ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍ MMA លើក​ទី​2 នៅ​កម្ពុជា​ពង្រីក​សកម្មភាព​មុន​ប្រកួត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រោយ​បញ្ចប់​វេទិកា​សន្និសីទកាសែត​កាលពី​ថ្ងៃ​៥​វិច្ឆិកា​កន្លង​ទៅ អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង​របស់​One FC កាន់តែ​ពង្រីក​សម្មភាព​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ​ទ្វេ​ដង ដើម្បី​ឲ្យ​ការ​រៀបចំ​លើក​ទី​២

រាជធានី​ភ្នំពេញ​៖ ក្រោយ​បញ្ចប់​វេទិកា​សន្និសីទកាសែត​កាលពី​ថ្ងៃ​៥​វិច្ឆិកា​កន្លង​ទៅ អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង​របស់​One FC កាន់តែ​ពង្រីក​សម្មភាព​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ​ទ្វេ​ដង ដើម្បី​ឲ្យ​ការ​រៀបចំ​លើក​ទី​២ នៅ​ថ្ងៃ​ទី​៥ ខែធ្នូ​ខាង​មុខ ទទួល​បាន​ជោគជ័យ​ពេញទំហឹង ទាំង​កីឡាករ​កម្ពុជា និង​ព្រឹត្តិការណ៍​ទាំងមូល​។ មន្ត្រី​គម្រោង​​បាន​អះអាង​ថា ចាប់ពី​ដើមខែ​នេះ​តទៅ ព្រឹត្តិការណ៍​MMA នឹង​ធ្វើ​សកម្មភាព​ជាប់ដៃ​រហូត គឺ​រហូត​ដល់​ថ្ងៃ​ប្រកួត​ទើប​បញ្ចប់​សកម្មភាព ដើម្បី​ឱ្យ​មានការ​ចាប់អារម្មណ៍​លើស​ពី​ការ​រៀបចំ​លើក​ទី​១ ដោយ​មិនមែន​គ្រាន់តែ​ធ្វើ​សន្និសីទកាសែត​មួយ​លើក ហើយ​ក៏​ប្រកួត​នោះ​ទេ ។

លោក Victor Cui នាយក​ប្រតិបត្តិ​របស់ One Championship បាន​ថ្លែងប្រាប់​ថា ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​មួយ​ដែល​មានការ​គាំទ្រ​កីឡាប្រដាល់​ចម្រុះ​ដាក់​ទ្រុង មិន​ចាញ់​បណ្ដា​ប្រទេស​ដែល​មាន​កីឡា​ប្រភេទ​នេះ​រីក​ចម្រើន​នោះ​ទេ ។ ជាក់ស្ដែង ការ​រៀបចំ​ព្រឹត្តិការណ៍ MMA កាលពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៤ ដែល One FC បាន​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​១ ហើយ​ទទួល​បាន​ជោគជ័យ គឺជា​ហេតុផល​ដែល​ជំរុញ​ឱ្យ​ក្រុមការងារ​សម្រេច​មក​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ទី​២​ទៀត​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ នា​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ។ កីឡាករ​កីឡាការិនី​កម្ពុជា​ចំនួន​៨​រូប នឹង​ត្រូវ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ ។

ក្នុង​នោះ​រួម​មាន កីឡាករ​ចាន់ រតនា កីឡាករ​ចាន់ រាជ កីឡាករ​សំអាង ឌុន កីឡាការិនី​សំ ថា​រ័​ត្ន កីឡាការិនី​វី ស្រី​ឆាយ កីឡាការិនី​អេ យ៉ា​នុ​ត កីឡាករ​ចាន់ ហេង និង​កីឡាករ​មាស ម៉ើ ជាដើម​។ ក្រៅពី​វត្តមាន​របស់​កីឡាករ​-​កីឡាការិនី​កម្ពុជា ជើង​ខ្លាំង​មក​ពី​បរទេស​ដែល One FC សម្រិតសម្រាំង​ឡើង ក៏​នឹង​បង្ហាញ​ថ្វីដៃ​នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​នោះ​ផង​ដែរ​។

ជាក់ស្ដែង​កីឡាករ​ជនជាតិ​ឥណ្ឌា JeetToshi កីឡាករ​រុ​ស្ស៊ី RasulYakhyaev​កីឡាករ​ថៃ AnatpongBunrad និង​កីឡាករ​ជប៉ុន Riku Shibuya គឺ​សុទ្ធតែ​ជា​ជើង​ខ្លាំង​របស់ MMA ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​វិស័យ​នេះ ជា​យូរ​មក​ហើយ​។ លោក​មាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ដែល​មាន​ទ្រង់ទ្រាយ​អន្តរជាតិ​នេះ​ឱ្យ​បាន​មួយ​ឆ្នាំ​ម្ដង​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​ថា វត្តមាន​របស់​MMA នៅ​កម្ពុជា​នឹង​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ចំណាប់អារម្មណ៍​ទ្វេ​ដង​ពី​ក្រុម​អ្នក​ចូល​ចិត្ត​កីឡា​ទាំង​អ្នក​ទស្សនា និង​អ្នក​ភ្នាល់​កីឡា ។ លោក​មិនដឹង​ពី​ទំហំ​ជោគជ័យ​នឹង​មាន​កម្រិត​ណា​នោះ​ទេ សម្រាប់​ការ​រៀបចំ​ជា​លើក​ទី​២​នេះ​។

យ៉ាងណា​ក៏​ដោយ បើ​ទោះជា​មាន​លទ្ធផល​បែប​ណា ក៏​លោក​នៅ​តែ​ប្រកាន់​ជំហរ​រៀបចំ​ការ​ប្រកួត​នេះ​ឲ្យ​បាន​មួយ​ឆ្នាំ​ម្ដង​យ៉ាងតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ដែរ ដើម្បី​ពង្រីក​ទីផ្សារ​MMA របស់​One FC​។ ម្យ៉ាង​កម្ពុជា​ក៏​ជាទី​ផ្សារ​ចាប់អារម្មណ៍​ថ្មី​សន្លាង​សម្រាប់​ការ​ប្រដាល់​ដាក់​ទ្រុង ដោយសារ​តែ​កីឡាករ​កីឡាការិនី​ក៏​មាន​ធនធាន​ច្រើន ហើយ​ជនជាតិ​ខ្មែរ​ក៏​មាន​ក្បាច់គុន​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ស្រាប់ ដែល​មិន​ពិបាក​ក្នុង​ការ​ពង្រីក​ខ្លួន​នៅ​ក្នុង​វិស័យ​នេះ​។

លោក​មាន​ប្រសា​ន៍​ថា ៖«​ប្រសិនបើ​ការ​រៀបចំ​លើក​ទី​២​របស់​យើង​ទទួល​ជោគជ័យ នោះ One FC​អាច​ធ្វើ​ដល់​២-៣​លើក​ឯណោះ គឺ​មិនមែន​ត្រឹមតែ​ធ្វើ​ត្រឹម​១​ឆ្នាំ​ម្ដង ដូច​អ្វី​ដែល​យើង​កំពុង​គ្រោង​នេះ​ទេ​!» ។ លោក​អះអាង​ថា ការ​រៀបចំ​សម្រាប់​លើក​ទី​២​នេះ ធ្វើ​ឲ្យ​លោក​មាន​ជំនឿ​ចិត្ត​ភាគច្រើន​ពី​ទំហំ​ជោគជ័យ​។ ក្នុង​នោះ​សូ​ម្បី​កីឡាករ​កម្ពុ​ជាមួយ​ចំនួន ក៏​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ហ្វឹកហាត់​ប្រដាល់​ដាក់​ទ្រុង​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ឲ្យ​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ មិន​មាន​ចំណុច​អវិជ្ជមាន​កើតឡើង​នោះ​ផង​ដែរ​។ ក្ដី​សង្ឃឹម​នោះ គឺ​ដោយសារ​តែ​មុន​ការ​ប្រកួត​ចាប់ផ្ដើម គណៈ​កម្មការ​រៀបចំ​បាន​ធ្វើ​សកម្មភាព​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​ការ​ប្រដាល់​ដាក់​ទ្រុង​យ៉ាង​ខ្លាំងក្លា ដើម្បី​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាង​មុន​។ លោក​ថា ចាប់ពី​ថ្ងៃ​ទី​២ ធ្នូ​នេះ រហូត​ដល់​ថ្ងៃ​ប្រកួត សកម្មភាព​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​នឹង​ធ្វើ​យ៉ាង​ពេញទំហឹង ដូច​ជា​នៅ​ថ្ងៃនេះ មានការ​ជួបជុំ​បង្ហាញ​សមាសភាព​កីឡាករ និង​ពន្យល់​ពី​គោលបំណង​ក្នុង​ការ​រៀបចំ​នៅ​ក្នុង​បន្ទប់​តាំងពិព័រណ៍​របស់​ម៉ូតូ Pulsar ។ នៅ​ថ្ងៃ​ទី​៣ ធ្នូ​ស្អែក នឹង​មានការ​ផ្សព្វផ្សាយ​អម​ដោយ​ការ​ជប់លៀង​តាម​ទូក​របស់​One FC និង​នៅ​ថ្ងៃ​ទី​៤ ធ្នូ​ខាង​មុខ នឹង​មានការ​ជួបជុំ​ធំ​មួយទៀត​រវាង​កីឡាករ អ្នក​រៀបចំ និង​អ្នកគាំទ្រ នៅ​ថ្ងៃ​ថ្លឹង​ទម្ងន់ មុន​នឹង​ដល់​វិនាទី​ត្រូវ​ប្រកួត​។ លោក​ថា ចំណាយ​ចាត់ចែង​ទាំងនេះ គឺ​ប្រើ​កញ្ចប់​ថវិកា​អស់​ច្រើន ប៉ុន្តែ​វា​បាន​ចំណេញ​មក​វិញ​នូវ​ការ​ចាប់អារម្មណ៍ និង​ជួយ​ឱ្យ​វិស័យ​ប្រដាល់​ដាក់​ទ្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ជំហាន​ទៅ​មុខ​បាន​រហ័ស​។

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា វត្តមាន​របស់​MMA នៅ​កម្ពុជា​គឺ​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ច្រើន ជា​ពិសេស​គឺ​ជួយ​ឲ្យ​កីឡាករ​កីឡាការិនី​បាន​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ និង​ជួយ​ឲ្យ​បណ្ដា​ប្រទេស​កាន់តែ​ច្រើន​ស្គាល់​ពី​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​។ ជាក់ស្ដែង​ក្នុង​ពេល​កីឡាករ​ប្រដាល់ និង​កីឡាករ​ជំនាញ​កាន់តែ​ច្រើន​បង្កើន​ការ​ហ្វឹកហាត់​ផ្នែក​ប្រដាល់​ដាក់​ទ្រុង​បាន​ធ្វើ​ឱ្យ​កីឡា​ថ្មី​មួយ​នេះ មាន​កម្រិត​កើនឡើង​នៅ​កម្ពុជា​។

យ៉ាងណា​ក៏​ដោយ​លោក​ថា កីឡាប្រដាល់​ដាក់​ទ្រុង គឺជា​កីឡា​ដែល​អ្នក​រៀបចំ​ធ្វើ​ដើម្បី​ជំនួញ ទើប​វិញ្ញាសា​នេះ​បើ​ទោះជា​មានការ​រីក​ចម្រើន​ខ្លាំងក្លា ក៏​មិន​អាច​ក្លាយជា​វិញ្ញាសា​មួយ​សម្រាប់​ការ​ប្រកួត​កម្រិត​ជាតិ ឬ​ធ្វើ​ជា​វិញ្ញាសា​របស់​ស៊ី​ហ្គេ​ម​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​នោះ​ឡើយ​។ លោក​និយាយ​ថា ការ​ប្រដាល់​MMA ជា​កីឡា​ដែល​មានការ​ពេញ​និយម​នៅ​តំបន់​អាស៊ាន និង​ប្រទេស​មួយ​ចំនួន ។ សម្រាប់​កម្ពុជា​បើ​ទោះជា​សមាជិក​ដែល​ទើប​ចាប់អារម្មណ៍ ប៉ុន្តែ​សម្រាប់​ធនធាន​អ្នក​ប្រកួត គឺ​កម្ពុជា​មាន​គ្រប់គ្រាន់​មិន​ចាញ់​ប្រទេស​ដែល​មាន​កីឡា​នេះ​ជា​យូរ​មក​ហើយ​នោះ​ទេ ៕