធ​ជូន​រដ្ឋ​តែ​ប៉ុណ្ណោះ គឺ​ពុំ​ទាន់​​កំណត់​ថា ​ប្រេង​រំអិល​ទាំង​អស់​​នោះ​សុទ្ធ​តែ​ពុំ​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ឡើយ ។ មន្ត្រី​ដដែល​​បន្ត​​ថា បញ្ហា​ដែល​​ប្រេង​រំអិល​ខ្លះ​មាន​បង់​ពន្ធ​ជូន​រដ្ឋ​ ហើយ​ខ្លះ​​ទៀត​គ្មាន​​​​ពន្ធ​​នោះ គឺ​អាស្រ័យ​​ទៅ​លើ​ការ​ផ្ទៀង​ផ្ទាត់​​គ្នា​ពេល​ក្រោយ​តែ​ប៉ុណ្ណោះ។ ​ប៉ុន្តែ​​បើ​តាម​ការ​​ពិនិត្យ​ជាក់​ស្តែង​វិញ​​នោះ គេពុំ​បាន​ឃើញ​ប្រេង​រំអិល​ទាំង​២៩៦​ធុង​សាំង​នោះ​មាន​​បិទ​តែម​​បង់​ពន្ធ​នាំ​ចូល​ឡើយ។ ប្រភព​ក្រៅ​ផ្លូវ​ការ​មួយ​បង្ហើប​ឱ្យ​​ដឹង​ថា ប្រេង​រំអិល​ទាំងអស់​ខាង​លើ​ គឺ​គ្មាន​​បង់​ពន្ធ​ជូន​រដ្ឋ​ទាំង​អស់​តែ​ម្តង។ ពុំ​មាន​ប្រភព​ព័ត៌​មាន​ណា​មួយ​បញ្ជាក់​ថា​ ម្ចាស់​ទីតាំង​ខាង​លើ​នេះ​ជា​នរណា​ឡើយ ៕